ទេសរដ្ឋមន្ត្រី គន់ គីម និងលោកឧកញ៉ា លឹម ហេង អញ្ជើញកាន់បិណ្ឌវេនទី១២ នៅវត្តជយទឹកជុំ ហៅវត្តអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តឧត្តរមានជ័យ និងលោកឧកញ៉ា លឹម ហេង ព្រមទាំងមន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៤នេះ បានអញ្ជើញកាន់បិណ្ឌវេនទី១២ នៅវត្តជយទឹកជុំ ហៅវត្តអន្លង់វែង និងដាក់បិណ្ឌនៅវត្តចំនួន១៨ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
រំលេចថាប្រជាពុទ្ធបរិស័ទនៅទូទាំងប្រទេស ដែលគោរព ប្រតិបត្តិ ទំនៀមទំលាប់ ប្រកាន់ភ្ជាប់ ប្រពៃណី ព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗ ជារៀងរាល់ឆ្នាំនោះ សម្រាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ហើយសម្រាប់ឆ្នាំនេះ បិណ្ឌ១ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤។ ជារៀងរាល់ឆ្នាំនៅ ពេលដល់ ថ្ងៃ ខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេស ឪពុកម្ដាយ នៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតិការទាំង៧សណ្តាន រួមមាន មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧជ្ឈាយាចារ្យ បុព្វការីជន-បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ ហើយនោះសូមអញ្ជើញមកទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នា។
ក្នុងពិធីកាន់បិណ្ឌវេនទី១២ នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដើម្បីប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ទុកកសាងសមិទ្ធផលនានាក្នុងវត្ត វេរទេយ្យវត្ថុដល់ព្រះសង្ឃ ដើម្បី បង្សុកូល ឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និងញាតិកាទាំង ៧ សន្តាន ដែលចែកឋានទៅបរលោក ។
ក្នុងឱកាសនៃពិធីកាន់បិណ្ឌនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានឆ្លៀតសំណេះសំណាលជាមួយលោកយាយ លោកតា ដោយនាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំងសម្តេច មហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះព្រះសង្ឃ និងលោកយាយ លោកតានៅទូទាំងស្រុកអន្លង់វែង។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីបានថ្លែងទៅកាន់លោកយាយ លោកតា ដែលបានអញ្ជើញចូលរួមក្នុងពិធីនោះថា ប្រសិនបើគ្មានការដាក់ចេញ និងអនុវត្តន៍ដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ទេនោះ ច្បាស់ណាស់ថាពលរដ្ឋស្រុកអន្លង់វែង មិនអាចគោរពប្រណិប័តន៍ព្រះពុទ្ធសាសនា និងជំនឿសាសនាដទៃទៀតបានឡើយ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីមក៏បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋស្រុកអន្លង់វែង ដែលតែងតែជឿទុកចិត្ត និងគាំទ្រចំពោះការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ក៏បានសុំឱ្យប្រជាពលរដ្ឋជឿទុកចិត្តចំពោះការដឹកនាំរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត គឺសម្តេចនឹងដឹកនាំកម្ពុជាពុះពារជម្នះគ្រប់ឧបសគ្គទាំងអស់ ដើម្បីឆ្ពោះទៅរកវឌ្ឍនភាព និងការអភិវឌ្ឍ៕