ធនាគារអភិឌ្ឍន៍ជនបទនិងកសិកម្មរៀបចំសិក្ខាសាលាស្តីពី“ការពង្រឹងផលិតកម្មនិងការបញ្រ្ជាបជម្រើសផ្សេងក្រៅ ពីការប្រើប្រាស់ឱសថប្រឆាំងមេរោគក្នុងផលិតកម្មសត្វ”
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ខែតុលាឆ្នាំ២០២៤នេះ បុគ្គលិកផ្នែកលក់និងទីផ្សារ បានសហការជាមួយនាយកដ្ឋានឥណទាននិងគណៈកម្មការគំាំទ្រគោលនយោបាយនៃធនាគារអភិឌ្ឍន៍ជនបទនិងកសិកម្ម បានចូលរួមសិក្ខាសាលាស្តីពី “ការពង្រឹងផលិតកម្មនិងការបញ្រ្ជាបជម្រើសផ្សេងក្រៅពីការប្រើប្រាស់ឱសថប្រឆាំងមេរោគក្នុងផលិតកម្មសត្វ”។ សិក្ខាសាលានេះរៀបចំឡើងនៅសណ្ឋាគារសាន់វេ ដើម្បីធ្វើការផ្សព្វផ្សាយអំពីផលិតផលនិងសេវាកម្មរបស់ធនាគារ ARDB ដែលមានអ្នកចូលរួមប្រមាណ១០០នាក់។
យោងតាម លោក ជេត ភិរម្យ តំណាងសមាគមអ្នក ចិញ្ចឹមសត្វកម្ពុជា លើកឡើងថា សិក្ខាសាលាខាងលើនេះមានគោលបំណងដើម្បីពង្រឹងទំនាក់ទំនងរវាងតួអង្គទាំងឡាយនៅក្នុងវិស័យចិញ្ចឹមបក្សី ក្នុងនោះមានក្រុមហ៊ុនផលិតនិងចែកចាយថ្នាំសត្វ ក្រុមហ៊ុនផលិតចំណីមាន់ អ្នកចិញ្ចឹមមាន់ អាជីវករ និងខាងសត្វឃាតដ្ឋាន បានយល់អំពីគោលការណ៍និងមានឱកាសពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត។ បន្ថែមលើសពីនេះ ធ្វើយ៉ាងណាឱ្យតួអង្គសំខាន់ៗទាំងនោះធ្វើការជាមួយគ្នាដើម្បីជំរុញឱ្យផលិតកម្មមានការរីកចម្រើន ហើយការផលិតសាច់មាន់ប្រកបដោយគុណភាព មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
លោក ជេត ភិរម្យ បានសម្តែងការអរគុណដល់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដែលតែងតែចូលរួមសហការជាមួយសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាក្នុងការលើកកម្ពស់ដល់ផលិតកម្មចិញ្ចឹមសត្វក្នុងស្រុកនាពេលកន្លងមកក៏ដូចក្នុងពេលបច្ចុប្បន្ន៕