ធនាគារ ARDB និងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ចុះហត្ថលេខារួមគ្នាដើម្បីលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនឹងកាត់បន្ថយភាពក្រីក្រ
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយនៅថ្ងៃទី២៤ខែតុលា ឆ្នាំ២០២៤នេះបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋ នឹងកាត់បន្ថយភាពក្រីក្រ។
នៅក្នុងពិធីចុះហត្ថលេខានេះ ក្រោមអធិបតីភាពដ៏ឯកឧត្តមបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលមានអ្នកចូលរួមពីតំណាងពាក់ព័ន្ធមកពីក្រសួង ស្ថាប័នរដ្ឋ សង្គមស៊ីវិល និងក្រុមហ៊ុនឯកជន។
ឯកឧត្តមបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន និង ឯកឧត្តមបណ្ឌិត កៅ ថាច សម្តែងនូវសុទិដ្ឋិនិយមថា អនុស្សារណៈយោគយល់គ្នានេះមានគោលបំណងផ្តល់កិច្ចសហប្រតិបត្តិការភាពជាដៃគូក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ និងការជំរុញចលនាភូមិមួយផលិតផលមួយនៅកម្ពុជា ដើម្បីចូលរួមចំណែកលើក កម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមបណ្ឌិត កៅ ថាច ចាត់ទុកពិធីចុះហត្ថលេខានេះជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋពីរ ដែលមានតួនាទីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ធនាគារ (ARDB) បាននិងកំពុងបំពេញបេសកកម្ម ក្នុងការផ្តល់ជូនហិរញ្ញប្បទានដល់គ្រប់តួអង្គ ក្នុងខ្សែច្រវ៉ាក់តម្លៃកសិកម្ម គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចជនបទ នឹងកំពុងឆ្ពោះទៅរកទស្សនវិស័យប្រែក្លាយជាធនាគារមានចីរភាព (Sustainable bank) ដូច ដែលមានចែងក្នុងផែនទីចង្អុលផ្លូវ១០ឆ្នាំរបស់ធនាគារផងដែរ។
ក្រោមអនុស្សារណៈយោគយល់គ្នានេះ ធនាគារ (ARDB)នឹងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទនិងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីសម្របសម្រួលផ្តោតលើការអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង។
។ ជាក់ស្តែងនៅក្នុងនីតិកាលទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្លាយ ថាមពល និងប្រាកដនិយមរបស់សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បន្តរក្សាការប្តេជ្ញាចិត្តខ្ពស់ ចំពោះការប្រយុទ្ធប្រឆាំងនិងការប្រែប្រួលអាកាសធាតុ ដោយកំណត់ការធានាចីរភាពបរិស្ថាន ការរៀបចំឆ្លើយតបការការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់សេដ្ឋកិច្ចបៃតងជាអទិភាពគន្លឹះ ក្នុងមុំទី៥នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ផងដែរ៕