នាយកAFD ធ្វើទស្សនកិច្ចការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី៣ ដែលមានតម្លៃ២៥៧លានដុល្លារ
ឯកឧត្តម ស៊ីរីល ប៊ែលលីយេ នាយកទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ទទួលបន្ទុកតំបន់អាស៊ី មជ្ឈិមបូព៌ា និងអឺរ៉ុបខាងកើត បានធ្វើទស្សនកិច្ចទៅកាន់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដើម្បីពិនិត្យគម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី៣ ដែលមានតម្លៃ២៥៧លានដុល្លារអាមេរិក ក្នុងនោះហិរញ្ញប្បទានពីAFD មានចំនួន២១០លានដុល្លារ។
ការធ្វើទស្សនិច្ច នៅថ្ងៃទី១៧ ខែកញ្ញានេះ ក៏មានវត្តមានឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គ្រាដែលរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ ដែលបាននិងកំពុងសាង៊សង់នេះ គ្រោងនឹងបញ្ចប់ និងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៧ ជាមួយនឹងការផលិតទឹកស្អាតបន្ថែមចំនួន១៩៥.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលបានបន្ថែមការផ្គត់ផ្គង់ជូនប្រជាពលរដ្ឋបានប្រមាណជា១៤៧.០០០គ្រួសារ និងធ្វើឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាចផលិតទឹកស្អាតបានសរុបប្រមាណ១.១៧៧.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដោយផ្គត់ផ្គង់ចេញពីរោងចក្រទាំង៥ សម្រាប់អតិថិជន គ្រោងសរុបប្រមាណ៥៨៧.០០០គ្រួសារ និងមានបំពង់ចែកចាយសរុបប្រមាណ៦.២០០គីឡូម៉ែត្រ នៅឆ្នាំ២០២៧។
សូមបញ្ជាក់ថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ និងជំហានទី២ ពីឆ្នាំ២០២០-២០២៤ ស្ថិតក្នុងគម្រោងហិរញ្ញប្បទានពីសហភាពអឺរ៉ុប ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ និងធនាគារវិនិយោគអឺរ៉ុបចំនួន៣៥០លានអឺរ៉ូ។
ចំណែក គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ ចាប់ពីឆ្នាំ២០២៤-២០២៧ ស្ថិតក្នុងគម្រោងហិរញ្ញប្បទានពីសហភាពអឺរ៉ុប ទីភ្នាក់ងារបារំាងសម្រាប់ការអភិវឌ្ឍន៍ និងធនាគារវិនិយោគអឺរ៉ុប ដើម្បីពង្រីកការផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុង និងខេត្តជាប់រាជធានីភ្នំពេញ សំដៅធានាឱ្យបានការប្រើប្រាស់ទឹកស្អាត សម្រាប់ទាំងអស់គ្នា ហួសពីរាជធានីភ្នំពេញ។
គម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ មានតម្លៃ២៥៧លានដុល្លារអាមេរិក ក្នុងនោះហិរញ្ញប្បទានពីAFD មានចំនួន២១០លានដុល្លារ, ថវិកានៅសល់ពីគម្រោងរបស់AFD សម្រាប់ការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ និងជំហានទី២ ចំនួន៥លានដុល្លារ, ជំនួយឥតសំណងរបស់សហភាពអឺរ៉ុប ចំនួន១២លានអឺរ៉ូ(ជាង១៣លានដុល្លារ), ថវិការបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានចំនួន៤២លានដុល្លារ, និងការរួមចំណែកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាពីពន្ធ និងអាករផ្សេងជាបន្ទុករបស់រដ្ឋ។
សូមបញ្ចាក់ថា សម្រាប់គម្រោង រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងទាំង៣ជំហាន គឺមានតម្លៃថវិកាប្រ មាណ៦៦០លានដុល្លារអាមេរិក ដែលក្នុងនោះឥណទានសម្បទានពីAFDចំនួន៤១០លានដុល្លារ, ឥណទានសម្បទានពីធនាគារវិនិយោគអឺរ៉ុប ចំនួន១០០លានដុល្លារ, ឥណទានឥតសំណងពីសហគមន៍អឺរ៉ុប ចំនួន២៦លានដុល្លារ, និងថវិការបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចំនួន១២៤លានដុល្លារ៕