នាយឧត្តមសេនីយ៍ សៅ សុខា តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបញ្ចុះបឋមសិលាសាងសង់ព្រះមហាចេតិយ នៅវត្តច័ន្ទបុរីវង្ស

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ពិធីបញ្ចុះបឋមសិលាសាងសង់ ព្រះមហាចេតិយ នៅវត្តច័ន្ទបុរីវង្ស ស្ថិតក្នុងភូមិសាស្រ្ត ភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពញ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ។

មានព្រះរាជវត្តមានយាង និងនិមន្តចូលរួមរបស់សម្តេចព្រះមហាសុមេធាធិបតីបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះធម្មលិខិតបណ្ឌិត សៅ ចាន់ថុល, សម្តេចព្រះឧត្តមបញ្ញា ដូង ផង់, សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា សម្តេចព្រះឧត្តមមុនី ជា សំអាង សម្តេចព្រះសាក្យមុនីកិត្តិបណ្ឌិត រ័ត្ន សារឿន សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អ្នកឧកញ៉ា លោក លោកស្រី សិស្សានុសិស្ស ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តច័ន្ទបុរីវង្សផងដែរ។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ សៅ សុខា បានពាំនាំនូវបណ្ដាំផ្ញើសួរសុខទុក្ខ ថ្វាយប្រគេនចំពោះសម្ដេចព្រះសង្ឃ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនចំពោះលោកយាយ លោកតា អ៊ុំ មាមីង អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា បងប្អូនជនរួមជាតិ និងពុទ្ធបរិស័ទទាំងអស់ នូវការនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ជាមួយគ្នានេះសូមប្រសិទ្ធពរថ្វាយប្រគេន និងជូនចំពោះសម្ដេចព្រះសង្ឃ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ និងពុទ្ធបរិស័ទទាំងអស់ ទទួលបាននូវព្រះសុខភាព និងសុខភាពល្អ ជន្មាយុវែង និងទទួលបានជោគជ័យគ្រប់ភារកិច្ច។

នាយឧត្តមសេនីយ៍ សៅ សុខា មានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានទទួលនូវការ ប្រគល់ភារកិច្ចពីសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឱ្យមកធ្វើជាអធិបតីពិធីបញ្ចុះបឋមសិលាសាងសង់ព្រះមហាចេតិយ នៅវត្តច័ន្ទបុរីវង្ស នាពេលនេះ។ ដូចដែលបងប្អូនជនរួមជាតិ បានជ្រាបស្រាប់ហើយថា វិស័យសាសនាក៏ដូចជាវិស័យផ្សេងៗទៀត រួមទាំងអាយុជីវិតប្រជាជនកម្ពុជា ស្លូតត្រង់រាប់លាននាក់ ត្រូវបានរបបប្រល័យពូជសាសន៍ កាប់សម្លាប់ ហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ ត្រូវបានលុបបំបាត់ចោល។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា ក្នុងកាលៈទេសៈប្រទេសកម្ពុជាប្រឈមមុខជាមួយនឹងគ្រោះមហន្តរាយ ដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ដឹកនាំដោយបន ប៉ុលពត។ នៅថ្ងៃទី២០ មិថុនា ១៩៧៧ សម្តេចតេជោ បានសម្រេចចិត្តចាកចេញពីមាតុភូមិ ស្វែងរកមាគ៌ាសង្គ្រោះជាតិ ដោយបានការគាំទ្រពីប្រទេសជាមិត្ត គឺបានបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី១២ ឧសភា ១៩៧៨ ដែលជាកម្លាំងស្នូលនៃការបង្កើត រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ធ្នូ នាឆ្នាំដដែល។ បន្ទាប់ពីមហាជ័យជម្នះជាប្រវត្តិសាស្ត្រ ថ្ងៃទី៧ មករា ១៩៧៩ សម្តេចតេជោ រួមជាមួយឥស្សរយជនស្នេហាជាតិដទៃផ្សេងទៀត បានដឹកនាំ ស្តារ និងកសាងឡើងវិញនូវរាល់ហេដ្ឋារចនាសម្ព័ន្ធសង្គម ក្នុងនោះក៏មានវិស័យព្រះពុទ្ធសាសនាផងដែរ។ ចាប់ពីពេលដែលប្រទេសជាតិទទួលបាននូវសន្តិភាព ពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ នាថ្ងៃទី២៩ ធ្នូ ១៩៩៨ មក សម្តេចតេជោ បានបន្តដឹកនាំប្រទេសជាតិឱ្យមានការអភិវឌ្ឍ ជីវភាពរស់នៅរបស់ប្រជាជន ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែត្រូវបានលើកកម្ពស់កិត្យានុភាពព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ ត្រូវបានលើកតម្កើង។

កាន់តែជាក់ស្តែងថែមទៀតនោះ ពេលនេះសម្តេចទាំងទ្វេរ បានបរិច្ចាគធនធានផ្ទាល់របស់សម្តេច សាងសង់ព្រះមហាចេតិយ ដែលមានទំហំខឿន (២៧ម៉ែត្រ គុណ ៣៥,១ម៉ែត្រ) តួចេតិយទំហំ (អ័ក្ស) ១១ម៉ែត្រ គុណ ១១ម៉ែត្រ និងកម្ពស់ ៣៧,១ម៉ែត្រ នេះឡើង ដើម្បីថ្វាយប្រគេនសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក ដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់ គោរព និងលើកតម្កើងព្រះពុទ្ធសាសនាឱ្យរិតតែឧត្តុង្គឧត្តមបន្ថែមទៀត ៕