នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ចុះពិនិត្យមើលទីតាំងជាក់ស្ដែង ដើម្បីរៀបចំធ្វើលំហាត់សមយុទ្ធរវាងកងទ័ពបីប្រទេស កម្ពុជា-ឡាវ-វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា
កិច្ចប្រជុំវឌ្ឍនភាពការងារចុះមើលទីតាំងជាក់ស្ដែងរបស់លេខាធិការដ្ឋាន និងអនុគណៈកម្មការជំនាញនៃគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំធ្វើលំហាត់សមយុទ្ធរវាងកងទ័ពបីប្រទេស កម្ពុជា-ឡាវ-វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាវអាវុធហត្ថ ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង។
ការចុះពិនិត្យទីតាំងត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីការពារជាតិ និងធ្វើលំហាត់សមយុទ្ធរួមគ្នារវាងកងទ័ពបីប្រទេស កម្ពុជា ឡាវ វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា នាចុងខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ ជាមួយគ្នានេះយោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការពារជាតិ ថ្ងៃទី១៥ កញ្ញា ឲ្យដឹងថា លោក ចាន់សាម៉ន ចាន់យ៉ាឡាត រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ និងលោក ផាន់ វ៉ាន់យ៉ាង រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសវៀតណាម សុទ្ធតែបានបញ្ជាក់ពីការត្រៀមខ្លួនចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីការពារជាតិ និងការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នានៅលើទឹកដីប្រទេសកម្ពុជា។ ដូច្នេះហើយក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីការពារជាតិនិងធ្វើលំហាត់សមយុទ្ធរួមគ្នារវាងកងទ័ពទាំងបីប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានមានប្រសាសន៍លើកឡើងពីការងារចំពោះមុខ ដែលលេខាធិការដ្ឋាន និងអនុគណៈកម្មការជំនាញនៃគណៈកម្មការអន្តរក្រសួង និងរដ្ឋបាលរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង ត្រូវរួមសហការគ្នា ដើម្បីរៀបចំឱ្យបានសមស្របទាំងរូបភាពចាត់តាំង និងទាំងខ្លឹមសារនៃការរៀបចំកម្មវិធី ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ឲ្យដឹងដែរថា បានជាថ្នាក់ដឹកនាំជ្រើសរើសយកទីតាំង មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង ជាកន្លែងប្រារព្ធពិធី ហើយជាកន្លែងធ្វើលំហាត់សមយុទ្ធរួមគ្នា ព្រោះទីតាំងនេះអំណោយផល សម្រាប់ការហ្វឹកហ្វឺននិងការបាញ់គ្រាប់ពិត ក្នុងលំហាត់សមយុទ្ធ។
ឯកឧត្តម ក៏បានលើកឡើង នឹងពិភាក្សាទៅលើស្ថានភាពគោលដៅទីតាំង ពេលវេលា និង វាយតម្លៃ នៃកម្មវិធីនីមួយៗ ព្រមទាំងសន្និដ្ឋានឲ្យបានត្រឹមត្រូវ ទៅតាមបច្ចេកទេស និងបទពិសោធដែលកម្ពុជាធ្លាប់រៀបចំនូវកិច្ចប្រជុំថ្នាក់អន្តរជាតិកន្លងមក ពិសេសដោយផ្តោតសំខាន់ ទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនាម័យ អគ្គិសនី ការរៀបចំកន្លែងស្នាក់នៅ កន្លែងស្នាក់នៅ ការហូបចុករបស់ប្រតិភូទាំងបីប្រទេស និងក្បួនធ្វើដំណើរទៅកាន់គោលដៅនីមួយៗផងដែរ ។
កិច្ចប្រជុំឆ្នាំនេះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបន្តការរឯកភាពគ្នាលើការបង្កើនការផ្លាស់ប្ដូរពីគ្នាទៅវិញទៅមកនូវទស្សនកិច្ចមន្ត្រីយោធា និងបង្កើនការផ្លាស់ប្ដូរទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដើម្បីកសាងទំនុកចិត្ត និងទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធថែមទៀត។