នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដឹកនាំក្រុមនាំមុខក្រសួងការពារប្រទេសឡាវ និងវៀតណាម ចុះត្រួតពិនិត្យទី តាំងធ្វើលំហាត់ហ្វឹកហ្វឺនរួមរវាងកម្ពុជា ឡាវ និងវៀតណាម
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចំរុះនៃកងយោធពលខេមរភូមិន្ទ និងជាអនុប្រធានប្រចាំការគណៈកម្មការអន្តរក្រសួង ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមនាំមុខក្រសួងការពារប្រទេសឡាវ និងវៀតណាម ចុះត្រួតពិនិត្យទី តាំងធ្វើលំហាត់ហ្វឹកហ្វឺនរួមរវាងកម្ពុជា ឡាវ និងវៀតណាម ដែលលំហាត់ហ្វឹកហ្វឺននេះ នឹងធ្វើឡើងនាពាក់កណ្តាលខែវិឆ្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ជាមួយថ្នាក់រដ្ឋមន្ត្រីការពារជាតិប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម, ទីតាំងធ្វើលំហាត់ហ្វឹកហ្វឺនរួម ផ្នែកសង្គ្រោះគ្រោះមហន្តរាយ នៃការបាក់រលំអាគារ-សុខាភិបាល-និងកីឡាយោធាស្ថិតក្នុងភូមិសាស្ត្រ ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ, ទីតាំងនៃវិទ្យាល័យទេពប្រណម ស្ថិតក្នុងភូមិសាស្ត្រស្រុកពញាឮ ខេត្តកណ្ដាល។
សូមបញ្ជាក់ថា៖ លំហាត់ហ្វឹកហ្វឺនសមយុទ្ធរួមគ្នាកងទ័ពទាំងបីប្រទេសកម្ពុជា-វៀតណាម-ឡាវ សម្រាប់ឆ្នាំ ២០២៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំនេះ បានជ្រើសរើសយកទីតាំងចំនួនបី ក្នុងភូមិសាស្ត្រមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជវុធហត្ថ ក្នុងភូមិសាស្ត្រភ្នំជុំសែនរីករាយ សម្រាប់ធ្វើជាទីតាំងពិធីបើកធ្វើលំហាត់ និងបិទលំហាត់ ដែលនៅទីនោះរួមមាន ការរៀបចំលំហាត់ប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយបាក់រលំអាគារ ប្រតិបត្តិការសុខាភិបាល និងការប្រកួតកីឡាប្រដាប់អាវុធ ជាលក្ខណៈមិត្តភាពកងទ័ពប្រទេសទាំងបី។ ដោយឡែកទីតាំងក្នុងវិទ្យាល័យទេពប្រណម ក្នុងភូមិសាស្ត្រស្រុកពញាឮ ខេត្តកណ្ដាល ជាទីតាំងមួយសម្រាប់ រដ្ឋមន្ត្រីការពារជាតិប្រទេសទាំងបី ប្រារព្ធពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូសិស្សានុសិស្ស នៅទីនោះ ដើម្បីផ្សារភ្ជាប់ពីការរឹតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល កងទ័ព និងប្រជាជនប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដែលមានទំនាក់ទំនងនិងគ្នាយ៉ាងស្អិតរមួតជាបងប្អូន ប្រទេសភូមិផងរបងជាប់គ្នា ដែលតាំងពីយូរលង់ណាស់មកហើយ តែងតែបានផ្សារភ្ជាប់ និងចេះជួយគ្នាគ្រប់កាលៈទេសៈ រហូតប្រទេសជាតិនីមួយៗ មានឯករាជ្យ អធិបតេយ្យភាព ពិតប្រាកដក្រោមម្លប់នៃសន្តិភាព។ ទន្ទឹមនឹងនេះដែរ គណៈកម្មការអន្តរក្រសួង ក៏បានរៀបចំទីតាំងមួយទៀតស្ថិតនៅក្នុងសណ្ឋាគារ ហ្គាឌែន ស៊ីធី (Garden City) សម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិប្រទេសទាំងបីផងដែរ។
ក្នុងដំណើរចុះពិនិត្យទីតាំងធ្វើលំហាត់ហ្វឹកហ្វឺននាពេលនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត បានរំលឹកដល់គណៈជំនាញគ្រប់ជំនាញ រួមសហការគ្នាអោយបានល្អ ក្នុងនោះត្រូវសហការជាមួយអាជ្ញាធរដែនដី ស្រុកខេត្ត ដែលមានការពាក់ព័ន្ធ និងត្រូវបង្កើនស្មារតីទទួលខុសត្រូវគ្រប់គ្រងសហការគ្នាឲ្យបានល្អ ក្នុងការរៀបចំទាំងទីតាំងហ្វឹកហាត់ ដើម្បីជំរុញឲ្យការធ្វើលំហាត់សមយុទ្ធរួមគ្នាកងទ័ពទាំងបីប្រទេសនេះ បានប្រព្រឹត្តទៅប្រកបដោយភាពរលូន និងជោគជ័យ។ ឯកឧត្តមបញ្ជាក់ថា ប្រសិនបើយើងរៀបចំលំហាត់នេះបានល្អ ក៏ជាមុខមាត់របស់រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនរបស់យើងផងដែរ។ ហើយក៏ជាការទាក់ទាញលំហូរទេសចរណ៍ជាតិ អន្តរជាតិ ឱ្យមកកាន់ប្រទេសកម្ពុជាយើងកាន់តែច្រើនថែមទៀត ៕