និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការធានារ៉ាប់រងជាកាតព្វកិច្ច”

ព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការធានារ៉ាប់រងជាកាតព្វកិច្ច” ក្រោមអធិបតីភាព ឯកឧត្តម ប៊ូ ច័ន្ទ ភីរូ អគ្គនាយកនៃនិយ័តករកម្ពុជា និងការចូលរួមដ៏ខ្ពង់ខ្ពស់ពី លោកជំទាវ តិមា វិច្ឆិ កាល អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងតំណាង សមាជិកក្រុមការងារអន្តរក្រសួង តំណាងមន្ទីរ/ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ មានសមត្ថកិច្ច និងគ្រឹះស្ថានឯកជន។ 

ឯកឧត្តម ប៊ូ ច័ន្ទ ភីរូ អគ្គនាយកនៃនិយ័តករកម្ពុជាបានមានប្រសាសន៍ថា ទោះបីជាសេដ្ឋកិច្ចសកលលោកបន្តជួបប្រទះនូវបញ្ហាប្រឈមយ៉ាងណាក្តី សេដ្ឋកិច្ច កម្ពុជា អាចរក្សាបាននូវកំណើនល្អប្រសើរ ដែលស្ថិតក្នុងរង្វង់៥% ក្នុងឆ្នាំ២០២៣។ ស្របតាម “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” និង “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០១៦-២០២៥” របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា វិស័យធានារ៉ាប់រង នៅកម្ពុជា បាននិងកំពុងដើរតួនាទីជាសមាសភាគមួយដ៏សំខាន់ ក្នុងការរួមចំណែកគាំទ្រ ដល់កំណើនសេដ្ឋកិច្ចជាតិ ពិសេសទ្រទ្រង់ប្រព័ន្ធសន្តិសុខសង្គម តាមរយៈការបង្កើតជា សំណាញ់សុវត្ថិភាព និងការបង្កើនភាពធន់ផ្នែកហិរញ្ញវត្ថុប្រឈមនឹងហានិភ័យដែលត្រូវបាន ធានាជូនបណ្តាប្រជាពលរដ្ឋ គ្រួសារ និងម្ចាស់អាជីវកម្មនានា។

ឯកឧត្តម ប៊ូ ច័ន្ទ ភីរូ បានបន្តថាទីផ្សារធានារ៉ាប់រងនៅកម្ពុជា គឺជាទីផ្សារមួយ ដែលកំពុង មានការវិវត្តឆ្ពោះទៅមុខយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលគិតត្រឹម បច្ចុប្បន្ន មានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៤០ កំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងព្រះរាជា- ណាចក្រកម្ពុជា ជាមួយនឹងទំហំបុព្វលាភដុលជាង ៣៧០លានដុល្លារអាម៉េរិក និងទ្រព្យសកម្ម សរុបជាង ១,២ប៊ីលានដុល្លារអាម៉េរិក និងមានផលិតផលសម្បូរបែបមានជាអាទិ៍៖ ផលិតផល ធានារ៉ាប់រងអាយុជីវិត, ធានារ៉ាប់រងសុខភាព, ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល, ធានារ៉ាប់រង ទ្រព្យសម្បត្តិ, ធានារ៉ាប់រងភារៈទទួលខុសត្រូវធានារ៉ាប់រងយានយន្ត, ធានារ៉ាប់រងភារៈទទួល- ខុសត្រូវការដ្ឋាន រហូតដល់ធានារ៉ាប់រងខ្នាតតូចសម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាប។

ឯកឧត្តម ប៊ូ ច័ន្ទ ភីរូ បានលើកទ្បើងជាក់ស្តែងថា បើយោងតាមច្បាប់ស្តីពីការធានារ៉ាប់រងដែលត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់ តាំងពីឆ្នាំ ២០០០ និងត្រូវបានកែសម្រួលជំនួសដោយច្បាប់ស្តីពីការធានារ៉ាប់រង នាឆ្នាំ ២០១៤ បានកំណត់ការធានារ៉ាប់រងចំនួនបី ជាកាតព្វកិច្ចដែលរួមមាន៖

១).ការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត

២).ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដឹកជញ្ជូនអ្នកដំណើរ

៣). ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន

គួរបញ្ជាក់ផងដែរថា យោងតាមទិន្នន័យបច្ចុប្បន្ន ចំនួនយានយន្តដែលបានចុះបញ្ជី ប្រកបអាជីវកម្មដឹកជញ្ជូនទំនិញមានចំនួន ៨៣,៩៦៤ គ្រឿង និងចំនួនយានយន្តដែលបានចុះបញ្ជីប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរមានចំនួន ២៣,២៥៥ គ្រឿង៕