នៅថ្ងៃសុក្រស្អែកទី៦ខែកញ្ញានេះសពសម្តេចចៅហ្វាវាំង នឹងត្រូវដង្ហែរទៅបូជា នៅវាលមេរុ វត្តជម្ពូវន្ត ដើម្បីរំលាយរូបពីភពផែនដី ពីក្រុមគ្រួសារជាទីស្រលាញ់ ពីដែនដីសុវណ្ណភូមិកម្ពុជានៃជារៀងរហូតហើយ!
រយៈពេល៥ថ្ងៃហើយក្រោយពីមរណភាពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា ក្រសួងព្រះបរមរាជវាំងនិងរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំពិធីបុណ្យសពជាផ្លូវការតបតាមគុណបំណាច់របស់សម្តេចម្តេចចៅហ្វាវាំង បានទទួលមរណភាពនៅវេលាម៉ោង៨និង៣៥នាទីព្រឹក ថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៩៤ ឆ្នាំ ដោយជរាពាធ សម្រាប់ក្រុមគ្រួសារសម្តេចគឺជាបាត់បង់ស្វាមី ឳពុក និងជីតាប្រកបដោយទសពិតរាជធម៌ដែលមិនអាចកាត់ថ្លៃបាន និង សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងព្រះបរមរាជវាំងគឺជាជាការបាត់បង់នូវឥស្សរជនដ៏ឧត្តុង្គឧត្តមនៃប្រទេសជាតិ និងប្រជារាស្ត្រកម្ពុជា។ សម្ដេចចៅហ្វាវាំង ប្រសូតនៅថ្ងៃអាទិត្យ៦រោច ខែអស្សុជ ឆ្នាំមមែ ត្រីស័ក ព.ស. ២៤៧៤ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៣១ នៅភូមិព្រៃព្រីង ឃុំចោមចៅ ស្រុកដង្កោ ខេត្តកណ្តាល។ ឪពុកនាម គង់ ហ៊ិន ជាអ្នកស្រុកទ្រាំង ខេត្តតាកែវ ជាកម្មករ បើករថយន្តបានស្លាប់ក្នុងឆ្នាំ១៩៤៤។ ម្តាយនាម សួស កាន មានស្រុកកំណើតនៅភូមិចោមចៅ ស្រុកដង្កោ ខេត្តកណ្តាល ជាកសិករ ស្លាប់ក្នុងឆ្នាំ១៩៥៦។ សម្តេច មានបងប្អូន ៥នាក់ (ស្រី៤នាក់ ប្រុស១នាក់)។ សម្តេចជាកូនទី៣ និងជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ។ បងស្រីច្បង ឈ្មោះ គង់ វ៉ាន់ថា បងស្រីបន្ទាប់ ឈ្មោះ គង់ ម៉ាលី ប្អូនស្រីបន្ទាប់ពីសម្តេច ឈ្មោះ គង់ ថាច (ស្លាប់ក្នុងរបបប៉ុល ពត) និង ប្អូនស្រីពៅ ឈោ្មះ គង់ សុផា (ស្លាប់ក្នុងរបបប៉ុល ពត) ។ សម្ដេចហ្វាវាំង គង់សំអុល បានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា និងមានបុត្រធីតា ៣នាក់ៈ ប្រុស២នាក់ស្រីម្នាក។ ទី១- ឯកឧត្តម គង់ តារា បច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង ទី២- ឯកឧត្តម គង់ សន្យា បច្ចុប្បន្នជាអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងទី៣- លោកអ្នកឧកញ៉ា មហាភក្តី គង់ បញ្ញា បច្ចុប្បន្នជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង។ សម្ដេចជាបញ្ញវន្តមួយរូបដែលមានជំនាញបច្ចេកទេសជាច្រើន មានជាអាទិ៍ ក្នុងវិស័យកសិកម្ម រដ្ឋបាល វប្បធម៌ សិល្បៈ និងស្ថាបត្យកម្ម ។ សម្ដេចបានចំណាយពេលជាង៧ទសវត្សរ៍នៃជីវិតរបស់គាត់ក្នុងការបម្រើប្រទេសជាតិមាតុភូមិ និងព្រះមហាក្សត្រ ដោយសម្បជញ្ញៈទទួលខុសត្រូវ ដោយស្មោះត្រង់និងភក្ដីភាពជាតិខ្ពស់អស់ពីកម្លាំងកាយ កម្លាំងបញាសារតី ។ ក្នុងមួយជីវិតរបស់សម្តេចចៅហ្វាវាំង បានខិតខំលះបង់យ៉ាងធំធេងទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា ភាពឈ្លាសវៃ និងប៉ិនប្រសប់ ពុះពារគ្រប់ការលំបាកសព្វបែបយ៉ាង បំពេញការងារនៅគ្រប់ទីកន្លែង គ្រប់និគមជនបទនៃព្រះរាជាណាចក្រកម្ពុជា និងនៅបរទេស ព្រមទាំងបានខិតខំបំពេញភារកិច្ចទាំងយប់ ទាំងថ្ងៃ ក្នុងការចូលរួមចំណែកបម្រើប្រទេសជាតិ សាសនា និងព្រះមហាក្សត្រ ស្មោះត្រង់នឹងព្រះរាជបល្ល័ង្ក បម្រើព្រះរាជកិច្ចបានល្អប្រពៃណាស់តាំងពីក្នុងរជ្ជកាលព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ រហូតមកដល់បច្ចុប្បន្នកាលនៃការគ្រងរាជ្យរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕
ដោយ៖ទទក