បងប្អូនប្រជាពលរដ្ឋជិត ៤០០នាក់ បានចូលរួមក្នុងដំណើរទស្សនកិច្ចទិសឦសានសប្តាហ៍ទី ៥ ដើម្បីស្វែងយល់ពីការពិតជាក់ស្ដែងនៃកិច្ចការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិកម្ពុជា
បងប្អូនប្រជាពលរដ្ឋជិត៤០០នាក់ បន្តចូលរួមធ្វើទស្សនកិច្ចទិសឦសានសប្ដាហ៍ទី៥ ដើម្បីស្វែងយល់ពីការពិតជាក់ស្ដែងនៃកិច្ចការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិកម្ពុជាត្រូវបានរៀបចំឡើងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤។ ក្បួនរថយន្តនៃដំណើរទស្សនកិច្ចបានចេញដំណើរពីរាជធានីភ្នំពេញ នៅម៉ោង៤កន្លះព្រឹកថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០២៤ ក្នុងតម្រាយផ្លូវដែលបានកំណត់រួច គឺឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគីរី។
ក្នុងដំណើរទស្សនកិច្ចនេះ មានការធ្វើបទបង្ហាញយ៉ាងពិស្ដារ អំពីលក្ខណៈភូមិសាស្ត្រ បង្គោលព្រំដែន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន ពីឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ។
សូមជម្រាបថា បន្ទាប់ពីទស្សនកិច្ចនៅចំណុចបង្គោលព្រំដែនលេខ ១៣០
ស្ថិតក្នុងឃុំអន្លង់ជ្រៃ ស្រុកពញាក្រែក ក្នុងខេត្តត្បូងឃ្មុំរួចរាល់ហើយគណៈប្រតិភូ និងប្រជាពលរដ្ឋដែលបានចុះឈ្មោះក្នុងដំណើរទស្សនកិច្ចនេះ បានបន្តដំណើរទៅកាន់ចំណុចបង្គោលព្រំដែនលេខ ៦៩ ច្រកទ្វារអន្តរជាតិត្រពាំងស្រែ ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ ក្នុងនោះដោយមានការទទួលស្វាគមន៍ពីតំណាងរដ្ឋបាលខេត្តក្រចេះ។ បន្ទាប់មកបន្តដំណើរឆ្ពោះទៅកាន់គោលដៅចុងក្រោយដែលស្ថិតក្នុងទឹកដីនៃខេត្តមណ្ឌលគិរី ត្រង់ចំណុចបង្គោលព្រំដែនលេខ ៦៥ ស្រុកកែវសីមា។
ក្នុងតម្រាយផ្លូវទស្សនកិច្ចក្នុងភូមិសាស្ត្រខេត្តទាំងបីនេះ អ្នកចូលរួមទាំងអស់មានឱកាសអញ្ជើញទៅពិនិត្យមើលដោយផ្ទាល់នូវបង្គោលព្រំដែននៅក្នុងទីតាំងដែលជាទីតាំងបង្គោលមេ ព្រមទាំងទីតាំងបង្គោលសំខាន់ៗផ្សេងៗទៀត ដែលជាទីតាំងបង្គោលបំពេញបន្ថែម និងទីតាំងបង្គោលតម្រុយព្រំដែន។
ដំណើរទស្សនកិច្ចប៉ែកឦសាននេះ គឺជាសាក្សីរស់ដោយប្រជាពលរដ្ឋ បានដឹងពីការពិតនិងស្ថានភាពជាក់ស្តែងនៃការងារព្រំដែន ការគ្រប់គ្រងនិងការពារទឹកដី របស់រាជរដ្ឋាភិបាលកម្ពុជា។ ប្រជាពលរដ្ឋកម្ពុជាច្រើនឡើងៗ ជាពិសេសអ្នកដែលបានទៅដល់តំបន់ក្រវាត់ព្រំដែនដោយផ្ទាល់រួចហើយ បានចែករំលែកបទពិសោធន៍ល្អៗអំពីដំណើរទស្សនកិច្ចនេះ ដែលពោរពេញដោយការផ្តល់នូវចំណេះដឹង និងភាពសប្បាយរីករាយ ជាពិសេសបានបង្កឱកាសបង្កើនសាមគ្គីភាពជាតិកម្ពុជាឱ្យកាន់តែរឹងមាំ សម្រាប់ចូលរួមថែរក្សាបូរណភាពទឹកដីឱ្យស្ថិតនៅគង់វង្សជាដរាបមិនឱ្យបាត់សូម្បី ១មីលីម៉ែត្រឡើយ។
ជាងនេះទៀត សកម្មភាពនៃដំណើរទស្សនកិច្ចដែលទទួលបានការសាទរពីប្រជាពលរដ្ឋ និងយុវជនទាំងអស់ដែលបានចូលរួម ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទាំងក្នុងនិងក្រៅប្រទេសកម្ពុជា ហើយត្រូវបានចាត់ទុកជាដំណើរទស្សនកិច្ចកម្រ ព្រោះជាទស្សកិច្ចពលរដ្ឋលើកដំបូងបង្អស់សម្រាប់កម្ពុជា ឬអាចថាក្នុងតំបន់ទាំងមូលក៏ថាបាន។
ដំណើរទស្សនកិច្ចពលរដ្ឋនេះបានក្លាយជាទឡ្ហីករណ៍រស់ដ៏សំខាន់បញ្ជាក់ពីភាពច្បាស់លាស់ប្រាកដប្រជា និងឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តបេសកកម្ម ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងបន្តធានាសុខសន្តិភាព និងស្ថិរភាពសង្គម-សេដ្ឋកិច្ចសម្រាប់ជាប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជាទាំងអស់។ការពិតកាន់តែរីកធំ ការបំភ្លៃកាន់តែរួមតូច! បងប្អូនប្រជាពលរដ្ឋបានចុះស្វែងយល់ពីស្ថានភាពជាក់ស្តែងក្នុងខេត្តភាគឦសានទាំងកិច្ចអភិវឌ្ឍន៍ និងការការពារបូរណភាពទឹកដី ទោះបីក្រុមជ្រុលនិយមព្យាយាមបំភ្លៃ បំផ្លើស បំភ័ន្តយ៉ាងណាក៏ដោយ តែការពិតជាក់ស្តែង បងប្អូនជឿលើភ្នែករបស់គាត់។ទស្សនកិច្ចទិសឦសានជើងទី៥ បងប្អូនប្រជាពលរដ្ឋបានថ្លែងថា ឮ ១០០០ ដងមិនស្មើនឹងឃើញ ១ ដង ហើយការភូតកុហកនិងបំភ្លៃការពិតនៅលើបណ្តាញសង្គមគ្មានតម្លៃសម្រាប់ការជឿជាក់របស់គាត់ទេ គឺពួកគាត់បានជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាការពារបានទឹកដីកម្ពុជាឱ្យបានគង់វង្សស្ថិតស្ថេរជាមួយយុទ្ធសាស្ត្រដ៏ឈ្លាសវៃ។
សូមរំលឹកជូនថា ដំណើរទស្សនកិច្ចនេះត្រូវបានបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួម ដោយឥតគិតថ្លៃ ដោយត្រូវបំពេញព័ត៌មានងាយៗតាមការចុះឈ្មោះអនឡាញ និងដោយអនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។ រីឯថវិកាសម្រាប់ការចំណាយ គឺជាការឧបត្ថម្ភដោយ សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងមានការចូលរួមពីសប្បុរសជន។ ថវិកានេះជាថវិកាផ្ទាល់ដោយឡែក របស់សម្តេចធិបតី និងលោកជំទាវ ដែលថវិកានេះ មិន ពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕