បច្ច័យសង្កត់ត្រៃចំនួន ៩៩លាន៩៩មុឺន៩ពាន់៩រយរៀល ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ឆាយ សាលីន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងលោកជំទាវ បានវេរប្រគេនព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមាវត្តត្រពាំងបឹង 

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ឆាយ សាលីន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ បានផ្ដួចផ្ដើមកសាងនូវអង្គព្រះកឋិនទានដ៏ធំមួយ ប្រកបដោយសទ្ធាដ៏ប្រសើរជ្រះថ្លាក្រៃលែង ចំពោះព្រះពុទ្ធសាសនា ដើម្បីវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់ការត្រីមាសក្នុងព័ទ្ធសីមា វត្តសោមុនីវ័ន ហៅវត្តត្រពាំងបឹង ស្ថិតនៅក្នុងភូមិកុកតារៀ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ 

កឋិនគឺជាទានដ៏វិសេសលើសទាននានាព្រោះជាទានសង្គ្រោះ ភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់រយៈពេលបីខែឱ្យលោកទទួល បានអានិសង្ស៥យ៉ាង ទោះបីកឋិននោះតូចតាច តិចតួចស្តួចស្តើង ឬធំដុំសម្បូរបែបយ៉ាងណាក៏ដោយ ភិក្ខុអ្នកក្រាលគ្រងនិងអ្នក អនុមោទនានៅតែទទួលអានិសង្ស៥យ៉ាងក្នុងរវាង៥ខែរាប់អំពី វេលាដែលភិក្ខុបានក្រាលគ្រងនិងអនុមោទនាកឋិនទៅ។ 

ចំណែកទាយកទាយិកា អ្នកធ្វើកឋិនក៏ត្រូវទទួលបានអានិសង្សដ៏ ច្រើនលើសលប់ ក្រៃលែងលើសបុណ្យនានាទាំងអស់ លើកលែងតែបុណ្យធម្មទាន ហើយរមែងបានសុខចម្រើនទាំងក្នុង លោកនេះបន្តដល់បរលោក ។ អ្នកធ្វើកឋិនរមែងបានអានិសង្ស៥ យ៉ាងគឺ៖ 

១. ភិក្ខុបញ្ញា វិសារទោ មានប្រជ្ញាក្លៀវក្លាមុះមុត

២. សុវណ្ណតា មានពណ៌សម្បុរល្អ

៣. សុរូបតា មានរូបល្អ

៤. សុសណ្ឋានា មានទ្រង់ទ្រាយល្អ

៥. ចក្កវត្តិ រាជា ហោតិ នឹងបានទៅជាស្តេចចក្រពត្តិក្នុងជាតិ ណាមួយពុំខានឡើយ ។ 

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានមានប្រសាសន៍ ការប្រារព្ធឱ្យមានការជួបជុំពុទ្ធបរិស័ទកសាងអង្គកឋិនទាននៅថ្ងៃនេះ

គឺដោយសារតែប្រទេសមានសុខសន្តិភាពពេញលេញ ហើយការកសាងអង្គកឋិនទានថ្ងៃនេះគឺសបញ្ជាក់ឲ្យឃើញអំពីសាមគ្គីភាពរបស់ប្រជាជនកម្ពុជាទាំងមូលទាំងផ្នែកពុទ្ធចក្រ  និងផ្នែកអាណាចក្រ។

ផ្ទុយទៅវិញ នៅក្នុង​សម័យ​សង្គ្រាម​ស៊ីវិល​ក្នុង​ទស្សវត្ស​ឆ្នាំ​៧០​ ព្រះ​សង្ឃ​មិន​អាច​មាន​លទ្ធភាពពេញ​លេញ​​ក្នុង​ការ​សិ​ក្សាធម៌​វិន័យ​​នោះ​ឡើយ​ ដោយ​ត្រូវ​និមន្ត​គេច​ រត់​លូន​ ពី​គ្រាប់​ផ្លោងនិង​ការ​ប្រយុទ្ធ​គ្នា​ជាប្រចាំ​។ ទី​វត្ត​អារាម​ ព្រះ​ពុទ្ធ​បដិមា​ករ​ត្រូវ​រង​នូវ​កការបំភ្លេចបំផ្លាញស្ទើ​ខ្ទេច​គ្មាន​សល់​។ ជាងនេះ​ទៀត​ នៅ ក្នុង​របបកម្ពុជា​ប្រជាធិបតេយ្យ​ ​ប្រល័យ​ពូជសាសន៍​ ប៉ុល​ ពត​ វិស័យ​ព្រះ​ពុទ្ធ​សាសនា​ត្រូវ​កំទេច​ បំផ្លាញ​និងបំបិទ​នូវ​សិទ្ធិ​ខាង​ជំនឿ​​សាសនា​ទាំង​ស្រុង​​។ 

ជាភ័ព្វ​សំណាង​ល្អ​ ក្រោយថ្ងៃ​រំដោះ​៧​មករា​ ឆ្នាំ​១៩៧៩​ ប្រជាពលរដ្ឋ​ខ្មែរ​បាន​ទទួល​ជាបឋម​នូវ​សិទ្ធិ​នៃ​ការស់​រាន​មាន​ជី​វិត​ ដែល​ជា​សិទ្ធិ​ដ៏​ចំបង​បង្អស់​ក្នុង​ការ​ទទួល​បាន​នូវ​សិទ្ធិ​សេរី​ភាព​ដ៏ទៃ​ទៀត​ក្នុង​នាម​ជាមនុស្ស​ជាតិ​។​​ ក្រោយ​ការ​កសាង​ប្រទេស​ពី​បាតដៃ​ទទេរ​ ប្រជាពលរដ្ឋ​កម្ពុជា​បាន​ទទួល​មក​វិញ​នូវ​សិទ្ធិខាង​ជំនឿ​សាសនា​ ហើយ​វិស័យ​ជំនឿសាសនា​កាន់​តែ​មាន​ការ​អភិវឌ្ឍ និង​អភិរក្ស​​ជាលំដាប់​​រហូត​មកដល់បច្ចុប្បន្ន​។​ ភាព​រីក​ចំរើន​នៃ​ផ្លូវ​ពុទ្ធ​ចក្រ​នេះ​គឺ​ដោយ​សារ​ប្រទេស​ជាតិ​បាន​និង​កំពុង​ស្ថិត​ក្រោម​ម្លប់​នៃ​សុខ​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស​។ 

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបញ្ជាក់បន្ថែមថា សុខសន្តិភាព​នេះ​ ពិត​ជា​មូល​ដ្ឋាន​គ្រឹះដ៏​ចំបង​នៃ​ការ​ជំរុញ​ឱ្យ​មា​​នកា​​រ​អភិវឌ្ឍ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​​ឥ​តឈប់​ឈរ​ ទាំង​ផ្លូវ​អាណាចក្រ​ ទាំង​ផ្លូវ​ពុទ្ធ​ចក្រ​ ដូច្នេះ ប្រជាពលរដ្ឋ​យើង​ទាំង​អស់​គ្នា​ត្រូវ​ប្តេជ្ញា​ចិត្ត​​ស្រឡាញ់​ និង​ថែរក្សា​ ការពារ​សន្តិភាព​នេះ​ឲ្យ​បាន​គង់​រង្ស​ជារៀង​រហូត​៕

ឯកឧត្តម បានបញ្ជាក់ថា បច្ច័យដែលនឹងត្រូវវេរប្រគេនព្រះភិក្ខុសង្ឃនៅថ្ងៃនេះ ដើម្បីទុកកសាងរាល់សមិទ្ធផលនានា សម្រាប់តម្កល់ទុកជាឧត្តមប្រយោជន៍ជូនដល់ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ត្រពាំងបឹង ដែលសមិទ្ធផលទាំងនេះ មិនមែនសម្រាប់ទុកបម្រើផលប្រយោជន៍របស់នរណាម្នាក់នោះទេ គឺសម្រាប់បម្រើផលប្រយោជន៍រួមរបស់ពុទ្ធសាសនិក  និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅ ភូមិកុកតារៀ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ 

ឆ្លៀតក្នុងឱកាសនេះឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ក៏បានអំពាវនាវដល់បងប្អូនប្រជាពុទ្ធបរិស័ទបន្តចូចូលរួមអភិរក្ស និងអភិវឌ្ឍវិស័យសាសនា ដោយគោរពសេរីភាពខាងជំនឿ  ចូលរួមលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ 

បន្ទាប់ពីប្រារព្ធកិច្ចទៅតាមប្រពៃណីព្រះពុទ្ធសាសនារួចមកឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវឆាយ សាលីន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវបានវេរប្រគេនបច្ច័យសង្កត់ត្រៃចំនួន៩៩លាន៩៩មុឺន៩ពាន់៩រយរៀល ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅក្នុងវត្តសោមុនីវ័ន ហៅវត្តត្រពាំងបឹង ដើម្បីទុកកសាងសមិទ្ធផលនានានៅក្នុងទីអារាម។ បន្ថែមលើសពីនេះឯកឧត្តមឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់និងលោកជំទាវ ឆាយ សាលីន បានជួយកសាងការចាក់ប្លង់សេដំបូងព្រះវិហារ ដែលមានតម្លៃប្រមាណជាង 10 ម៉ឺនដុល្លារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងលោកជំទាវផងដែរ។