បណ្ណាល័យARDB, មជ្ឈមណ្ឌលស្រាវជ្រាវ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និង APRACA Center of Excellence នឹងសម្ពោធដាក់ឲ្យប្រេីប្រាស់នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នេះ

ភ្នំពេញ÷ តាមរយៈ page facebook ផ្លូវការរបស់ឯកឧត្តមបណ្ឌិតកៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មARDB បានឱ្យដឹងថា បណ្ណាល័យARDB, មជ្ឈមណ្ឌលស្រាវជ្រាវ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និង APRACA Center of Excellence នឹងសម្ពោធដាក់ឲ្យប្រេីប្រាស់នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២៥ នេះ។
ឯកឧត្តមបណ្ឌិត អគ្គនាយកARDB ការបង្កើតបណ្ណាល័យ និងស្ថាប័នស្រាវជ្រាវទាំង២នេះ ក្នុងគោលបំណង លេីកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ក៏ដូចជា ប្រមូលផ្តុំ និងចងក្រងឯកសារទុកសម្រាប់កូនខ្មែរជំនាន់ក្រោយៗ សិក្សាស្វែងយល់អំពីបទពិសោធន៍របស់កូនខ្មែរជំនាន់មុន។
ជាទស្សន:ផ្ទាល់ខ្លួន ឯកឧត្តមបណ្ឌិតអគ្គនាយកសង្កេតឃេីញថា ខ្មែរយេីងហាក់ដូចជាបាត់ទម្លាប់កត់ត្រាឯកសារទុក ចាប់ពីក្រោយការដួលរលំសម័យអង្គរដ៏រុងរឿងមក រហូតដល់សម័យបារាំងចូលស្រុកឆ្នាំ១៨៦៣ បារាំងបានជួយកត់ត្រាឯកសារទុកអោយ ក្រៅអំពីការកត់ត្រាក្នុងស្ត្រាស្លឹករឹតបន្តិចបន្តួចប៉ុណ្ណោះ។
ជាមួយគ្នានេះ ខ្មែរយេីងជួបគ្រោះមហន្តរាយបត់បង់ឯកសារ២លេីកធំៗ គឺ(១) សម័យលង្វែក-ប្រាក់ដួង និង(២) សម័យប៉ុលពតដ័ខ្មៅងងឹត ដែលពួកគេកម្ទេចទាំងឯកសារមានជីវិត(គ្រូបង្រៀន គ្រូពេទ្យ វិស្វករ..) និងឯកសារផ្សេងៗ ជាពិសេស ច្បាប់ បញ្ញត្តិ វប្បធម៌ខ្មែរ សាសនា…។
ឯកឧត្តមបណ្ឌិតកៅ ថាច អំពាវនាវ ដល់បងប្អូនខ្មែរ ចូលរួមស្រាវជ្រាវ ចងក្រងឯកសារទុកអោយបានសម្បូណ៌បែប សម្រាប់អ្នកជំនាន់ក្រោយយេីង អភិវឌ្ឍខ្លួន និងជាតិ អោយថ្កុំថ្កេីងរុងរឿងតរៀងទៅហ្នង។
បណ្ណាល័យARDB បេីកឱ្តប្រេីប្រាស់ជាសាធារណ: ជាពិសេស ប្អូននិស្សិត អាចមកចូលអាន និងស្រាវជ្រាវផ្ទាល់ គ្រប់ពេល ដោយមានភ្ជាប់ប្រព័ន្ធអុីនធេីណែតល្បឿនលឿន។
ឯកឧត្តមបណ្ឌិតកៅ ថាច សូមអំពាវដល់សប្បុរសជនមេត្តាផ្តល់ជូនជាសៀវភៅ និងឯកសារស្រាវជ្រាវផ្សេងៗ មកតម្តល់ទុកជាប្រយោជន៍សាធារណ:នៅបណ្ណាល័យARDB ៕