បិទវគ្គសាមគ្គីអូឡាំពិកស្តីពីគ្រូបង្វឹកកីឡាហែលទឹកកម្រិត១

វគ្គសាមគ្គីអូឡាំពិក ស្តីពី គ្រូបង្វឹកកីឡា ហែលទឹក កម្រិត១ បានបញ្ចប់កាលពីចុងសប្តាហ៍កន្លងទៅ នៅគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាបន្ទាប់ពីដំណើការសិក្សា រយៈពេល ៧ថ្ងៃ ពីថ្ងៃទី៩-១៥ ខែធ្នូ ឆ្នាំ២០២៤ ។

ពិធីបិទវគ្គសាមគ្គីអូឡាំពិកស្តីពី គ្រូបង្វឹកកីឡាហែលទឹកកម្រិត១ មានការអញ្ជើញចូលរួមពី លោក ណយ ផាណា ទីប្រឹក្សាគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងលោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរហែលទឹក និង គ្រូឧទ្ទេសជនជាតិ អេស្ប៉ាញលោក Lopez Akvarado Miguel Angel មកពីសហព័ន្ធកីឡាហែលទឹកអន្តរជាតិ ។

លោក ហែម គីរី បានប្រាប់ឲ្យដឹងថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាហែលទឹកនេះ មានសិក្ខាកាមចូលរួមចំនួន ២៥ នាក់មកពីមន្ទីអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ មន្ទីអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ក្លឹបកីឡាហែលទឹកនាគរាជកំពង់ចាម ក្លឹបហែលទឹកកោះធំខេត្តកណ្តាល ក្លឹបហែលទឹកកោះធំខេត្តកណ្តាល សមាគមកីឡាហែលទឹកកងយោធពលខេមរភូមិន្ទ ក្លឹបក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន និងសហព័ន្ធខ្មែរកីឡាហែលទឹកផងដែរ។

លោក អគ្គលេខាធិការ បានបន្តថា វគ្គសាមគ្គីអូឡាំពិកស្តីពី គ្រូបង្វឹកកីឡាហែលទឹក កម្រិត១នេះ បង្រៀនដោយគ្រូឧទ្ទេស លោក Lopez Akvarado Miguel Angel ជាជនជាតិអេស្ប៉ាញមកពីសហព័ន្ធកីឡាហែលទឹកអន្តរជាតិ ក្រោមការសម្របសម្រួលពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ សព្វថ្ងៃនេះសហព័ន្ធខ្មែរកីឡាហែលទឹកមានការរីកចម្រើនយ៉ាងខ្លាំង ក្រោមការដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក។

លោក ណយ ផាណា ទីប្រឹក្សាគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា មានប្រសាសន៍ថា ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទំាងអស់ ដែលជាគ្រូបង្វឹកកម្រិត ១ នឹងយកចំណេះដឹងទាំងអស់ទៅបង្ហាត់បង្រៀនដល់កីឡាករ កីឡាការិនីនៅតាមអង្គភាព និងក្លឹបនានាឲ្យមានការរីកចម្រើនទាំងបរិមាណ និងគុណភាព នាថ្ងៃអនាគត។ លោក បន្ថែមថា គ្រូបង្វឹកទាំងអស់មានវ័យក្មេងៗ ដែលសហព័ន្ធខ្មែរកីឡាហែលទឹកបានផ្តល់ឱកាសជូនដល់ពួកគាត់ ដើម្បីអភិវឌ្ឍសមត្ថភាពពួកគាត់ ក្នុងគោលដៅពង្រីកធនធានថ្នាលយុវជនហែលទឹកឲ្យកាន់តែសម្បូរបែប និងប្រកបដោយគុណភាពនាថ្ងៃអនាគតផងដែរ ៕