បុណ្យភ្ជុំបីថ្ងៃខេត្តសៀមរាបទទួលបានអ្នកមកកម្សាន្តជិត២០ម៉ឺននាក់ កើនឡើង ៥០ភាគរយបើធៀបឆ្នាំ២០២៣

ក្នុងឱកាសនៃថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជិត២០ម៉ឺននាក់ ដែលចំនួននេះ មានការកើនឡើង៥០.៩២% បើធៀបនឹងបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៣។

យោងតាមរបាយការណ៍របស់មន្ទីរទេចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ មានអ្នកទេសចរជាតិ អន្តរជាតិ បានមកកម្សាន្តនៅក្នុងខេត្តសៀមរាប មានចំនួនជាង១៨ម៉ឺននាក់ ក្នុងនោះមានអ្នកទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តមានចំនួនប្រមាណ ១៧៣ពាន់នាក់ កើនឡើងប្រមាណ ៥២.៧៤% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួនប្រមាណ ១១៣ពាន់ នាក់ ។ ជាមួយគ្នានេះក្នុងរយៈបីថ្ងៃនេះដែរ ក៏អ្នកទេសចរបរទេស ៧.៨៩៣ នាក់ បានចូលមកកម្សាន្តនៅខេត្តសៀមរាប ដែលចំនួននេះក៏មានការកើនឡើង ១៩.៥៥% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៦,៦០២ នាក់។

បើតាមមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា នៅក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរឆ្នាំ២០២៤នេះ រមណីយដ្ឋានអង្គរ នៅតែជាគោលដៅចម្បងមួយដែលអ្នកទេសចរមកកម្សាន្ត ជាពិសេសអ្នកទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ។ ក្រៅពីនេះ តំបន់ភ្នំគូលេន និងតំបន់បឹងទន្លេសាប សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ក៏មានការទាក់ទាញអ្នកទេសចរទៅកម្សាន្តផងដែរ៕