បេក្ខជនសរុប ១,៩១៥នាក់ បានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣- ២០២៤ ក្នុងខេត្តព្រះសីហនុ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណ: អភិបាលខេត្តព្រះសីហនុ  បានធ្វើការសំណេះ សំណាលជាមួយបេក្ខជនប្រលងនៅមណ្ឌឡចំណេះដឹងទូទៅ និងបច្ចេកវិទ្យាក្រុងព្រះសីហនុ បានធ្វើការលើកទឹកចិត្តដល់បេក្ខជនបញ្ចេញអស់ ពីសមត្ថភាពដែលយើងបានសិក្សារយ:ពេល ១២ឆ្នាំកន្លងមក ដូច្នេះត្រូវសរសេរនូវសំណេឪ្យអស់ពីសមត្ថភាពរបស់ខ្លួន ព្រោះបើយើងចេះ គឺជាប់មិនអាចបំភ្លៃការពិតបាននោះទេ ហើយរដ្ឋបាលខេត្តនិងមានរង្វាន់សម្រាប់ក្មួយៗដែលប្រឡង ជាប់បាននិទ្ទេសA និងទទួលបានម៉ូតូចំនួន ១គ្រឿងផងដែរ ដូច្នេះក្មួយៗត្រូវសម្រួលអារម្មណ៍ក្នុងការប្រឡងនូវគ្រប់វិជ្ជាឱ្យបានល្អ ។

ឯកឧត្តមបានមានប្រសាសន៍បែបនេះ ក្នុងឱកាសបើកប្រអប់វិញ្ញាសារនេះ ដោយ មាន ការចូលរួមពីបេក្ខជនប្រឡងផងដែរ ដើម្បីបញ្ជាក់ថា នៅគ្រប់វិញ្ញាសារប្រឡងមិនមាន បើកប្រអប់ ឬមានរហែកនោះទេ ព្រមទាំងមានការចូលរួមចុះហត្ថលេខាលើសំណេរប្រឡងផ្នែកប្រវត្តិវិទ្យានៅព្រឹកម៉ោង៧ ព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ និងសូមជូនពរឪ្យក្មួយៗប្រឡងជាប់ទាំងអស់គ្នា និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ។

លោកស្រី អ៊ុច សុភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីះនុបានឪ្យដឹងថា  តាមរបាយការណ៍របស់មន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានឪ្យដឹងថា ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ ខេត្តព្រះសីហនុ មាន បេក្ខជន ដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសរុបចំនួន  ១,៩១៥នាក់ ស្រី ៩៩០ នាក់ ក្នុងនោះផ្នែកវិទ្យាសាស្ត្រមានបេក្ខជនចំនួន ៤៣៦នាក់ ស្រី ២៥៧នាក់ ស្មើនឹង ១៨ បន្ទប់  និងផ្នែកវិទ្យាសាស្ត្រសង្គមមានបេក្ខជនសរុបចំនួន ១,៤៧៩នាក់ ស្រី ៧៣៣នាក់ ស្មើនឹង ៦០បន្ទប់ ក្នុងនោះក៏មានបេក្ខជនស្វៃរិនចំនួន ១៣៦នាក់ ស្រី ៥៧នាក់ បេក្ខជនបំពេញវិជ្ជា ១០នាក់  ស្រី ៤នាក់ និងបេក្ខជនស្វៃរិនបំពេញវិជ្ជាមានចំនួន ៣នាក់ ស្រី ១នាក់។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ មានមណ្ឌលប្រឡងចំនួន ០៥ ក្នុងនោះផ្នែកវិទ្យាសាស្ត្រមាន ២មណ្ឌល គឺមណ្ឌលវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ បេក្ខជនចំនួន ២៤៧នាក់ ស្រី ១៤៣នាក់ ស្មើនឹង ១០បន្ទប់ និងមណ្ឌលបឋមសិក្សា ហ៊ុន សែន វាលរេញ មានបេក្ខជនចំនួន  ១៨៩នាក់ ស្រី ១១៤នាក់ ស្មើនឹង ០៨បន្ទប់  ។ ផ្នែកវិទ្យាសាស្ត្រសង្គមមាន ៣មណ្ឌល ក្នុងនោះ ១.មណ្ឌលវិទ្យាល័យ ហ៊ុន សែន វាលរេញ មានបេក្ខជនចំនួន ៥៩៨នាក់ ស្រី ២៩៤នាក់ ស្មើនឹង ២៤បន្ទប់ ២.មណ្ឌលអនុវិទ្យាល័យតេជោសែន កម្មករ មានបេក្ខជនចំនួន ៣៣៦នាក់ ស្រី ១៤៨នាក់ ស្មើនឹង ១៤បន្ទប់ ៣.មណ្ឌលវិទ្យាល័យ ហ៊ុន សែន មិត្តភាព មានបេក្ខជនចំនួន ៥៤៥នាក់ ស្រី ២៩១នាក់ ស្មើនឹង ២២បន្ទប់។

ទន្ទឹមនោះ លោកស្រីប្រធានមន្ទីរអប់រំ ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម អភិបាលខេត្ត ដែលបានផ្តល់ផ្ទះសំណាក់សម្រាបបេក្ខជន ស្នាក់នៅដែលមកពីស្រុកស្ទឹងហាវ និងស្រុកកំពង់សិលា និងតំបន់មួយចំនួនក្នុងស្រុកព្រៃនប់  និងមួយផ្នែកសម្រាប់សិស្សមកពីសាលា វិទ្យាលល័យស្មាច់ដែង ព្រមទាំងផ្តល់អាហារ៦ពេល គឺនៅថ្ងៃទី៧ មួយពេល ថ្ងៃទី៨ ៣ពេល និងថ្ងៃទី៩ ចំនួន២ពេលផងដែរ។