ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ទ្រាក់ ៤៤៣គ្រួសារ ក្នុងស្រុកព្រៃនប់ ទទួល អំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកាបាទក្រហមកម្ពុជា

ព្រឹកថ្ងៃអាទិត្យទី៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក បាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ទ្រាក់ចំនួន ៤៤៣គ្រួសារ មកពីឃុំចំនួន៦ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

លោក អ៉ី ធារិន អនុគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ស្រុកព្រៃនប់ បានធ្វើរបាយការណ៍ស្តីពីផលប៉ះពាល់ដោយខ្យល់កន្ទ្រាក់ចាប់ពីថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដែលមានប្រជាពលរដ្ឋនៅឃុំចំនួន៦ ក្នុងស្រុកព្រៃនប់ រងគ្រោះដោយសារខ្យល់កន្ទ្រាក់រដូវរំហើយ បណ្តាលឪ្យរលំផ្ទះចំនួន ២ខ្នង និងប៉ើងដំបូលចំនួន ៤៤១ខ្នងផ្ទះ សរុបចំនួន ៤៤៣ខ្នងផ្ទះ ក្នុងនោះ ១.ឃុំសំរុងចំនួន ៤៣ខ្នងផ្ទះ ២.ឃុំវាលរេញ ៣៤ខ្នងផ្ទះ ៣.ឃុំជើងគោ ៤៤ខ្នងផ្ទះ ៤.ឃុំសាមគ្គី ១៨៧ខ្នងផ្ទះ ៥.ឃុំទឹកល្អក់ ៩០ខ្នងផ្ទះ ៦.ឃុំទឹកថ្លា ៤៣ខ្នងផ្ទះ ។

ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានបង្ហាញការសោកស្តាយចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ទ្រាក់មកពីឃុំទាំង៦ ក្នុងស្រុកព្រៃនប់ ព្រមទាំងបាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែណែនាំដល់សាខាខេត្ត ត្រូវយកចិត្តទុកដាក់គិតគូអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងបានពាំនាំការផ្តាំផ្ញើសួរសុកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដែលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលជួបការលំបាក។ ទន្ទឹមនោះអាជ្ញាធរស្រុក ក៏ដូចក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកព្រៃនប់ និងអនុសាខាកាកបាទ ក្រហមស្រុក បានជួយជាស័ង្គសីសម្រាប់សម្រួលការលំបាករបស់បងប្អូនរងគ្រោះបានមួយជំហានផងដែរ ព្រោះជារៀងរាល់ឆ្នាំ ឃុំមួយចំនួនក្នុងស្រុកព្រៃនប់តែងតែរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ទ្រាក់នៅចុងរដូវរំហើយ ហើយក្រុមការងារក៏បានចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងបាននាំយកអំណោយរបស់កាកបាទក្រហមយកមកចែកជូនបានទាន់ពេលវេលា។

ឯកឧត្តម ក៏បានអគុណដល់អនុសាខាស្រុក ក៏ដូចសាខាខេត្ត យុវជនស្ម័គ្រចិត្ត អ្នកស្ម័គ្រ ចិត្តសាខាបានសហការគ្នារៀបចំជាអំណោយបានទាន់ពេលវេលាជាការងារមនុស្សធម៌មួយដែលយើងបានធ្វើការលះបង់គ្រប់បែបយ៉ាងសម្រេាប់ជួយគ្នាក្នុងគ្រាក្រ ជួយគ្នាក្នុងគ្រាលំបាក ស្របតាមគោលការណ៍គ្រឹះរបស់កាកបាទក្រហមកម្ពុជា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតពីការលំបាក ជិតឆ្ងាយមាន ព្យុះភ្លៀង កាកបាទក្រហមកម្ពុជា ទៅដល់ទីនោះដោយមិនរុញរាឡើយ ជាគោលដៅរួមចំណែកជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ លើកទឹកចិត្តនូវក្តីសង្ឃឹម និងភាពកក់ក្តៅដល់ជនរងគ្រោះ គ្រួសាររងគ្រោះ ជាពិសេសជនចាស់ជរា ជនគ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា និងគ្រួសារដែលមានជំងឺប្រចាំកាយជាដើម ។

ក្នុងឱកាសនោះឯកឧត្តមប្រធាន ក៏បានពាំនាំសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាជូនចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងមិនរងគ្រោះក្នុងស្រុកព្រៃនប់ ព្រោះទីណាមានការលំបាក គឺមានគណបក្សប្រជាជននៅជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច ក្រោមការដឹក បន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចនៅតែបន្តកៀគរអ្នកវិនិយោគពីបរទេសមកកាន់ខេត្តព្រះសីហនុ ធ្វើឱ្យកូនចៅរបស់យើងមានការងារធ្វើ មានប្រាក់ចំណូលក្នុងគ្រួសារ បង្កើនជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់ ។

ឯកឧត្តម បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហកមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះចំនួន ៤៤៣គ្រួសា ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូ មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ កន្ទេល១ ឃីត១កញ្ចប់ (មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន ៥ម៉ឺនរៀល ដោយឡែកប្រជាពលរដ្ឋរលំផ្ទះចំនួន២ខ្នង ទទួលបានតង់១ សម្ភារ:ផ្ទះបាយ១ឈុត និងថវិកា ១លានរៀល ៕