ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យ ២គ្រួសារ ស្ថិតនៅក្នុង ក្រុងព្រះសីហនុ ទទួលបានអំណោយ មនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាខេត្ត លោក សរ កក្កដា ប្រធានគណៈកម្មា ធិការអនុសាខាក្រុង មន្ត្រីសាខា និងអ្នកស្ម័គ្រចិត្ត បាននាំយកអំណោយមនុស្សធម៌របស់កាកបាទ ក្រហមខេត្ត ចែកជូនដល់ប្រជាពលរដ្ឋ ចំនួន ២ គ្រួសារ ដែលរងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះចំនួន ២ខ្នង ស្ថិតនៅក្នុង ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះឯកឧត្តម ម៉ាង ស៊ីណេត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខអាណិតអាសូរក្រៃលែង ចូលរួមសោកស្ដាយចំពោះគ្រួសាររងគ្រោះ ពី សំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខ ទុក្ខជូនដល់គ្រួសាររងគ្រោះដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។

ជាមួយគ្នានេះឯកឧត្តម បានក្រើនរំលឹកដល់គ្រួសាររងគ្រោះអោយប្រុងប្រយ័ត្ន អំពីគ្រោះមហន្តរាយនានាពិសេស គ្រោះអគ្គិភ័យ ដែលអាចកើតមានគ្រប់ ពេលប្រសិនបើមានការធ្វេសប្រហែសណាមួយ ។ ហេតុនេះមុននឹងចេញពីផ្ទះត្រូវពន្លត់ភ្លើងចង្ក្រាន ហ្គាស បិទកុងតាក់ជាមុនសិន ពិសេសការតបណ្តាញអគ្គិសនី ត្រូវហៅអ្នកជំនាញ មករៀបចំភ្ជាប់ចរន្តទៅតាមបទដ្ឋាន បច្ចេកទេសអោយបានត្រឹមត្រូវ ។ជាមួយនោះ ត្រូវយកចិត្តទុកដាក់ ថែទាំសុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនជាប្រចាំ ។

សម្ភារៈសាខាផ្ដល់ជូនគ្រួសាររងគ្រោះដោយសារអគ្គីភ័យក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៥០គីឡូ ក្រាម ត្រីខ ១យួរ មី ២កេស ទឹកត្រី ១យួរ ទឹកសុទ្ធ ២កេស កន្ទេល១ ឃីត១(មុង១ ភួយ១ ក្រមា១ សារុង ១) និងថវិកាចំនួន ១លានរៀល ។ជាមួយគ្នាឯកឧត្តមប្រធានបានឧបត្ថម្ភដល់ ម្ដាយស្ដ្រីរងគ្រោះជួបគ្រោះថ្នាក់ចរាចរណ៍ ថវិការចំនួន ៤០មុឺនរៀល។