ប្រតិភូកម្ពុជាសិក្សាពីវត្ថុសិល្បៈបុរាណតាមពុទ្ធសាសនាឥណ្ឌានៅសារមន្ទីរកបិលភស្តុ

្នុងអំឡុងពេលធម្មយាត្រាទៅកាន់រដ្ឋឧត្តរប្រទេស (Uttar Pradesh) របស់ឥណ្ឌា គណៈប្រតិភូកម្ពុជានាល្ងាចថ្ងៃព្រហស្បតិ៍បានឆ្លៀតឱកាសចូលទៅសិក្សាអំពីឥទ្ធិពលរបស់ពុទ្ធប្រវត្តិក្នុងសិល្បៈឥណ្ឌានៅសារមន្ទីរកបិលភស្តុ (Kapilvastu Museum) ដែលជាកម្មវត្ថុជាទីចាប់អារម្មណ៍សម្រាប់ពុទ្ធសាសនិកខ្មែរដែលធ្វើដំណើរក្នុងគោលបំណងសាសនា។
ដំណើរទស្សនៈកិច្ចនេះគឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចសិក្សាទៅកាន់ប្រទេសឥណ្ឌាដែលរៀបចំដោយរដ្ឋាភិបាលនៃរដ្ឋ ឧត្តរប្រទេស ដែលជាមជ្ឈមណ្ឌលទេសចរណ៍ព្រះពុទ្ធសាសនាដ៏ធំមួយលើពិភពលោក សហការជាមួយសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) ចូលរួមចំនួន ២០ នាក់ ដែលរួមទាំងភ្នាក់ងារទេសចរណ៍ក្នុងស្រុក និងអ្នកសារព័ត៌មាន រយៈពេលមួយសប្តាហ៍នៅក្នុងរដ្ឋដើម្បីស្វែងយល់ពីគោលដៅទេសចរណ៍សំខាន់ៗ ទាក់ទងជាមួយព្រះពុទ្ធសាមណៈគោតម ក៏ដូចជាសាវ័កដែលដើរតាមព្រះអង្គ កាលពីទ្រង់នៅគង់មានព្រះជន្មនៅជាង ២,៥០០ ឆ្នាំមុន ។
សូមបញ្ជាក់ផងដែរថា ក្រុងកបិលភស្តុ ឬកបិលវត្ថុ នៃប្រទេសឥណ្ឌាគឺជា ទីក្រុងបុរាណមួយដែលត្រូវបានគេស្គាល់ថា ជាទីទាំងដែលព្រះពុទ្ធសាមណៈគោតមបានចម្រើនវ័យនិងគង់នៅរហូតដល់ពេលលោកចេញសាងផ្នួស។ នៅទីក្រុងនេះមានសំណង់ប្រវត្តិសាស្រ្តជាច្រើនដែលជាប់ពាកព័ន្ធនឹងព្រះពុទ្ធ និងសាវ័ករបស់ទ្រង់ ឬក៏ត្រូវបានកសាងឡើងឧទ្ទិសទៅដល់ព្រះអង្គ។ កំណាយប្រវត្ថិសាស្រ្ត បានរកឃើញវត្ថុបុរាណជាច្រើនដែលបង្ហាញពីព្រឹត្តការណ៍សំខាន់ៗនានាក្នុងពុទ្ធប្រវត្តិ។
ដោយឡែក សារមន្ទីរកបិលភស្តុគឺជាកន្លែងដែលដាក់តាំងវត្ថុបុរាណនានា ជាពិសេសវត្ថុបុរាណទាក់ទងនឹងព្រះពុទ្ធសាសនា ព្រមទាំងរូបថតវត្ថុបុរាណមកទីទូទាំងពិភពលោកផងដែរ។
ការលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងឥណ្ឌាខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រទេសអាស៊ីទាំងពីរបានរួមដៃគ្នាពង្រីកជើងហោះហើរត្រង់រវាងគ្នាទៅវិញទៅមក។ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអង្គរអ៊ែរកាលពីខែមិថុនាឆ្នាំនេះបានចាប់ផ្តើមជើងហោះហើរត្រង់លើកដំបូងរវាងកម្ពុជានិងឥណ្ឌា ដែលដំណើរការបួនដងក្នុងមួយសប្តាហ៍។
ថ្មីៗនេះផងដែរ ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា បានប្រកាសថា ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបឈានមុខគេរបស់ឥណ្ឌាគឺ IndiGo គ្រោងនឹងពង្រីកបណ្តាញអន្តរជាតិរបស់ខ្លួនជាមួយនឹងដាក់ចេញជើងហោះហើរត្រង់មកកាន់ប្រទេសកម្ពុជានៅឆ្នាំក្រោយ៕