ប្រតិភូក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

នៅព្រឹកថ្ងៃទី២៩ ខែមីនានេះ គណៈប្រតិភូក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយ ថោ ជេជ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលបានទទួលមរណភាពក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមរដ្ឋមន្ត្រី និងមន្ដ្រីរាជការទាំងអស់នៃក្រសួងធនធានទឹក និងឧតុនិយម, គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និង សោកស្តាយបំផុតចំពោះមរណភាពរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ដែលត្រូវជាឪពុកធំ បងប្រុសធំ ឪពុក ឪពុកក្មេក ជីតាធំ ជីតា ដ៏គំរូមួយរូបប្រកបដោយគុណូបការៈ និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃចំពោះក្រុមគ្រួសារ។
ការបាត់បង់ ឯកឧត្តមអ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ គឺជាការបាត់បង់នូវឪពុកធំ បងប្រុសធំ ឪពុក ឪពុកក្មេក ជីតាធំ ជីតា ជាទីគោរព ស្រឡាញ់ ដែលក្នុងមួយជីវិតនេះ ឯកឧត្តមអ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ យកអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតី អប់រំទូន្មាន ថែរក្សាកូនចៅ ឱ្យក្លាយជាធនធានមនុស្សដ៏ល្អប្រពៃសម្រាប់សង្គមជាតិ។ មិនត្រឹមតែប៉ុណ្ណោះ មរណភាពរបស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ គឺជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូបប្រកបដោយឆន្ទៈ មនសិការជាតិ និងបទពិសោធន៍ ខ្ពស់ ដែលបានលះបង់តស៊ូគ្រប់ឧបសគ្គដើម្បីជាតិ និងប្រជាជន ក្នុងគ្រប់កាលៈទេសៈ ។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តមរដ្ឋមន្ត្រី និងមន្ដ្រីរាជការទាំងអស់នៃក្រសួងធនធានទឹក និងឧតុនិយម, គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប បានឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តមអ្នកឧកញ៉ ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕