ប្រតិភូក្រុមបាល់ទាត់តារាកម្ពុជា ដឹកនាំដោយតារាចម្រៀងលោក ខេម គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ ក្រុមបាល់ទាត់តាកម្ពុជា ដឹកនាំដោយតារាចម្រៀងលោក ខេម ប្រធានក្រុមបាល់ទាត់តារាកម្ពុជា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជាបងប្រុសបង្កើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅគេហដ្ឋាន ស្ថិតក្នុងភូមិ២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងវេលាដ៏ក្រៀមក្រំនេះ, ប្រតិភូក្រុមបាល់ទាត់តារាកម្ពុជា បានធ្វើការលំឱនកាយចិត្តគោរពវិញាណក្ខន្ធ និងបានលើកហត្ថប្រណមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជួយដឹកនាំដួងវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕