ប្រតិភូតុលាការកំពូល ដឹកនាំដោយ ឯកឧត្តម ជីវ កេង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

នៅព្រឹកថ្ងៃទី២៩ ខែមីនានេះ គណៈប្រតិភូតុលាការកំពូល ដឹកនាំដោយ ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូល បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលបានទទួលមរណភាពក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។
ស្ថិតក្នុងបរិយាកាសដ៏សែនវិយោគសោកសៅ ប្រកបដោយអនិច្ចលក្ខណធម៌ សោកស្តាយស្រណោះ អាឡោះអាល័យ ជាពន់ពេកប្រមាណ ឯកឧត្តម ជីវ កេង និងគណៈប្រតិភូតុលាការកំពូល បានសម្ដែងអភិវន្ទនកិច្ចចូលរួមរំលែកនូវមរណទុក្ខដ៏មហាក្រៀមក្រំនេះ ដោយសោកសង្វេគស្ទើររក ទីបំផុតគ្មាន។
មរណភាពរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ គឺជាការបាត់បង់ បងប្រុសបង្កើត ឪពុក បង្កើត ឪពុកក្មេក ជីតា និងជាជីតាទួត ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ល្អប្រពៃ ដែលកន្លងមក ឯកឧត្តមអ្នកឧកញ៉ា ឧត្ដមមត្រីវិសិដ្ឋ ជាកុលបុត្រកម្ពុជាដ៏ឆ្នើមដែលបានបំពេញបេសកកម្មដ៏ឧត្ដុង្គឧត្តមប្រកប ដោយមនសិការជាតិ និងគតិបណ្ឌិតឈ្លាសវៃជាមួយនឹងបទពិសោធដ៏ប៉ិនប្រសប់ក្នុងការរួមចំណែកយ៉ាងសកម្មក្នុងដំណើរ ការស្ថាបនា ស្តារ និងអភិវឌ្ឍប្រទេសជាតិឱ្យបានរីកចម្រើន និងសម្បូរសប្បាយជានិច្ចនិរន្តរ៍តរៀងទៅ។ ជាងនេះទៅទៀត ឯកឧត្តមអ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ បានបរិច្ចាគកម្លាំងកាយចិត្ត និងទ្រព្យធនដោយចិត្តសទ្ធាជ្រះថ្លាដ៏ជ្រាលជ បំផុត ចូលរួមកសាងសមិទ្ធផលនានា ជាច្រើនសម្រាប់សង្គមជាតិ ជាពិសេសបានជួយទ្រទ្រង់ និងលើកកម្ពស់វិស័យ ព្រះពុទ្ធសាសនានៅកម្ពុជាឱ្យមានការរីកចម្រើនជាភិយ្យោភាព។
ក្នុងវេលាដ៏ក្តុកក្តួលរំជួលចិត្ត សោកសង្រេងស្ទើររកទីបំផុតគ្មាននេះ យើងខ្ញុំសូមលំឱនកាយវាចាចិត្ដឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន សូមបានចាប់បដិសន្ធិក្នុង សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕