ប្រទីបថ្មីរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងបង្ហាញសោភណភាព ស្រស់ស្អាតនៅក្នុងការចូលរួមបណ្តែតអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤

ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញបច្ចេកទេស គណៈកម្មការ នៃអនុគណៈកម្មការ ទទួលបន្ទុករៀបចំប្រទីប នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សម្រាប់ចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានបើកកិច្ចប្រជុំរបស់ខ្លួននៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំបច្ចេកទេស រចនាបថប្រទីបនិងខ្លឹមសារនានាអោយបានល្អ ត្រឹមត្រូវ សម្រាប់យកទៅផ្សព្វផ្សាយ និងបង្ហាញអោយសាធារណជនទូទៅ បានឃើញនូវប្រទីបថ្មី ដែលមានសោភណភាព ស្រស់ស្អាត នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ។  តាមតូលេខបង្ហាញដោយ គណៈកម្មាធិការរៀចំបុណ្យជាតិ និងអន្តរជាតិ-អន្តរជាតិ បានអោយដឹងថា ចំនួនប្រទីបដែលត្រូវចូលបណ្តែតអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ មានចំនួន ៣៥ ដោយប្រទីបក្រសួង-ស្ថាប័ន ៣៤ ប្រទីប ប្រទីបក្រុមហ៊ុនចំនួន ១ ហើយសម្រាប់ឆ្នាំនេះដែរ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏មានមោទនភាព បានរៀបចំប្រទីបចូលរួមសប្បាយរីករាយផងដែរ ៕