ប្រធានក្រុមហ៊ុនគម្រោងប្រព័ន្ធផ្សព្វផ្សាយចល័តបច្ចេកវិទ្យាឌីជីថលអេក្រង់ 3D AI ចង់ធ្វើការវិនិយោគទុននៅកម្ពុជា លើវិស័យបច្ចេកវិទ្យាឌីជីថល អេក្រង់3D AI ដោយគ្មានវ៉ែនតា និងវិស័យបច្ចេកវិទ្យាជាច្រើនផ្សេងទៀត
ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន គណៈប្រតិភូវិនិយោគិននៃប្រទេសចិនមួយក្រុមដឹកនាំដោយ លោក Ye Shaogan ប្រធានក្រុមហ៊ុនគម្រោងប្រព័ន្ធផ្សព្វផ្សាយចល័តបច្ចេកវិទ្យាឌីជីថលអេក្រង់3D AI ដោយគ្មានវែនតា បានជម្រាបជូនពីគម្រោងចង់មកធ្វើការវិនិយោគទុននៅក្នុងប្រទេសកម្ពុជា លើវិស័យបច្ចេកវិទ្យាឌីជីថល អេក្រង់3D AI ដោយគ្មានវ៉ែនតា និងវិស័យបច្ចេកវិទ្យាជាច្រើនផ្សេងទៀត។
ឯកឧត្តម សុខ ប្រសិទ្ធិ បានថ្លែងនូវការគាំទ្រចំពោះគម្រោងវិនិយោគនានានៅក្នុងប្រទេសកម្ពុជារបស់ លោក Ye Shaogan ប្រធានក្រុមហ៊ុនគម្រោងប្រព័ន្ធផ្សព្វផ្សាយចល័តបច្ចេកវិទ្យាឌីជីថល ប្រទេសចិន ហើយតាមរយៈនេះ ឯកឧត្តម រដ្ឋលេខាធិការក្រសួងព័ត៌មាន បានជម្រាបជូនអំពីសក្តានុពល និងភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពិតជាមានសុខសន្តិភាពយ៉ាងល្អរឹងមាំ ។ ឯកឧត្តម ក៏បានលើកឡើងពីទំនាក់ទំនងរបស់ចិន និងកម្ពុជា ដោយផ្តោតលើការអភិវឌ្ឍកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន និងសម្រេចបាននូវការអភិវឌ្ឍរួមប្រកបដោយចីរភាព និងគុណភាពខ្ពស់។ ជាមួយនេះក៏បានជម្រាបជូន អំពីយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល កំណត់យកអាទិភាពគន្លឹះ ៥ គឺ: “មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា” ជាពិសេស គឺ “បច្ចេកវិទ្យាឌីជីថល” ឧស្សាហកម្មទី៤ សេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចដែលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់ នៃការសម្រេចបាន ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។
លោក Ye shaogan បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងចិន និងកម្ពុជា បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលបានអនុញ្ញាតអោយក្រុមហ៊ុន ចូលជួប ពិភាក្សាការងារ និងស្វែងយល់ឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា ។ លោកប្រធាន បានបង្ហាញនូវចំណាប់អារម្ឦណ៍ដោយបានឃើញប្រទេសកម្ពុជាមានការអភិវឌ្ឍន៍បានយ៉ាងលឿន ហើយក៏ជាប្រទេសមានអំណោយផលដល់ក្រុមហ៊ុន ក្នុងការវិនិយោគផងដែរ។
លោក Ye shaogan បានបញ្ជាក់ជូនថា គោលដៅរបស់ក្រុមហ៊ុន គឺស្រាវជ្រាវបច្ចេកទេសថ្មីៗ អេក្រង់ថ្មីៗ ផលិត 2D 3D រហូតមកដល់បច្ចុប្បន្ន និងប្រព័ន្ធអ៊ីនធឺណេត 5G ដោយក្រុមហ៊ុនបានធ្វើការបញ្ចូលប្រព័ន្ធ3D ជាមួយអ៊ីនធឺណេត 5G ជាបច្ចេកវិទ្យាតែមួយ។ បច្ចុប្បន្ន ក្រុមហ៊ុនបានមើលឃើញទីផ្សារប្រទេសកម្ពុជា ហើយក៏ចង់នាំយកបច្ចេកវិទ្យា 3D តភ្ជាប់អេក្រង់តាមទីសាធារណៈ ឡានក្រុង សាលារៀន បន្ថែមពីនេះទៅទៀតប្រព័ន្ធ 3Dក៏ជាកម្មវិធីសម្រាប់ដាក់តាមសាលាពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ឱ្យសិស្សស្វែងយល់អំពីការប្រព្រឹត្តទៅនានា នៅក្នុងប្រវត្តិសាស្រ្ដ វិទ្យាសាស្រ្ដ និងការសិក្សាផ្សេងៗទៀតដោយប្រើប្រាស់បង្ហាញតាមប្រព័ន្ធ3D។
ប្រព័ន្ធ 3D មានការអភិវឌ្ឍជាបន្តបន្ទាប់ហើយក៏អាចព្យាបាលភ្នែកម្ញូបរបស់កុមារពីអាយុ ៦ឆ្នាំ ដល់១៨ឆ្នាំ និងបានសិក្សានៅប្រទេសចិន គឺមានអ្នកម្ញូបភ្នែកប្រហែល ៥១% នៃប្រជាជនចិនទាំងមូល ចំណែកនៅប៉ែកខាងអាស៊ីគឺមានពី៣០% ទៅ៤០% ដែលមានភ្នែកម្ញូប។
លោកប្រធាន សង្ឃឹមថាប្រទេសកម្ពុជា នឹងអនុញ្ញាតដល់ក្រុមហ៊ុន នាំយកប្រព័ន្ធបច្ចេកវិទ្យាអេក្រង់3D AI ដាក់អោយដំណើរការដើម្បីជាប្រយោជន៍ដល់ប្រជាជន និងសិស្សដែលកំពុងសិក្សានៅតាមសាលារដ្ឋ និងឯកជន។
ជាការឆ្លើយតប ឯកឧត្តម សុខ ប្រសិទ្ធិ បានគាំទ្រចំពោះគម្រោងរបស់ក្រុមហ៊ុនដែលបានលើកមកបង្ហាញ ដែលជាការចូលរួមយ៉ាងសំខាន់របស់វិស័យឯកជនក្នុងការកសាងបច្ចេកវិទ្យាឌីជីថល 3D AI នៅប្រទេសកម្ពុជា។ ឯកឧត្តម បានណែនាំដល់ក្រុមហ៊ុនបន្តសិក្សាស្រាវជ្រាវ និងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីស្វែងយល់កាន់តែច្បាស់អំពីទិដ្ឋភាពច្បាប់ និងនីតិវិធីនៃការវិនិយោគដែលទាក់ទងនឹងគម្រោងវិនិយោគផ្សេងទៀតរបស់ក្រុមហ៊ុន៕