ប្រធានតុលាការកំពូល ៖ បានលឺគេនិយាយ ១០០ ១០០០ដង ក៏មិនស្មើនឹងបានឃើញម្ដង ដូច្នេះក្នុងនាមជាប្រជាជន ដែលមានភក្តីភាពចំពោះជាតិមាតុភូមិ ត្រូវតែបានឃើញ និងស្គាល់ឲបានច្បាស់ ពីទឹកដីកំណើតរបស់ខ្លួន
បានលឺគេនិយាយ 10០ដង 1០០០ដង ក៏មិនស្មើនឹងបានឃើញម្ដង ដូច្នេះក្នុងនាមជាប្រជាជនដែលមានភក្តីភាពចំពោះជាតិមាតុភូមិ ត្រូវតែបានឃើញ និងស្គាល់ឲបានច្បាស់ ពីទឹកដីកំណើតរបស់ខ្លួន នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល ក្នុងឪកាសដែល ឯកឧត្តមបណ្ឌិត និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញាមហាអយ្យការអមតុលាការកំពូល ដឹកនាំគណៈប្រតិភូតុលាការ និងមហាអយ្យការអមតុលាកំពូល អញ្ជើញធ្វើដំណើរទស្សនកិច្ចទៅកាន់ខេត្តប៉ែកឦសាន អមដោយការអត្ថាធិប្បាយពន្យល់យ៉ាងលម្អិតដោយ ឯកឧត្តម ឃុំ ប៉ុណ្ណាប័ន្ន អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសកិច្ចការព្រំដែន ពាក់ព័ន្ធនឹងការងារព្រំដែន ការងារបោះបង្គោល ខណ្ឌសីមាព្រំដែនគោក និងការថែរក្សាការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដីកម្ពុជា ក្នុងនោះមាន: ខេត្តត្បូងឃ្មុំ ក្រចេះ មណ្ឌលគីរី រតនគីរី និងខេត្តស្ទឹងត្រែង ដែលមានរយះពេល3ថ្ងៃ ។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូ បានទៅទស្សនាទីតាំងនានា តាមបន្ទាត់បង្គោលព្រំដែនលេខ130 ជាបង្គោលព្រំដែនមេ ប្រភេទទោល (B) ស្ថិតក្នុងភូមិថ្លុកត្រាច ឃុំកក់ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ជាប់ខេត្តតៃនិញ ប្រទេសវៀតណាម, ទីតាំងបង្គោលព្រំដែនលេខ 69 ជាបង្គោលព្រំដែនមេ ប្រភេទទោល (A) បោះនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ-វ៉ាលី ស្ថិតក្នុងភូមិត្រពាំងស្រែ ឃុំ2ធ្នូ ស្រុកស្នូល ខេត្តក្រចេះ (ជាប់ខេត្តប៊ិញភឿក), ទីតាំងបង្គោលព្រំដែនលេខ 66 (1,2) ជាបង្គោលព្រំដែនមេ ប្រភេទភ្លោះ (B) ស្ថិតក្នុងភូមិត្រពាំងស្រែ ឃុំ2ធ្នូ ស្រុកស្នួល ខេត្តក្រចេះ (ជាប់ខេត្តប៊ិញភឿក), ទីតាំងបង្គោលព្រំដែនលេខ 65/10 (1.2.3) ជាបង្គោលព្រំដែនបំពេញបន្ថែម ប្រភេទត្រី ស្ថិតនៅចំណុចព្រំប្រទល់ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ក្នុងភូមិវាលបីចក្រីហេង ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះនិងក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី (ជាប់ខេត្តប៊ីញភឿក), ទីតាំងបង្គោលព្រំដែនលេខ 65(1,2) ជាបង្គោលព្រំដែនមេ ប្រភេទភ្លោះ (B) នៅទីតាំងច្រកទ្វារព្រំដែនទ្វេភាគី ឡាប៉ាខេ-ហ័ងយៀវ ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី (ជាប់ខេត្តប៊ិញភឿក)។ មិនតែប៉ុណ្ណោះ គណប្រតិភូ ក៏បានស្វែងយល់ផងដែរ អំពីស្ថានភាពពិតនៃសង្គម សេដ្ឋកិច្ច និងវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ដែលមានការអភិវឌ្ឍន៍ជាក់ស្តែងយ៉ាងច្រើន និងជាបន្តបន្ទាប់។
និងបានចូលរួមដាំដើមត្នោត ចំនួន2000ដើម តាមខ្សែបន្ទាត់ព្រំដែន ចាប់ពីខេត្តត្បូងឃ្មុំ ទៅខេត្តក្រចេះ ដែលដើមត្នោតទាំងនេះ ត្រូវបានឧបត្ថម្ភដោយ ក្រសួងបរិស្ថាន។ ក្នុងឪកាសនោះដែល ឯកឧត្តមបណ្ឌិត ជីវ កេង បានឲដឹងថា ការដាំដើមត្នោតនៅតាមខ្សែបន្ទាត់ព្រំដែននេះ ពីព្រោះដើមត្នោត គឺជាអត្តសញ្ញាណរបស់ជាតិខ្មែរ មានន័យថាប្រជាពលរដ្ឋខ្មែរតែងតែសម្គាល់ថា ឲតែមានដើមត្នោតនៅទីណា គឺទីនោះជាទឹកដីរបស់ខ្មែរ ដូច្នេះការដាំដើមត្នោត នៅតាមខ្សែបន្ទាត់ព្រំដែន គឺដើម្បីជាសក្ខីភាពបញ្ជាក់ថា នេះគឺជាទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឪកាសនោះផងដែល គណៈប្រតិភូតុលាការ ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល បានអញ្ជើញទៅធ្វើទស្សនកិច្ច និងបានជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ដើម្បីស្វែងយល់អំពីវឌ្ឍនភាព នៃវិស័យតុលាការនិងការអភិវឌ្ឍ នៅសាលាដំបូងខេត្តប៉ែកឦសាន ដូចជា សាលាដំបូងខេត្តក្រចេះ សាលាដំបូងខេត្តមណ្ឌលគិរី សាលាដំបូងខេត្តរតនគិរី សាលាដំបូងខេត្តស្ទឹងត្រែង។ មានប្រសាសន៍ក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត បានឲដឹងថា ដើម្បីឆ្លើយតបតាមគោលបំណង របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាពលរដ្ឋល្អ ជាប្រជាជនដែលមានភក្តីភាពចំពោះជាតិមាតុភូមិ ត្រូវតែបានឃើញនិងស្គាល់ឲបានច្បាស់ ពីទឹកដីកំណើតរបស់ខ្លួន ត្រូវតែជឿជាក់លើការដឹកនាំ របស់រាជរដ្ឋាភិបាលបន្តវេន និងការយកជីវិតធ្វើជាដើមទុនរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីប្តូរមកវិញនូវសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ដែលមកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅតែមានឆន្ទៈមុតស្រួចប្ដេជ្ញាចិត្ត ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ឲបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។ ហេតុដូចនេះទើប សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរៀបចំឲមានដំណើរទស្សនកិច្ច សម្រាប់ប្រជាពលរដ្ឋ ដែលចង់ឃើញផ្ទាល់ភ្នែកនូវបង្គោលព្រំដែន និងការអភិវឌ្ឍនៅតាមបណ្តាខេត្ត ដែលមានព្រំប្រទល់ជាប់ប្រទេសឡាវ និងវៀតណាម ដើម្បីកុំឲចាញ់ការបោកបញ្ឆោត ញុះញង់ក្នុងចេតនាអាក្រក់ពីសំណាក់ជនឆ្លៀតឱកាសមួយចំនួន ដែលមានគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ក្នុងដំណើរទស្សនកិច្ចនេះដែរ ឯកឧត្តមបណ្ឌិត ជីវ កេង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់ឱកាស និងជំរុញឲប្រជាពលរដ្ឋ បានចូលរួមធ្វើទស្សនកិច្ចស្វែងយល់ ដោយផ្ទាល់ភ្នែកនៅក្នុងបណ្ដាខេត្តជាប់ព្រំដែន ដើម្បីបានដឹងនិងស្គាល់កាន់តែច្បាស់នូវបង្គោលព្រំដែនរបស់កម្ពុជា ដែលមានកិច្ចការពារយ៉ាងម៉ឺងម៉ាត់ មិនមានប្រទេសណាអាចរំលោភបំពានបូរណភាពទឹកដីបានឡើយ និងបានស្វែងយល់អំពីវឌ្ឍនភាព នៃការអភិវឌ្ឍន៍ក្នុងបណ្ដាខេត្តជាប់ព្រំដែនទាំងនោះផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន អាជ្ញាធរខេត្ត សាលាដំបូងនៃខេត្តក្រចេះ មណ្ឌលគិរី រតនគីរី និងខេត្តស្ទឹងត្រែង ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងជួយសម្របសម្រួលឲដំណើរទស្សនកិច្ច ពិនិត្យបង្គោលព្រំដែននៅតាមបណ្ដាខេត្តជាប់ព្រំដែន ប្រទេសឡាវ និងវៀតណាមនេះ ឲប្រព្រឹត្តទៅដោយរលូន សប្បាយរីករាយ និងភាពជោគជ័យតាមការរំពឹងទុក។
បន្ទាប់មកគណៈប្រតិភូតុលាការ បានបន្តដំណើរទស្សនកិច្ចឡើងទៅកាន់ភ្នំដោះក្រមុំ ដែលជាតំបន់រមណីយដ្ឋានធម្មជាតិ ដ៏ស្រស់ត្រកាលរបស់កម្ពុជា មានវាលស្មៅចាប់ពីចង្កេះភ្នំ រហូតដល់កំពូលភ្នំ និងជាបូជនីយដ្ឋានទេសចរណ៍មួយ នៅក្នុងខេត្តមណ្ឌលគិរី ដែលជនជាតិភាគតិចនិងខ្មែរ គោរពបូជាតាមជំនឿនិងទំនៀមទំលាប់របស់ខ្លួន។ តមក គណៈប្រតិភូបាន បន្តដំណើរទៅទស្សនា ទំនប់វារីអគ្គិសនីសេសានក្រោម2 ដែលស្ថិតនៅក្នុងឃុំភ្លុក ឃុំស្រែគរ និងឃុំក្បាលរមាស ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង។ ទំនប់នេះមានប្រវែង 6,5 គីឡូម៉ែត្រដែលវែងបំផុតក្នុងទ្វីបអាស៊ី និងមានកម្ពស់ 75 ម៉ែត្រ ដោយមានអានុភាពផលិតវារីអគ្គិសនីបានចំនួន 400 មេហ្កាវ៉ាត់។ បន្ទាប់មក គណៈប្រតិភូតុលាការ ក៏បានបន្តដំណើរទៅកាន់វត្តពោធិញ្ញាណព្រះអង្គធំ ស្ថិតក្នុងក្រុងស្ទឹងត្រែង ដើម្បីធ្វើសក្ការៈបូជានិងបួងសួងសុំសេចក្តីសុខចម្រើនកើតមានដល់ប្រមុខរាជរដ្ឋាភិបាល ប្រជាពលរដ្ឋនិងប្រទេសជាតិ តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាផងដែរ។