ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ បានបញ្ជាក់ជំហរចូលរួមសហការជាមួយក្រសួងព័ត៌មាន ប្រឆាំងព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា ទៅកាន់ពិភពលោកបានដឹងកាន់តែច្បាស់

ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងសព័ត៌មាន នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ នាទីស្តីការក្រសួង លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនង នៃក្រុមហ៊ុនព្រីនស៍ ហូលឌីង Group បានបញ្ជាក់ពីជំហរក្នុងការចូលរួមពង្រឹងកិច្ចសហការជាមួយក្រសួងព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងចូលរួមផ្សព្វផ្សាយនូវរាល់ព័ត៌មានពិត និងការពិតជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា ទៅកាន់ពិភពលោកបាន យល់ដឹងបន្ថែមទៀត។

លោកប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុនព្រីនស៍ ហូលឌីង Group បានគូសបញ្ជាក់ថា ក្នុងនាមជាវិស័យឯកជនដែលមកបណ្តាក់ទុនវិនិយោគនៅក្នុងកម្ពុជា ក្រុមហ៊ុនព្រីនស៍ ហូលឌីង បានចូលរួមសហការលើកិច្ចការងារមួយចំនួនជាមួយក្រសួងព័ត៌មាន ហើយជាមួយគ្នានេះព្រីនស៍ នឹងខិតខំក្នុងការចូលរួមផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជា ទៅកាន់ពិភពលោក។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជម្រាបជូនពីកិច្ចការងារជាច្រើនពាក់ព័ន្ធនឹងវិស័យព័ត៌មាននៅកម្ពុជា ជាពិសេសការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងយុគសម័យឌីជីថល។ ឯកឧត្តម បានបញ្ជាក់ជូនដែរថា ក្រសួងព័ត៌មានក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ- Say No To Fake News» កាលពីដើមខែមេសា ឆ្នាំ២០២៥ ហើយយុទ្ធនាការនេះនឹងធ្វើរយៈពេល ១ឆ្នាំក្នុងគោលបំណងកាត់បន្ថយឱ្យមកនៅកម្រិតអប្បបរិមានូវព័ត៌មានក្លែងក្លាយពីលំហព័ត៌មានក្នុងសង្គមកម្ពុជា សំដៅធានាសន្តិសុខព័ត៌មាន មានន័យថា ការទទួលព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាព ជូនប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។

  លោក Gabriel Tan បានគូសបញ្ជាក់ថា តាមរយៈយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដែលទើបនឹងចាប់ជាផ្លូវការនេះ ក្នុងនាមវិស័យឯកជន នឹងចូលរួមចំណែកជាមួយក្រសួងព័ត៌មាន ទៅតាមលទ្ធភាព ក្នុងការធ្វើយ៉ាងណាទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយនៅកម្ពុជាឲ្យទទួលបានលទ្ធផលល្អ។ 

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា បានថ្លែងអំណរគុណដល់ ក្រុមហ៊ុនព្រីនស៍ ដែលបានចូលរួមជាមួយក្រសួងព័ត៌មាន ក្នុងពេលកន្លងមក និងបន្តទៅមុខទៀត ព្រោះការចូលរួមពីសំណាក់វិស័យឯកជន គឺពិតជាមានសារៈសំខាន់ក្នុងការចូលរួមអប់រំ ផ្តល់ការយល់ដឹងដល់សាធារណជនឱ្យបានទូលំទូលាយពីប្រធានបទប្រឆាំងព័ត៌មានក្លែងក្លាយ និងការចូលរួមផ្សព្វផ្សាយព័ត៌មាន ភាពត្រឹមត្រូវដែលមាននៅកម្ពុជា ទៅកាន់ពិភពលោកបានដឹង៕