ប្រធានរដ្ឋសភាកម្ពុជា-ចិន៖ ជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន កាន់តែរឹងមាំ ស៊ីជម្រៅបន្ថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាពលរដ្ឋកាន់តែច្រើនឡើង
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន បានប្តេជ្ញារួមគ្នា បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភានៃប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ ស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយឡើងថែមទៀត ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដោយយកប្រជាជនជាស្នូល សំដៅធ្វើយ៉ាងណាគំាទ្រនិងជំរុញកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលប្រទេសទំាងពីរបានដាក់ចេញ ឱ្យសម្រេចជាលទ្ធផលជាក់ស្តែង។ ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា-ចិន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយគ្នា នៅវិមានសភាតំណាងប្រជាជនចិន នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្នុងពេលដែលសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន។ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជាប្រពៃណី មិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដើម្បីសម្រេចបានសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ ស្តង់ដាខ្ពស់ និងកម្រិតខ្ពស់។