ប្រធានរដ្ឋសភាវៀតណាមផ្តើមបំពេញទស្សនកិច្ច៤ថ្ងៃនៅកម្ពុជា តបតាមការអញ្ជើញ របស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា

នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២៤នេះ ឯកឧត្តម ជិន ថាញ់មិន( Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញដល់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពរយៈពេល៤ថ្ងៃ នៅកម្ពុជាពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

នៅពេលអញ្ជើញមកដល់កម្ពុជានៅរសៀលថ្ងៃទី២១ ខែវិច្ឆិកានេះ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាមបានអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ អញ្ជើញដាក់កម្រងផ្កានិងគោរពវិញ្ញណក្ខន្ធ ព្រះបរមរូប ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅសួនច្បារវិមានឯករាជ្យនិងបានអញ្ជើញដាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្តូបមិត្តភាពកម្ពុជា-វៀតណាម។

រដ្ឋសភាកម្ពុជា បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមជាផ្លូវការនៅវិមានរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ បន្ទាប់មកថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងវៀតណាមបានជួបពិភាក្សាការងារទ្វេភាគី មុននឹងអញ្ជើញជាអធិបតីរួមគ្នានៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលថ្មី របស់រដ្ឋសភា ដែលជាអំណោយរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម។

អំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះ ឯកឧត្តម ជិន ថាញ់មិន នឹងចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឥស្សរជនថ្នាក់ដឹកនាំសំខាន់ៗរបស់កម្ពុជាមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម ក៏នឹងអញ្ជើញចូលរួមមហាសន្និបាតនៃសន្និសីទអន្តរជាតិរបស់បណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងចូលរួមសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាពលើកទី១១ ដែលកម្ពុជាធ្ចើម្ចាស់ផ្ទះ ផងដែរ។

ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមនៅកម្ពុជានាពេលនេះ មិនត្រឹមជាការរឹតចំណងមិត្តភាព អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង ប៉ុណ្ណោះទេ តែជាការលើកកម្ពស់ទំនាក់ទំនងពហុភាគី ពង្រឹងយន្តការសភាតាមរយៈការទូតសភាដើម្បីធានាការពារសុខសន្តិភាពនិងស្ថិរភាពសង្គមជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់និងសកលលោក ជាមួយកម្ពុជាដែលជាម្ចាស់ផ្ទះរៀបចំវេទិកាអន្តរជាតិសំខាន់ៗនាឱកាសនេះ ផងដែរ៕