ប្រធានសភាប្រឹក្សានយោបាយនៃប្រជាជនចិន សន្យាកៀរគរនិងជំរុញអ្នកទេសចរ អ្នកវិនិយោគចិន មកកម្ពុជាឱ្យកាន់តែច្រើនឡើង
សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានសភាប្រឹក្សានយោបាយនៃប្រជាជនចិន ឯកឧត្តម វ៉ាង ហ៊ូនីង (Wang Huning) បានជម្រាបសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជាថា ឈរលើកិច្ចសហប្រតិបត្តិការដ៏ល្អ មិត្តភាពជាប្រពៃណី មិត្តដែកថែប និងកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ចិននឹងកៀរគរអ្នកទេសចរ និងអ្នកវិនិយោគពីប្រទេសខ្លួន ឱ្យមកទស្សនានិងបណ្តាក់ទុននៅកម្ពុជាឱ្យបានកាន់តែច្រើន។
ឯកឧត្តម វ៉ាង ហ៊ូនីង បានលើកឡើងដូច្នេះនៅក្នុងឱកាសជួបពិភាក្សាការងារជាមួយសម្តេចប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានសភាតំណាងប្រជាជនចិនក្នុងរដ្ឋធានីប៉េកំាង។
ទំាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ទាំងឯកឧត្តម វ៉ាង ហ៊ូនីង បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដែលថ្នាក់ដឹកនាំប្រទេសទំាងពីរបានដាក់ចេញ និងបានសន្យារួមគ្នាថា នឹងជំរុញបន្ថែមទៀតនូវការបន្ស៊ីនៅក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងគំនិតផ្តួមផ្តើមនានារបស់ភាគីចិន ដូចជាគម្រោងខ្សែក្រវាត់និងផ្លូវ ជាមួយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់កម្ពុជា ដើម្បីបម្រើផលប្រយោជន៍នៃប្រទេសទំាងពីរ ឱ្យចេញជាលទ្ធផលជាក់ស្តែង ក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។
នៅក្នុងឱកាសនេះ សម្តេចប្រធានរដ្ឋសភា ក៏បានពាំនាំនូវការនឹករឭកនិងការផ្តាំផ្ញើ សួរសុខទុក្ខពីចម្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះឯកឧត្តមប្រធានាធិបតី និងឯកឧត្តមនាយករដ្ឋមន្រ្តីចិន ក៏ដូចជាជូនចំពោះ ឯកឧត្តម វ៉ាង ហ៊ូនីង ផ្ទាល់ផងដែរ។
ឯកឧត្តមប្រធានសភាប្រឹក្សានយោបាយនៃប្រជាជនចិន បានអបអរសាទរជាថ្មីជូនសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជាប្រធានរដ្ឋសភានីតិកាលទី៧ និងជាស្រ្តីដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលបានកាន់តួនាទីដ៏ឧត្តុង្គឧត្តមនេះ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ក្នុងនាមប្រធានរដ្ឋសភាហើយជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ចិនផង នោះ ក៏បានបង្ហាញពីឆន្ទៈមោះមុតរបស់ សម្តេច នៅក្នុងការចូលរួម ថែរក្សា និងលើកកម្ពស់ចំណងមិត្តភាពកម្ពុជានិងចិន ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ឯកឧត្តមវ៉ាង ហ៊ូនីង ធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីឆ្នាំ២០១៦ ក្នុងការអមដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ស៊ី ជិនពីង ។ ឯកឧត្តមសម្តែងក្តីរីករាយចំពោះការរីកចម្រើនរបស់កម្ពុជា ហើយសង្ឃឹមថា ក្រោមការដឹកនាំរបស់ឥស្សរជនបន្តវេន គឺសម្តេចមហាវបរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី កម្ពុជានឹងរីកចម្រើនកាន់តែឆាប់រហ័ស សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្តមបានបញ្ជាក់ថាក្នុងនាមមិត្តដែកថែបរបស់កម្ពុជា ចិននឹងគំាទ្រកម្ពុជាដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍នេះ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា “យើងសង្ឃឹមថា មិត្តចិននឹងបន្តជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគចិនមកកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត ជាអាទិ៍ វិស័យកសិ-ឧស្សាហកម្ម ផលិតកម្ម ឧស្សាហកម្ម សេវាកម្ម សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង។ ជាមួយគ្នានេះ យើងក៏ត្រូវចាំបាច់ជំរុញបន្ថែមទៀតពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ នវានុវត្តន៍ ការផ្ទេរបច្ចេកវិទ្យា ការពង្រឹងសមត្ថភាពផលិត និងការអភិវឌ្ឍមូលធនមនុស្ស។ យើងត្រូវប្រឹងប្រែង ក្នុងការជំរុញឱ្យសម្រេចបាននូវ “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ” នេះជាការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា។
ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចប្រធានរដ្ឋភា ក៏បានជម្រាបជូន ឯកឧត្តមប្រធានសភាប្រឹក្សានយោបាយនៃប្រជាជនចិន ពីលទ្ធផលនៃជំនួបពិភាក្សាការងារទ្វេភាគីរវាងសម្តេច ជាមួយ ឯកឧត្តម ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន កាលពីថ្ងៃទី២៣ ខែកញ្ញា ម្សិលមិញ ប្រកបដោយភាពស្និទ្ធស្នាលនិងទទួលបានលទ្ធផលគួរជាទីមោទនៈ។
សម្តេចរដ្ឋសភាធិបតី ក៏បានជម្រាបជូន ឯកឧត្តមសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន ស្តីពីការធ្វើជាម្ចាស់ផ្ទះរបស់សភាកម្ពុជា សម្រាប់សម័យប្រជុំពេញអង្គរបស់សភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលរៀបចំដោយសភាកម្ពុជា នៅថ្ងៃទី២៣-២៦ ខែវិច្ឆិកា ខាងមុខនេះ។ សភាកម្ពុជាបានគោរពអញ្ជើញថ្នាក់ដឹកនាំប្រទេសចិននិងសភាតំណាងប្រជាជនចិន ចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់បង្ហាញជាសក្ខីភាពនៃការចូលរួមលើកស្ទួយវប្បធម៌សន្ទនា ការដោះស្រាយជម្លោះដោយអហិង្សានិងអន់ឱន ការពង្រឹងតួនាទីការទូតសភា ដើម្បីពិភពលោកទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងវិបុលភាព៕