ប្រធានាធិបតីអាម៉េរិក Donal Trump អះអាងថាលោកនឹងពិភាក្សាជាមួយលោក Putin ដោយជំរុញឱ្យមេដឹកនាំរុស្ស៊ីយល់ព្រមបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា៖ លោកនឹងនិយាយទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃអង្គារនេះ ដើម្បីជំរុញឱ្យលោក Putin ព្រមបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ មេដឹកនាំអាមេរិករូបនេះបានបង្ហាញផែនការសន្ទនានាពេលខាងមុខជាមួយមេដឹកនាំរុស្ស៊ីបែបនេះ ទៅកាន់ក្រុមអ្នកយកព័ត៌មាន អំឡុងពេលរូបលោកកំពុងធ្វើដំណើរដោយយន្តហោះពិសេសចេញពីរដ្ឋ Florida ទៅ កាន់រដ្ឋ Washington តាមរយៈយន្តជើងហោះហើរ Air Force One នៅល្ងាចថ្ងៃអាទិត្យនេះដែរ ម៉ោងនៅអាម៉េរិក។

លើសពីនេះ លោក Trump បន្តថា៖ សូមលោកអ្នករង់ចំាមើលថាតើកិច្ចសន្ទនារបស់ពួកយើងនឹងមានអ្វីខ្លះដែលត្រូវប្រកាសរួមគ្នានៅថ្ងៃអង្គារនោះ។ សម្រាប់ខ្ញុំ ខ្ញុំនឹងនិយាយទៅកាន់ប្រធានាធិបតី Putin នូវផែនការជាច្រើនដើម្បីផ្លាស់ប្តូរគ្នាជាមួយនឹងការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ “ពួកយើងមានការងារជាច្រើនត្រូវបានធ្វើនៅចុងសប្តាហ៍នេះជាមួយគ្នា។ ដូច្នេះយើងទាំងអស់គ្នាពិតជាចង់ដឹង និងចាំមើលថាតើយើងអាចនាំសង្រ្គាមនោះឲ្យដល់ទីបញ្ចប់ បានដែរឬទេ” ។

ទោះបីជារុស្ស៊ីបានបរាជ័យក្នុងគោលដៅដំបូងរបស់ខ្លួនក្នុងការផ្តួលរំលំអ៊ុយក្រែនដោយការលុកលុយកាលពីទៅបីឆ្នាំមុនក៏ដោយ ក៏ខ្លួននៅតែគ្រប់គ្រងតំបន់ដ៏ធំនៃប្រទេសនោះបានដែរ នេះជាអ្វីដែលលោក Trump បានសង្កត់ធ្ងន់ និង បន្តបញ្ជាក់ថា ធនធានដី និងរោងចក្រថាមពលគឺជាផ្នែកមួយនៃការសន្ទនាជុំវិញដំណើរការធ្វើឱ្យសង្រ្គាមឈានដល់ទីបញ្ចប់បាន “យើងនឹងនិយាយអំពីរោងចក្រថាមពល” នោះជាមួយគ្នា គឺរុស្ស៊ីនិងអាម៉េរិក៕

សម្រួលអត្ថបទ៖ សុផារិន្ទ