ប្រជាពលរដ្ឋប៉ាលែស្ទីនមកទទួលជំនួយអាហារក្តៅៗក្នុងខែរ៉ាម៉ាដនទាំងទឹកមុខអស់សង្ឃឹម នៅតំបន់ហ្គាហ្សា! ខ្លះកើតជំងឺខ្វះអាហារូបត្ថម្ភ ខ្លះទៀតកើតជំងឺបាក់ទឹកចិត្ត ដោយសាររស់នៅក្នុងសង្រ្គាមរ៉ាំរ៉ៃជាង៣ឆ្នាំនេះ 

អង្គការសប្បុរសធម៌មួយនៅភាគខាងជើងហ្គាហ្សា បាននឹងកំពុងចែកអាហារក្តៅៗដល់ប្រជាជនប៉ាឡេស្ទីន ដែលកំពុងស្ថិតក្នុងសង្គ្រាម នៃខែតមអាហាររ៉ាម៉ាដនរបស់សាសនាម៉ូស្លីម។ ប្រជាជនប៉ាឡេស្ទីនដែលរងគ្រោះ នៅតំបន់ហ្គាហ្សានេះបានជួបនូវការលំបាកខ្លាំង ដើម្បីតស៊ូចិញ្ចឹមជីវិតខ្លួនឯង និងសមាជិកគ្រួសាររបស់ពួកគេ ខណៈដែលការបិទផ្លូវជំនួយរយៈពេល២សប្តាហ៍របស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សានៅតែបន្តដដែល។ មនុស្សជាច្រើននាក់បានងាកទៅរកអង្គការសប្បុរសធម៌តិចតួច ដើម្បីទទួលបានអាហារក្តៅៗសម្រាប់កូនៗរបស់ពួកគេ។ បុរសប៉ាឡេស្ទីនម្នាក់មកពីជំរុំជនភៀសខ្លួនទីក្រុង Jabaliya ឈ្មោះថា Hassan Radwan បាននិយាយថា៖ យើងត្រូវបានគេបង្ខំឱ្យមករកអង្គការសប្បុរសធម៌នេះ ដោយសារតែពួកគេខ្វះខាតសម្ភារៈជំនួយនានា។ លោកបាននិយាយទៀតថា អ្នកស្រុកភាគច្រើនរស់នៅក្នុងសំពត់តង់យ៉ាងវេទនានៅក្បែរខាង ឬខ្លះនៅពីលើគំនរផ្ទះបាក់បែកដែលត្រូវបានបំផ្លាញដោយគ្រាប់ផ្លោងយ៉ាងអាណោចអាធម ពួកយើងខ្វះខាតទឹក ខ្វះខាតស្បៀង និងខ្វះខាតអ្វីៗគ្រប់បែបយ៉ាង។ «វាជាទុក្ខលំបាកខ្លាំងណាស់» នេះជាសំដីរបស់នាង Noura Maliha ដែលនាងព្យាយាមបញ្ចៀសគ្រោះទុរភិក្សនៅផ្នែកខ្លះតាមដែលអាចធ្វើបាន។ ដោយនាងនិយាយទៀតថា៖ ពួកយើងគ្មានការងារធ្វើ គ្មានផ្ទះសម្បែងដូចពីមុនទេ គ្មានអាហារហូប កើតជំងឺខ្វល់ខ្វាយ សូម្បីតែរបស់សាមញ្ញដូចជាបន្លែធម្មតា និងផ្លែឈើធម្មតាក៏យើងគ្មានហូបដែរ។ ដំណាក់កាលដំបូងនៃបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានបញ្ចប់កាលពី២សប្តាហ៍មុនមែន ការផ្អាកប្រយុទ្ធគ្នាក៏បានធ្វើឡើងដែរ ប៉ុន្តែប្រសិនបើមានភាពតានតឹងណាមួយ នោះពួកគេនៅតែអាចបាញ់គ្រាប់ផ្លោងត្រឡប់មកវិញដដែល ដោយសារតែចំណាប់ខ្មាំងដែលនៅរស់មានចំនួន២៥នាក់ទៀត និងនៅសល់៨នាក់ទៀត ដើម្បីជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនជិត២០០០នាក់ ហើយកងកម្លាំងអ៊ីស្រាអែលបានដកខ្លួនទៅកាន់តំបន់ការពារនៅខាងក្នុងហ្គាហ្សាវិញហើយ ដូច្នេះជំនួយតូចៗផ្សេងៗក៏បានហូរចូលជារៀងរាល់ថ្ងៃដែរ ដោយសារតែអ៊ីស្រាអែលបានកាត់ផ្តាច់ផ្លូវផ្គត់ផ្គង់ជំនួយដល់ប្រជាជននៅហ្កាហ្សាចំនួន២លាននាក់ក្នុងទឹកដីនេះកាលពី២សប្តាហ៍មុន៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ