ប្រអប់ខ្មៅយន្តហោះ Jeju Air ត្រូវបញ្ជូនទៅឲ្យអ្នកជំនាញស៊ើបអង្កេតហើយ ដើម្បីកំណត់មូលហេតុឲ្យច្បាស់នៃគ្រោះថ្នាក់សម្លាប់មនុស្ស១៧៩នាក់នេះ ខណៈដែលប្រទេសកូរ៉េក៏កំពុងជាប់គាំងផ្នែកនយោបាយផ្ទៃក្នុងដែរ!
បុគ្គលិកសង្គ្រោះបន្ទាន់បានបន្តរុះរើបំណែកសពយន្តហោះដែលជួបគ្រោះថ្នាក់ផ្ទុះឆេះនោះដដែល ខណៈដែលអ្នកស៊ើបអង្កេតបានប្រមូលភស្តុតាងនៅកន្លែងកើតហេតុក្រោយពីវាបានរអិលធ្លាក់ផ្លូវរត់នៃយន្តហោះនៅកូរ៉េខាងត្បូងដែលបានសម្លាប់មនុស្ស១៧៩នាក់ភ្លាមៗ ពេលចុះចតនៅអាកាសយានដ្ឋាន Muan។ ក្រុមអ្នកពន្លត់អគ្គីភ័យនិងប៉ូលីសក៏ត្រូវបានគេអនុញ្ញាតិឲ្យចូលរួមផងដែរកាលពីព្រឹកថ្ងៃចន្ទម្សិលមិញនៅឯអាកាសយានដ្ឋានអន្តរជាតិ Muan នាភាគខាងត្បូងនៃទីក្រុងសេអ៊ូល ដែលជាទីតាំងដែលយន្តហោះដឹកអ្នកដំណើរ Jeju Air បានរអិលធ្លាក់ផ្លូវរត់ពេលចុះចត និង ជ្រុលទៅបុកជញ្ជាំងរបងបេតុងផ្ទុះឆេះភ្លាមៗយ៉ាងរន្ធត់ សម្លាប់មនុស្សទាំងអស់ក្នុងតួយន្តហោះ ដែលនៅសល់តែមនុស្ស២នាក់ជាសមាជិកអាកាសចរណ៍ ដោយភ្លាមៗត្រូវក្រុមសង្រ្គោះរត់ទៅទាញចេញមកខាងក្រៅ និងបញ្ជូនទៅកាន់មន្ទីរពេទ្យព្យាបាល ។ យន្តហោះដែលជួបគ្រោះដ៏អាក្រក់នេះជាប្រភេទ Boeing 737-800 ដែលមានអាយុកាល១៥ឆ្នាំមកហើយ បានធ្វើដំណើរមកពីទីក្រុងបាងកក មកកាន់ប្រទេសកូរ៉េខាងត្បូង និងជួបគ្រោះថ្នាក់ពេលចុះចតតែម្តង។ យោងតាមក្រសួងដឹកជញ្ជូនបានឱ្យដឹងថា ក្រុមការងារបានទាញយកទិន្នន័យហោះហើរ និងម៉ាស៊ីនថតសំឡេងពីប្រអប់ខ្មៅរបស់យន្តហោះហើយ ដែលវានឹងត្រូវគេយកពិនិត្យដោយអ្នកជំនាញរបស់រដ្ឋាភិបាលក្នុងការស៊ើបអង្កេតពីមូលហេតុពិតប្រាកដដែលបណ្តាលឲ្យយន្តហោះនេះរអិលធ្លាក់ផ្លូវនិងផ្ទុះឆាបឆេះយ៉ាងរន្ធត់បែបនេះ! នេះបើយោងតាមក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូង។ ពិតជាអកុសល្យខ្លាំងណាស់ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលប្រទេសកូរ៉េខាងត្បូងខ្លួនឯងក៏កំពុងជាប់គាំងនៅក្នុងវិបត្តិនយោបាយដែលបង្កឡើងដោយការដាក់ច្បាប់អាជ្ញាសឹកដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោកប្រធានាធិបតី Yoon Suk Yeol និងបន្តមានការចោទប្រកាន់ជាបន្តបន្ទាប់ដែរ មិនតែប៉ុណ្ណោះកាលពីថ្ងៃសុក្រសប្តាហ៍មុនសមាជិកសភាកូរ៉េខាងត្បូងបានចោទប្រកាន់ប្រធានាធិបតីស្តីទីកូរ៉េម្នាក់ទៀតគឺលោក Han Duck-soo ដែលជាហេតុធ្វើឲ្យឧបនាយករដ្ឋមន្ត្រីលោក Choi Sang-mok ត្រូវឡើងកាន់តំណែងបណ្តោះអាសន្នសិន ដើម្បីដោះស្រាយបញ្ហាជាប់គាំងទាំងក្នុងប្រទេសនិងអន្តរតំបន់៕
សម្រួលអត្ថបទ៖ សុផារិន្ទ