ពលករ និងពលរដ្ឋខ្មែរនៅកូរ៉េ នាំគ្នាចូលមូលនិធិកសាងព្រំដែនដែលជាកាយវិការស្រឡាញ់ខេត្ត ទាំង៤យ៉ាងពិតប្រាកដ

ភ្នំពេញ៖ ពលករកម្ពុជាដែលកំពុងបម្រើការងារ និងស្នាក់នៅសាធារណរដ្ឋកូរ៉េយ៉ាងច្រើនកុះករ បានប្រកាសពីការគាំទ្រ និងបរិច្ចាគថវិកាតាមលទ្ធភាពចូលក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលជាស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី និងជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ។

លោក ឆាយ ពិសី ពលករដែលកំពុងធ្វើការងារនៅសាធារណរដ្ឋកូរ៉េ បានប្រកាសគាំទ្រមូលនិធិនៃគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីថែរក្សាសន្ដិសុខ អធិបតេយ្យភាព និងបូរណភាពទឹកដី។
លោកបាននិយាយថា៖«ពួកខ្ញុំបានបរិច្ចាគថវិកាមួយចំនួនតាមលលទ្ធភាពក្នុងនាមជាកូនខ្មែរមួយរូប ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេស និងការពារទឹកដី»។

លោក ចាន់ ស៊ាន ពលករដែលកំពុងធ្វើការនៅសាធារណកូរ៉បានបង្ហាញការសប្បាយរីករាយក្នុងការចូលរួមបរិច្ចាគថវិកាក្នុងមូលនិធី ហើយបង្កាញពីស្មារតីចូលរួមក្នុងការមូលនិធិ ព្រោះក្នុងនាមពួកគាត់ជាកូនខ្មែរ ត្រូវតែបង្ហាញពីសាមគ្គីភាពចំពោះប្រទេសជាតិ។ លោកបានបន្តថា៖«ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងនៅក្នុងប្រទេស និងក្រៅប្រទេស សូមនាំគ្នាចូលរួមគាំទ្រមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនបន្ថែមទៀត ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាព និងការចូលរួមអភិវឌ្ឍន៍ជាតិរបស់យើងទាំងអស់គ្នា។

បងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី បានប្រកាសគាំទ្រ បរិច្ចាគថវិកា និងដូរប្រូហ្វាល់លើហ្វេសបុករបស់ខ្លួន ដើម្បីជាការបង្ហាញបន្ថែមទៀត ក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA)។

តាមរយៈហ្វ្រែមប្រូហ្វាល់ ដែលបងប្អូនប្រជាពលរដ្ឋខ្មែរបានប្តូរ ហើយបានបង្ហោះលើបណ្តាញហ្វេសបុកជាសាធារណៈនោះបានលើកឡើងថា «ខ្ញុំជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា។ គាំទ្រតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA»។
រហូតមកដល់ពេលនេះ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បានទទួលថវិកាចំនួនជិត១១លានដុល្លារពីប្រជាពលរដ្ឋខ្មែរពីគ្រប់ទិសទី ខណៈចំនួនថវិកា និងចំនួនសប្បុរសជន នឹងកើនឡើងជាបន្តបន្ទាប់ទៀត។ យុទ្ធនាការជាតិនិយមមួយនេះ ទទួលបានការគាំទ្រយ៉ាងសម្បើមពីប្រជាពលរដ្ឋទូទាំងប្រទេសដែលរឿងប្រវត្តិសាស្ត្រមួយរបស់កម្ពុជា។

សូមរំឭកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានសម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងកៀរគរថវិកាបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។

គម្រោងនេះ ក៏បានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសបានចូលរួមចំណែកដោយផ្ទាល់តាមការស្ម័គ្រចិត្ត និងតាមលទ្ធភាពជាមួយរាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព៕