ពិតជាសោកស្តាយខ្លាំងណាស់! ក្រុមសាច់ញាតិសពទាំង១៧៩នាក់ក្នុងគ្រោះថ្នាក់យន្តហោះ Jeju Air បានមកកាន់ទីតាំងកើតហេតុដើម្បីដាក់សំណែនចូលឆ្នាំថ្មី ដែលភាគច្រើនគឺពួកគេមកពីដើរកំសាន្តថ្ងៃបុណ្យណូអែលនៅប្រទេសថៃ

ភាពសោកសោកសង្រេងរបស់ក្រុមសាច់ញាតិមនុស្សស្លាប់ទាំងអស់ក្នុងឧប្បត្តិហេតុរអិលធ្លាក់ផ្លូវរត់របស់យន្តហោះ Jeju Air នៅប្រទេសកូរ៉េខាងត្បូងត្រូវបានគេអនុញ្ញាតិឲ្យទៅមើលទីកន្លែងគ្រោះថ្នាក់នោះហើយដើម្បីឲ្យពួកគេបានគោរពដល់ព្រលឹងមនុស្សជាទីស្រលាញ់របស់ពួកគេដែរ នៅថ្ងៃចូលឆ្នាំសកលកាលពីថ្ងៃពុធនេះ ខណៈដែលក្រុមមន្ត្រីបាននិយាយថាពួកគេក៏បានកំណត់អត្តសញ្ញាណសពទាំង១៧៩នាក់បានហើយដែរតាមរយៈ DNA នៃសំណល់ឆេះខ្លោច។ មានតែមនុស្សពីរនាក់ប៉ុណ្ណោះក្នុងចំណោមមនុស្ស១៨១នាក់នៅលើតួយន្តហោះ Boeing 737-800 ដែលប្រតិបត្តិការដោយក្រុមហ៊ុន Jeju Air បានរួចរស់ជីវិតនៅពេលដែលវាបានធ្លាក់ផ្លូវនិងផ្ទុះឆេះនៅអាកាសយានដ្ឋានអន្តរជាតិ Muan ភាគខាងត្បូងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យទី២៩ ជាថ្ងៃដែលក្រុមគ្រួសារខ្លះមកពីដើរកំសាន្តថ្ងៃឈប់សម្រាក ខ្លះមកជួបជុំគ្រួសារឆ្លងឆ្នាំថ្មី  និងខ្លះមកជាបេសកកម្ម។ វីដេអូដែលត្រូវបានគេឲ្យឃើញជាសាធារណៈសម្រាប់យន្តហោះដែលជួបគ្រោះថ្នាក់នេះគឺគ្មានកង់ទម្លាក់ពេលចុះចតនោះទេ គឺវាចុះចតលើពោះទទេររបស់វាក្នុងល្បឿនដ៏លឿន រួចក៏រអិលចេញពីផ្លូវរត់របស់យន្តហោះជ្រុលទៅបុករបងបេតុងមួយទំហឹងតែម្តង ដែលបណ្តាលឲ្យវាផ្ទុះឆេះយ៉ាងរន្ធត់បែបនេះ។ ជនរងគ្រោះភាគច្រើនគឺជាជនជាតិកូរ៉េខាងត្បូង លើកលែងតែជនជាតិថៃពីរនាក់ ដោយមនុស្សជាច្រើនគឺពួកគេបានត្រឡប់មកពីទីក្រុងបាងកកវិញ បន្ទាប់ពីចូលរួមថ្ងៃបុណ្យណូអែលនៅទីនោះ។ គ្រួសារសពបានមកដល់កន្លែងនេះជាលើកដំបូងចាប់តាំងពីសាច់ញាតិពួកគេជួបឧបទ្ទវហេតុធ្លាក់ផ្លូវឆេះមក ដោយពួកគេបានគោរពវិញ្ញាណក្ខន្ធតាមបែបប្រពៃណីរបស់ពួកគេនិងយំយែកសោកស្តាយរកទីបំផុតគ្មាន។ ពួកគេបានទៅកាន់ទីតាំងនោះដោយប្ដូរវេនគ្នាដាក់កម្រងផ្កាពណ៌ស លុតជង្គង់ចុះ ហើយឱនមុខនៅនឹងតុតូចមួយមានទាំងអាហារតិចតួចដែរ។ អាហារទាំងនោះមានឈ្មោះថា “d deok guk ឌីដុកកុក” ជាស៊ុប ជានំអង្ករកូរ៉េសម្រាប់ទទួលទានជុំគ្នាថ្ងៃចូលឆ្នាំថ្មី។ អ្នកខ្លះយំក្រាបដល់ដីទាំងសោកស្តាយខ្លាំងបំផុតចំពោះគ្រោះថ្នាក់មួយនេះ។ ក្រសួងដឹកជញ្ជូនកូរ៉េបាននិយាយថាអាជ្ញាធរបានបញ្ចប់ការកំណត់អត្តសញ្ញាណអ្នកស្លាប់ពោរពេញដោយភាពស្មុគស្មាញបំផុតដោយសារតែវាខូចខាតធ្ងន់ធ្ងរពេកដែលសពខ្លះស្ទើតែគ្មានបំណែកសម្រាប់ពិនិត្យ DNA ទៅហើយ ។ ពួកគេបាននិយាយទៀតថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលបានប្រគល់សពមនុស្សចំនួន១១សពហើយទៅឲ្យសាច់ញាតិរបស់ពួកគេផ្លូវការ។ ប៉ុន្តែមូលហេតុពិតប្រាកដនៃការធ្លាក់យន្តហោះនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតដដែល។ ប៉ុន្តែរូបភាពវីដេអូបង្ហាញថាយន្តហោះនោះពិតជាជួបប្រទះបញ្ហាម៉ាស៊ីនក្រោមមិនដំណើរការមែន បន្ថែមពីលើបញ្ហាឧបករណ៍បញ្ជារកង់ចុះចតទៀត។ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថាមុនពេលចុះចតអ្នកបើកយន្តហោះក៏បានទទួលការព្រមានពីអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសអំពីការវាយប្រហាររបស់បក្សីដែលអាចកើតមានដែរ ហើយយន្តហោះបានចេញសញ្ញាអាសន្នមុនពេលវាធ្លាក់ដែរ។ ក្រុមមន្ត្រីបាននិយាយថា ពួកគេក៏នឹងពិនិត្យមើលផងបន្ថែមឲ្យម៉ត់ចត់ថាមកពីអ្នករៀបចំមូលដ្ឋានរបស់អាកាសយានដ្ឋាន ឬក៏មកពីសំណុំអង់តែននៅចុងបញ្ចប់នៃផ្លូវរត់នោះ រចនាខុសបច្ចេកទេសអ្វីមួយដើម្បីនាំឲ្យយន្តហោះចុះចតមិនរលូន ទៅជាជ្រុលបុករបងបេតុងបន្ថែមទៀត  ព្រោះតាមអ្នកជំនាញថាបើវាមានតែពោះចុះចតទទេមែនគួរតែវាហ្នឹងថ្កល់សិន ហេតុអីរអិលទៅបុករបងបេតុងទៅវិញ ឬគួរតែត្រូវសាងសង់វាជាមួយនឹងសម្ភារៈស្រាលជាង និងងាយស្រួលជាងនេះ ចៀសវាងផលប៉ះពាល់អាក្រក់ណាមួយ។ លើសពីនេះរដ្ឋាភិបាលកូរ៉េខាងត្បូងក៏បានចាប់ផ្តើមត្រួតពិនិត្យសុវត្ថិភាពយន្តហោះ Boeing 737-800 ចំនួន ១០១ គ្រឿងផ្សេងទៀតនៅក្នុងប្រទេសដែរ ដោយកាលពីថ្ងៃអង្គារ ក្រុមអ្នកស៊ើបអង្កេតរបស់សហរដ្ឋអាមេរិករួមទាំងតំណាងក្រុមហ៊ុន Boeing អន្តរជាតិក៏បានមកពិនិត្យមើលកន្លែងយន្តហោះជួបគ្រោះថ្នាក់នោះដែរ៕

សម្រួលអត្ថបទ៖​ សុផារិន្ទ