ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)
នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ដោយបានទទួលបុព្វសិទ្ធិដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ជាភាគីហត្ថលេខីតំណាងរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយលោកស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា, លោក Fabrice Etienne ភារធារីស្ដីទីនៃទូតបារាំងប្រចាំនៅព្រះរាជា–ណាចក្រកម្ពុជា, និងលោក Bryan Fornari ប្រធានសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណា–ចក្រកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ៣ ដែលមានទឹកប្រាក់សរុបចំនួន ១៨៣ លានអឺរ៉ូ ត្រូវជាប្រមាណ ១៩២,២ លានដុល្លារអាម៉េរិកក្នុងនោះ កិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ២ និង កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន ១ ដូចខាងក្រោម៖
១– “កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងស្តារឡើងវិញអាងស្ទឹងស្វាយចេក (Svay Chek RiverRestoration and Management Project)” មានទឹកប្រាក់ឥណទានចំនួន ៩១ លានអឺរ៉ូ ត្រូវជាប្រមាណ ៩៥,៦ លានដុល្លារអាម៉េរិក ។ គម្រោងនេះ មានគោលបំណង៖ ១. ស្តារឡើងវិញស្ទឹងស្វាយចេក ស្តារអាងស្តុកទឹកចំនួន ២៨ កន្លែង បង្កើនសមត្ថភាពចំនួន ៥ កន្លែង និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្រ្តចំនួន ៦ កន្លែង ដើម្បីកាត់បន្ថយគ្រោះទឹកជំនន់ រាំងស្ងួត និងធ្វើឲ្យប្រសើឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី; ២. គាំទ្រដល់ការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាពតាមរយៈការពង្រឹងមន្ត្រីកសិកម្មឃុំ (CAO) និងពង្រឹងសហករណ៍កសិកម្មទំនើប និង ៣.ពង្រឹងដល់ការគ្រប់គ្រងធនធានទឹកចម្រុះនៃអាងស្ទឹងស្វាយចេក តាមរយៈការបង្កើតគណៈកម្មការគ្រប់គ្រងអាងស្ទឹងស្វាយចេក និងរៀបចំយន្តការតាមដាន វាយតម្លៃអំពីវ៊ឌ្ឍភាពនៃការអនុវត្តយន្តការគ្រប់គ្រងអាងស្ទឹង។
២– “កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងសាងសង់រោងចក្រប្រពឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី ៣(Bakheng Water Supply Project Phase III, Credit No.2)” គឺជាកញ្ចប់ឥណទានទី ២ ដែលមានទឹកប្រាក់ចំនួន ៨០ លានអឺរ៉ូ ត្រូវជាប្រមាណ ៨៤ លានដុល្លារអាម៉េរិក ។ កញ្ចប់ឥណទានទី ២ នេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការផលិតទឹកស្អាតរោងចក្រជ្រោយចង្វារឲ្យបាន ១៣០,០០០ម៣/ថ្ងៃ, បំពាក់បំពង់មេនំាទឹក និងពង្រីកប្រព័ន្ធចែកចាយទឹកស្អាតចំនួន ៨០០ គីឡូម៉ែត្រ និងសាងសង់ទីស្នាក់ការកណ្តាលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ។
៣– “កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ចំនួន ១២ លានអឺរ៉ូ” ត្រូវជាប្រមាណ ១២,៦ លានដុល្លារអាម៉េរិក ពីសហភាពអឺរ៉ុប តាមរយៈ AFD សម្រាប់គម្រោងសាងសង់រោងចក្រប្រពឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី៣។ ជំនួយបច្ចេកទេសនេះ ផ្តោតលើ៖ ១. ការកសាងសមត្ថភាពរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈការជួយរៀបចំផែនការមេថ្នាក់ជាតិ សម្រាប់វិស័យទឹកស្អាត, ការបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលថ្នាក់ជាតិ, គាំទ្រកំណែទម្រង់វិស័យទឹកស្អាត និងការបណ្ដុះបណ្ដាលផ្សេងៗ, និង ២. ការកសាងសមត្ថភាពរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញលើការងារគ្រប់គ្រងអចលនទ្រព្យ, ការងារគ្រប់គ្រងហានិភ័យ, ការរៀបចំផែនការជំនួញ, ការគ្រប់គ្រងទឹកបាត់បង់ និងការតបណ្ដាញសម្រាប់ប្រជាពលរដ្ឋចំណូលទាប ។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបានឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការដ៍ល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង តាមរយៈ AFD និង សហភាពអឺរ៉ុប (EU) ។ គម្រោងទាំង ២ នេះ នឹងជួយគាំទ្រដល់កិច្ចអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចនៅកម្ពុជាដែលឆ្លើយតបទៅនឹងអាទិភាពនៃ “យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១” របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេស, ការលើកកម្ពស់ការតភ្ជាប់ និងបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងវិស័យទឹកស្អាត, និងការលើកស្ទួយវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ ។