ពិធីចុះហត្ថលេខាលើឯកសារស្តីពី យុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការសុខភាពពិភពលោក ឆ្នាំ២០២៤-២០២៨
រដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសនៃដំណើរចូលរួមកិច្ចប្រជុំប្រជុំលើកទី ៧៥ របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៅទីក្រុងរដ្ឋធានីម៉ានីល សាធារណៈរដ្ឋហ្វីលីពីន ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអញ្ជើញចុះហត្ថលេខាលើ យុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការសុខភាពពិភពលោក ឆ្នាំ២០២៤-២០២៨ ជាមួយ ឯកឧត្តមវេជ្ជបណ្ឌិត សាយអា ម៉ាអួ ព្យួកាឡា នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច។
យុទ្ធសាស្រ្តនេះកំណត់អំពីចក្ខុវិស័យរួម និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា នៅក្នុងការពង្រឹងសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា នៅក្នុងរយៈពេល ៥ឆ្នាំខាងមុខ រួមចំណែកចំពោះការសម្រេចបាននូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ «ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព» កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលគូសបញ្ជាក់ អំពី ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ចំពោះការសម្រេចបានគោលដៅនៅក្នុងផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា យុទ្ធសាស្រ្តនេះ នឹងជាមគ្គុទ្ទេសក៍ សម្រាប់កិច្ចសហការ និងសហប្រតិបត្តិការរយៈពេល ៥ឆ្នាំខាងមុខ សំដៅលើកកម្ពស់សុខភាព សុខុមាលភាពប្រជាជនកម្ពុជា ដែលកំពុងបន្តមានវឌ្ឍនភាព ដោយផ្ដោតលើ ការផ្ដល់ផលជះជាក់ស្ដែង នៅក្រោមអាទិភាពយុទ្ធសាស្រ្ត ចំនួនបី៖
១.ពន្លឿនការគ្របដណ្ដប់សុខភាពជាសកលតាមរយៈសមាហរណកម្មសេវានិងប្រព័ន្ធ ប្រកបដោយ គុណភាព ដោយតម្រង់ទិសឡើងវិញទៅលើការថែទាំសុខភាពបឋម។
២.លើកកម្ពស់សុខភាពបុគ្គល គ្រួសារ និងសហគមន៍ តាមរយៈ សកម្មភាពនៅក្នុង និងលើសពីវិស័យសុខាភិបាល
៣.ពង្រឹងប្រព័ន្ធសន្តិសុខសុខភាព ដើម្បីបង្កើនការត្រៀមលក្ខណៈជាមុនការឆ្លើយតប និងភាពធន់នឹង គ្រោះអាសន្នសុខភាពសាធារណៈ ដែលមានគ្រោះថ្នាក់ច្រើន៕