ពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

នៅទីស្តីការក្រសួង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្រ្តជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី  បានអញ្ជើញជាអធិបតីក្នុងពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត ដែលជាអនុប្រធាន សមាជិក សមាជិកា របស់គណៈកម្មាធិការ មន្រ្តីជំនាញ និងក្រុមហ៊ុនរថយន្តអគ្គីសនីជាច្រើនផងដែរ។

ពិធីនេះធ្វើឡើងក្នុងគោលបំណងបង្ហាញពីការជំរុញការអនុវត្តគោលនយោបាយ EV របស់រាជរដ្ឋាភិបាលកម្ពុជា និងបង្កើនការយល់ដឹងរបស់ភាគីពាក់ព័ន្ធអំពីផលប៉ះពាល់ EVs និងឱកាសសម្រាប់ការផ្លាស់ប្តូរវិស័យថាមពលនៅកម្ពុជា សម្រួលដល់ការសិក្សាស្រាវជ្រាវ EVs ក្នុងតំបន់ និងភាពជាដៃគូដែលអាចជួយពន្លឿនការទទួលយក EV និងការដាក់ពង្រាយទូ និងស្ថានីយសាកអគ្គីសនីល្បឿនលឿន បង្កើតបណ្តាញទំនាក់ទំនងរវាងអ្នកជំនាញ និងបណ្តាញពាណិជ្ជករនៅក្នុងវិស័យនេះ។

គួរបញ្ជាក់ថា ពិព័រណ៍យានយន្តអគ្គិសនីឆ្នាំ២០២៤ ជាកិច្ចសហការរៀបចំលើកទី២ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និង EnergyLab ដែលលើកទី១ បានរៀបចំឡើងកាលពីឆ្នាំ២០២២៕