កំពត៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា ពីធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត ដែលដំណើរការអស់រយៈពេល៣ថ្ងៃ បានបញ្ចប់ដោយជោគជ័យ និងជាគំរូសម្រាប់ការរៀបចំនាពេលបន្តបន្ទាប់ទៀត។ ខណៈដែលអាជីវករ អ្នកផ្តល់សេវាទេសចរណ៍ ទេសចរជាតិ និងអន្តរជាតិ បានកោតសរសើរ ថាការរៀបចំបានល្អ មានសន្តិសុខសណ្តាប់ធ្នាប់ល្អ អនាម័យបរិស្ថានស្អាត និងមានភាពទាក់ទាញចំណាប់អារម្មណ៍ទេសចរទាំងជាតិ និងអន្តរជាតិឱ្យចងចាំខេត្តកំពត។
ថ្លែងក្នុងឱកាសបិទបញ្ចប់ពិធីបុណ្យសមុទ្រនារាត្រីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ពិធីបុណ្យសមុទ្រនៅខេត្តកំពត ដែលធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ បានបញ្ចប់ដោយជោគជ័យគួរឱ្យមោទកៈបំផុត។ ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យសមុទ្រនេះ មានភ្ញៀវទេសចរជាតិ អន្តរជាតិ សរុបចំនួន ៣៨៩.១៦៨នាក់ ក្នុងនោះភ្ញៀវជាតិ ៣៨៥.៥៥៣នាក់ និងទេសចរបរទេស ៣.៦១៥នាក់ បានអញ្ជើញចូលរួមដោយទទួលភាពសប្បាយរីករាយ តាមរយ:កម្មវិធីកម្សាន្តជាច្រើន ដូចជា ពិធីតាំងពិព័រណ៍ ការសម្តែងសិល្ប: កីឡាច្រើនប្រភេទ ការប្រគំតន្ត្រី សកម្មភាពបាញ់កាំជ្រួចជាដើម។
ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា បុណ្យសមុទ្រនៅខេត្តកំពត មានការចូលរួមពីផ្នែករដ្ឋ និងវិស័យឯកជន ព្រមទាំងភាគីពាក់ព័ន្ធជាតិ អន្តរជាតិយ៉ាងមហោឡារឹកបំផុត ហើយដំណើរការរៀបចំប្រកបដោយភាពល្អប្រពៃទាំងសោភ័ណភាព សន្តិសុខសណ្តាប់ធ្នាប់ គុណភាពផលិតផល ដែលបាននាំយកមកតាំងបង្ហាញភ្ញៀវជាដើម ដែលនេះជាគំរូល្អសម្រាប់ការរៀបចំពិធីបុណ្យសមុទ្រនៅឆ្នាំបន្តបន្ទាប់ទៀត។
ក្រុមអាជីវករ អ្នកផ្តល់សេវាទេសចរណ៍ ទេសចរជាតិ និងអន្តរជាតិកោតសរសើរថា បុណ្យសមុទ្រនៅខេត្តកំពតរៀបចំបានល្អ ទាំងសន្តិសុខសណ្តាប់ធ្នាប់ អនាម័យបរិស្ថានស្អាតគួរឱ្យទាក់ទាញ និងធ្វើឱ្យមានចំណាប់អារម្មណ៍ទេសចរទាំងជាតិ និងអន្តរជាតិឱ្យចងចាំខេត្តកំពត។ ក្រុមអាជីវករក៏បានសំដែងការសប្បាយរីករាយនៅពេលដែលឃើញការរៀបចំពិធីបុណ្យសមុទ្រពីសំណាក់អាជ្ញាធរខេត្តកំពតបានស្អាត ទាក់ភ្នែកទាំងអាជីវករ និងអ្នកទេសចរ ហើយការលក់ដូរក៏លក់ដាច់ច្រើន។ ចំណែកឯអ្នកទេសចរណ៍ក៏បានបង្ហាញពីការពេញចិត្ត នៅពេលដែលបានមកលេងកម្សាន្តក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះ ពិសេសបានមកលេងខេត្តកំពតដែលមានការអភិវឌ្ឍឆាប់រហ័ស ហើយស្អាតខ្លាំងគួរឱ្យចង់មកលេងកម្សាន្តម្តងទៀត។
ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា ក្រោយពីស្ថាបនាបាននូវសមិទ្ធិផលទេសចរណ៍ថ្មីៗ រួមមាន៖ រូបសំណាកត្រីសេះសមុទ្របាញ់ទឹក ឆ្នេរខ្សាច់កម្សាន្តតាមដងព្រែកកំពង់បាយ និងនាឡិកាខ្នាតធំ ព្រមទាំងសមិទ្ធផលបម្រើវិស័យទេសចរណ៍ដទៃៗទៀត បានធ្វើឱ្យខេត្តកំពតមានភ្ញៀវចូលមកកម្សាន្តច្រើន ដោយក្នុងមួយសប្តាហ៍ៗមានភ្ញៀវទេសចរចន្លោះពី ៣ម៉ឺន ៥ពាន់នាក់ ទៅ៥ម៉ឺននាក់មកសម្រាកកម្សាន្ត។
សូមបញ្ជាក់ថា ជាមួយពិធីបិទនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានប្រកាសអំពីការប្រគល់សិទ្ធិជូនរដ្ឋបាលខេត្តកោះកុង ដើម្បីទទួលធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រលើកទី១២ សម្រាប់ឆ្នាំ២០២៥ខាងមុខនេះផងដែរ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត