ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន

នៅទីស្តីការក្រសួង នាព្រឹកថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥។

ពិធីនេះបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សា និងពិនិត្យវាយតម្លៃឡើងវិញរួមគ្នា លើវឌ្ឍនភាពការងាររបស់វិស័យសាធារណការ និងដឹកជញ្ជូន ដែលក្រសួងសម្រេចបានក្នុងរយៈ ពេលមួយឆ្នាំកន្លងទៅ ក៏ដូចជាពិភាក្សាពីបញ្ហាប្រឈមនានា និងលើកទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់ ក្នុងស្មារតីចូលរួមអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងបុព្វហេតុចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព និងបរិយាបន្ន។

គួរបញ្ជាក់ថា ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ឱ្យមានប្រសិទ្ធភាព និងសម្រេចបានជោគជ័យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានកំណត់នូវចក្ខុវិស័យសំខាន់ៗចំនួនពីរ រួមមាន ទី១)ការលើកកម្ពស់សេវាដឹកជញ្ជូន តាមរយៈការអភិវឌ្ឍ និង បន្តធ្វើទំនើបកម្មការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រង និងការផ្តល់សេវាលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត និង ទី២)ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹក ជញ្ជូនអន្តរមធ្យោបាយ ឡូជីស្ទីក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យមានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាបន្ន។ ដើម្បីសម្រេចចក្ខុវិស័យទាំងពីរខាងលើ ក្រសួងបានដាក់ចេញនូវវិធានការគន្លឹះសំខាន់ៗ ក្នុងការកែលម្អ និងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវដែក និងផ្លូវទឹក ជាពិសេសផ្តោតលើការពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតម្រង់ទិសឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ដែលមានភាពប្រទាក់ក្រឡា ប្រសិទ្ធភាពសេដ្ឋកិច្ច និងសុវត្ថិភាព ដើម្បីកាត់បន្ថយពេលវេលា និងចំណាយក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ។ ក្រសួងក៏បានជំរុញ ការរៀបចំច្បាប់ គោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសដើម្បីពង្រឹងប្រសិទ្ធ ភាពនៃការគ្រប់គ្រងក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។

សូមជម្រាបផងដែរថា ក្រសួងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ រយៈពេល២ថ្ងៃ ដោយពិធីបើកនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងពិធីបិទសន្និបាត នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕