ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ផតថលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ
ផតថលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ ដែលមានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាសេនាធិការ និងជាថ្នាលអភិវឌ្ឍ និងនវានុវត្តបច្ចេកវិទ្យាហិរញ្ញវត្ថុ ដំបូងគេនៅកម្ពុជា ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការហើយ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ផតថលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ ដែលមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួង ស្ថាប័នពាក់ព័ន្ធ និងនិយ័តករ អង្គភាពក្រោមឪវាទ គ្រឹះស្ថានអប់រំ សមាគម ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ និងក្រុមហ៊ុនឯកជន ដែលធ្វើប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារផងដែរ។
ឯកឧត្តម បានបន្តថា គន្លឹះសំខាន់ៗ ជាពិសេសពាក់ព័ន្ធនឹងគោលបំណង នៃការរៀបចំសិក្ខាសាលា ក៏ដូចជា ផតថលនេះ ព្រមទាំងសាវតារនៃការបង្កើត និងការវិវឌ្ឍយន្តការស្ថាប័នជាមួយ នឹងមុខងារ តួនាទី និងភារៈកិច្ចរបស់អគ្គលេខាធិការដ្ឋាន អាជ្ញាធរសេវាហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់ការអភិវឌ្ឈ និងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ និងការជំរុញបរិបត្តកម្ម ឌីជីថល ក្នុងវិស័យហិរញ្ញវត្ថុ។ រាជរដ្ឋាភិបាល បានដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដោយឈរលើគោលការណ៍មូលដ្ឋានចំនួន៣: ១- ការកសាងមូលដ្ឋានគ្រឹះ ឌីជីថល ២- ការចាប់យក ឌីជីថល និង៣- ការធ្វើបរិបត្តកម្ម ឌីជីថល។
មូលដ្ឋានគ្រឹះទាំង៣នេះ មានអានុភាពអនុវត្តក្នុងគ្រប់វិស័យ នៃសេដ្ឋកិច្ចនិងសង្គម ឌីជីថល កម្ពុជា ដែលក្នុងនោះរួមបញ្ចូលនូវវិស័យហិរញ្ញវត្ថុមិនមែនធនាគារផងដែរ។
ឯកឧត្តម បញ្ជាក់ដែលថា ការរៀបចំ ផតថលបច្ចេកវិទ្យាហិរញ្ញវត្ថុ គឺជាវិស័យអាទិភាពមួយ នៃវិធានការគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលនៃការចាប់យក ឌីជីថល ឆ្ពោះទៅការកសាងមូលដ្ឋាននៃការធ្វើបរិបត្តកម្ម ឌីជីថល។
ឯកឧត្តម សូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ បានឲ្យដឹងដែរថា ក្រុមការងារជំរុញបរិបត្តកម្ម ឌីជីថល ក្នុងវិស័យហិរញ្ញវត្ថុ មិនមែនធនាគារ ត្រូវបានបង្កើតឡើងកាលទីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅថ្មីនេះ ទទួលបានសេចក្តីសម្រេចរបស់ ឯកឧត្តមអគ្គបណ្ឌិសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អគ្គលេខាធិការដ្ឋាន អាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ ដែលមានអង្គភាពបរិបត្តកម្ម ឌីជីថល នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ ជាសេនាធិការបន្ថែមទៅលើ ក្រុមការងារលើកកម្ពស់ការអភិវឌ្ឈបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារផ្ទៃក្នុង និងអន្តរក្រសួង-ស្ថាប័ន ផងដែរ។
សូមបញ្ជាក់ដែលថា ក្នុងការបំពេញមុខងារ តួនាទី និងភារៈកិច្ច មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ បាននិងកំពុងបំពេញការងារដោយធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងនិយ័តករ និងអង្គភាពក្រោមឪវាទ ក្រសួង ស្ថាប័ន និងតួអង្គពាកព័ន្ធផ្សេងទៀត រហូតសម្រេចបាននូវសមិទ្ធផលជាជំហានៗគួរជាទីមោទនៈ តាមរយៈការចូលរួមអភិវឌ្ឈប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុ និងជំរុញបរិបត្តកម្ម ឌីជីថល។ ជាពិសេស មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ បានរៀបចំរួចរាល់នូវ ផតថលបច្ចេកវិទ្យាហិរញ្ញវត្ថុនេះ ដែលប្រែក្លាយជាជំហានៗ នូវផតថលនេះ ឲ្យក្លាយជា ថ្នាលអភិវឌ្ឍ និងនវានុវត្តបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលប្រម្តុំ ធ្វើប្រព្រឹត្តិកម្ម ផ្សព្វផ្សាយ និងអនុញ្ញតឲ្យគ្រប់តួអង្គ សង្គមអាក់សេសព័ត៏មាន ទិន្នន័យ ឯកសារ និងសេវាបច្ចេកវិទ្យាហិរញ្ញវត្ថុ។ ផតថលនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ស្ថាប័នរដ្ឋ វិស័យឯកជន និងសាធារណៈជនទូទៅជាអាទិ័។