ពិធីបើក និងបិទសន្និសីទអន្តរជាតិ ស្តីពី «ការពិនិត្យឡើងវិញទូទៅនៃរដ្ឋបាលសាធារណៈ» នៅសាលាភូមិន្ទរដ្ឋបាល

លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធា រណៈ និងជាប្រធានអនុគណៈកម្មាការ កសាងសមត្ថភាពមន្ត្រីនៃគណៈកម្មាការកែទម្រង់ រដ្ឋបាលសាធារណៈ តំណាងឯកឧត្តម យក់ ប៊ុន ណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីបើកសន្និសីទអន្តរជាតិ ស្តីពី «ការពិនិត្យឡើងវិញទូទៅនៃរដ្ឋបាលសាធារណៈ» ដោយមានការអញ្ជើញចូលរួមពីលោក Laurent Mesmann ទីប្រឹក្សាពិសេសរបស់សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច និងជាប្រធានគម្រោងមជ្ឈ មណ្ឌលកិច្ចសហប្រតិបត្តិការបារាំង និងមានការចូលរួមពីគណៈប្រតិភូនៃសាកលវិទ្យាល័យប៉ូលីណេស៊ីបារាំង, តំណាងការដ្ឋានកែទម្រង់ទាំង៥ របស់រាជរដ្ឋាភិបាល និងមន្ត្រីរាជការនៃសាលាភូមិន្ទរដ្ឋបាល និងសិស្សមន្ត្រីជាន់ខ្ពស់ជាច្រើនរូប នាសហសាលនៃសាលាភូមិន្ទរដ្ឋបាល។
លោកជំទាវ ឈី វិជ្ជរ៉ា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ថ្ងៃនេះ គឺកើតចេញពីគំនិតផ្តួចផ្តើមនិងការណែនាំតម្រង់ទិសដោយផ្ទាល់ពីឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិករប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាលដោយការពិភាក្សាជាបន្តបន្ទាប់ជាមួយគណៈប្រតិភូរបស់សាកលវិទ្យាល័យប៉ូលេណេស៊ីបារាំង ក្រោមកិច្ចសម្រប សម្រួលដោយលោក Laurent Mesmann ទីប្រឹក្សាពិសេសរបស់សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងជាប្រធានគម្រោងមជ្ឈមណ្ឌលសហប្រតិបត្តិការបារាំង រហូតឈានដល់ការកំណត់រួមគ្នាអំពីទស្សនទាននៃសន្និសីទអន្តរជាតិនេះ ក្នុងគោលបំណង ដើម្បីចែករំលែកចំណេះដឹង បទពិសោធ ព័ត៌មានបច្ចុប្បន្នភាពជុំវិញប្រធានបទស្តីពីការពិនិត្យឡើងវិញទូទៅនៃរដ្ឋបាលសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ
កម្ពុជា ដែលទទួលបន្ទុកលើការងារកំណែទម្រង់គន្លឹះរបស់រាជ រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ សន្និសីទដ៏មានសារៈសំខាន់នេះ នឹងក្លាយជាមូលដ្ឋានសម្រាប់កម្ពុជាសិក្សារៀនសូត្រអំពីបទពិសោធ និងឧត្ដមានុវត្តរបស់ប្រទេសអន្តរជាតិនៅក្នុងដំណើរការនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ ដែល ប្រទេសកម្ពុជាកំពុងតែអនុវត្តនាពេលបច្ចុប្បន្នផងដែរ។ជាការ ពិតណាស់ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំងពាក់ព័ន្ធនឹងសាលាភូមិន្ទរដ្ឋបាលនេះ មានតាំងពីយូរលង់ណាស់មកហើយ។ នៅក្នុងឱកាសនេះ លោកជំទាវ ឈី វិជ្ជរ៉ា សង្ឃឹមយ៉ាងមុតមាំថា អង្គសន្និសីទរយៈពេល១ព្រឹកនេះ គឺជាវេទិកាមួយដ៏សំខាន់ដែលវាគ្មិនកិត្តិយសបានចូលរួមចែករំលែកចំណេះដឹង បទពិសោធ ការសិក្សាស្រាវជ្រាវ និងទស្សនៈល្អៗ ដែលជាធាតុចូលដ៏មានតម្លៃ និងចូលរួមចំណែកគាំទ្រដល់ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ក្នុងគោលដៅដើម្បីពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តការងាររបស់រដ្ឋបាលសាធារណៈកម្ពុជាឱ្យកាន់តែប្រសើរឡើង។
បើតាមលោកជំទាវ ឈី វិជ្ជរ៉ា សម្រាប់កម្មវិធីសន្និសីទនេះ វេទិការទី១ នឹងផ្តោតលើការផ្តល់បទបង្ហាញលើប្រធានបទសំខាន់ៗចំនួន ៤ជាបន្តបន្ទាប់រួមមាន៖ ទី១៖ បទបង្ហាញទី១ ស្ដីពី «បរិវត្តកម្មរួមគ្នានៃមុខងាររចនាសម្ព័ន្ធ និងមធ្យោបាយរបស់រដ្ឋបាលសាធារណៈ»។ទី២៖ បទបង្ហាញទី២ស្ដីពី «ការត្រួតពិនិត្យរដ្ឋបាលផ្ទៃក្នុង» ។ ទី៣៖ បទបង្ហាញទី៣ ស្ដីពី «៨០ឆ្នាំនៃអង្គការសហប្រជា ជាតិ(១៩៤៥- ២០២៥)៖ សមិទ្ធផលនិងបញ្ហាប្រឈម»។ និងទី៤៖ បទបង្ហាញទី៤ ស្ដីពី «ស្វែងយល់អំពីមូលហេតុផ្សេងៗនៃការធ្លាក់ចុះនៃការសិក្សា. ទស្សនៈវិស័យថ្មីៗសម្រាប់សាលាភូមិន្ទរដ្ឋបាលដើម្បីរួមចំណែកដោយផ្ទាល់ ឬប្រយោលដល់ការកែលម្អប្រព័ន្ធអប់រំកម្ពុជា»។
មានប្រសាសន៍បិទសន្និសីទអន្តរជាតិ ស្តីពី «ការពិនិត្យឡើងវិញទូទៅនៃរដ្ឋបាលសាធារណៈ» ឯកឧត្តម យក់ ប៊ុន ណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា ស្របជាមួយនឹងដំណើរការនៃការកែរទម្រង់ដ៏សកម្មរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយប្រធានបទថ្ងៃនេះ ជាប្រធាន បទដែលត្រូវបានរៀបចំគិតគូរ ស្របជាមួយសេចក្តីត្រូវការ ក្នុងការកែរទម្រង់ និងការពិនិត្យឡើងវិញនូវមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័ន ហើយការគិតគូរពីដំណើរការ នៃអភិវឌ្ឍន៍ របស់កម្ពុជា ក៏ដូចជាការគិតគូរពីការកសាងធនធានមនុស្ស ត្រូវបានចាត់ទុកជាអាទិភាពទី១ នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍បញ្ជាក់ថា តាមរយៈបទបង្ហាញស្តីពីបរិវត្តកម្មនៃមុខងារ រចនាសម្ព័ន្ធ និងមធ្យោបាយរបស់រដ្ឋបាលសាធា រណៈ បានបង្ហាញឱ្យឃើញថា ៖ បរិវត្តកម្មលើមុខងារ គឺការកំណត់ឡើងវិញនៃតួនាទីបែបប្រពៃណីជានិយ័តករទៅជាអ្នកឧបត្ថម្ភគាំទ្រ, ការសង្កត់ធ្ងន់លើការចូលរួម របស់ប្រជាពលរដ្ឋ វិស័យឯកជន នវានុវត្តន៍ និងបរិវិត្តកម្មឌីជីថល ដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈឱ្យមានប្រសិទ្ធភាពជាងមុន បើក ចំហរ និងឆ្លើយតបទៅតម្រូវការរបស់ប្រជាពលរដ្ឋ។ ជាមួយ នឹងវិមជ្ឈការ និងការបង្កើតភ្នាក់ងារឯកទេសដែលអនុញ្ញាតឱ្យមានប្រតិកម្មរហ័សជាងមុន ចំពោះបរិវត្តកម្មរចនាសម្ព័ន្ធ ការគ្រប់គ្រងធនធានមនុស្សនិងការស្វែងរកមធ្យោបាយហិរញ្ញវត្ថុថ្មីៗ គឺជាធាតុសំខាន់ដើម្បីធានានិរន្តភាព និងប្រសិទ្ធភាពនៃ សេវាសាធារណៈ។ បរិវិត្តកម្មនៃតូករណ៍គតិយុត្ត គឺនៅពេលនីតិរដ្ឋបាលត្រូវបានជំទាស់កើនឡើង បន្ទាប់ពីតម្រូវការកាត់ បន្ថយចំណាយសាធារណៈ និងការគ្រប់គ្រងសាធារណៈបែបថ្មី។ នាំឱ្យមានតម្រូវការនីតិឯកជនកើនឡើង ជាពិសេសនីតិ ស្រទន់។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមយក់ ប៊ុនណា បានមានប្រសាសន៍បញ្ជាក់បន្តថា តាមរយៈអង្គសន្និសីទនាពេលនេះ ពិតជាមានសារៈសំខាន់ និងបានផ្តល់ជាវេទិកា សម្រាប់មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីថ្នាក់គ្រប់គ្រង មន្ត្រីជំនាញ ជាពិសេសសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ ទទួលបាននូវ ធាតុចូល និងចំណេះដឹងថ្មីៗជាពិសេសបទពិសោធន៍នៃការអនុវត្តការពិនិត្យឡើងវិញទូទៅនៃរដ្ឋបាលសាធារណៈ ជាអន្តរជាតិ ដើម្បីជាមូលដ្ឋានសម្រាប់យកទៅសិក្សារៀនសូត្រ និងអនុវត្តនៅតាមអង្គភាពរៀងៗខ្លួនឱ្យទទួលបានលទ្ធផលកាន់តែប្រសើរឡើង៕