ពិធីប្រកាសជ័យលាភី ការប្រកួតប្រជែងរចនា «បណ្ណជូនពរ» និងពាក្យ «អង្គរសង្ក្រាន្ត» សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ព.ស. ២៥៦៨ – ២៥៦៩

នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ សប្បាយណា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមការងារប្រតិបត្តិនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសជ័យលាភី ការប្រកួតប្រជែងរចនា «បណ្ណជូនពរ»និងពាក្យ «អង្គរសង្ក្រាន្ត» សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ព.ស. ២៥៦៨ – ២៥៦៩។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក ឈឹម សុធី ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមការងារនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សមាជិក សមាជិកា ស.ស.យ.ក. ព្រមទាំងសិស្ស និស្សិតជាច្រើនរូប។
ការប្រកួតប្រជែងរចនា «បណ្ណជូនពរ»និងពាក្យ «អង្គរសង្ក្រាន្ត» សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ព.ស. ២៥៦៨ – ២៥៦៩ បានចាប់ផ្ដើមទទួលពាក្យកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ និងបានបិទបញ្ចប់ការដាក់ពិន្ទុតាមបណ្ដាញសង្គមកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ។ ក្រោយវាយតម្លៃ និងការដាក់ពិន្ទុយ៉ាងល្អិតល្អន់ ក្រុមការងារបានរកឃើញម្ចាស់ជ័យលាភីទាំងពីរប្រកួត។
ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តម សុខ សប្បាយណា បានកោតសរសើរចំពោះសក្តានុភាព និងភាពច្នៃប្រឌិតខ្ពស់របស់បេក្ខជន បេក្ខនារីគ្រប់រូបដែលបានចូលរួមប្រកបដោយឆន្ទៈក្នុងការប្រកួតប្រជែងនេះ។ ឯកឧត្តមបានបន្តថា ទោះជាទទួលបានជ័យលាភី ឬមិនទទួលបានជ័យលាភីក្តី ការចូលរួមនេះបានបន្សល់ទុកនូវបទពិសោធល្អៗ សម្រាប់បេក្ខជន និងបេក្ខនារីគ្រប់ៗរូប។
ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណដល់គណៈកម្មការទាំងអស់ដែលបានពិនិត្យ និងដាក់ពិន្ទុប្រកបដោយតម្លាភាព ដល់បេក្ខជន បេក្ខនារីគ្រប់រូប និងថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ដែលបានរួមចំណែកឱ្យការប្រកួតនេះបានប្រព្រឹត្តទៅដោយជោគជ័យ។ ក្នុងឱកាសនេះ ឯកឧត្តម ក៏បានអញ្ជើញប្រគល់បានរង្វាន់ ម្ចាស់ជ័យលាភីលេខ ១ ដល់លេខ ៣ និងបានប្រគល់លិខិតថ្លែងអំណរគុណនិងវត្ថុអនុស្សាវរីយ៍ ជូនដល់ម្ចាស់ស្នាដៃវគ្គផ្ដាច់ព្រ័ត្រផងដែរ។
សូមជម្រាបថា ការប្រកួតប្រជែងរចនា «បណ្ណជូនពរ»និងពាក្យ «អង្គរសង្ក្រាន្ត» សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ព.ស. ២៥៦៨ – ២៥៦៩ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្ដល់ជាវេទិកា ដើម្បីផ្ដល់ឱកាសដល់សាធារណជនអាចចូលរួមបញ្ចេញស្នាដៃរចនាប្រកបដោយភាពច្នៃប្រឌិត ជាពិសេសជំរុញឱ្យមានការចូលរួមកាន់តែច្រើនកុះករជាមួយនឹងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕