ពិធីប្រគល់-ទទួលកុំព្យូទ័រ ចំនួន ១១៦គ្រឿង ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងការចែកវិញ្ញាបនប័ត្របញ្ជាក់ការចូលរួមវគ្គបណ្តុះបណ្តាលឌីជីថល ជូនមន្ត្រីនៃតុលាការកំពូលនិងមហាអយ្យការអមតុលាការកំពូល តុលាការកំពូល

នារសៀលថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល កំព្យូទ័រចំនួន ១១៦គ្រឿង និងចែកវិញ្ញាបនប័ត្របញ្ជាក់ការចូលរួមវគ្គបណ្តុះបណ្តាលឌីជីថល លើជំនាញសន្តិសុខសាយប័រនិងអក្ខរកម្មទិន្នន័យ ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ផ្តល់ជូនតុលាការ កំពូលនិងមហាអយ្យការអមតុលាការកំពូល។

ឯកឧត្តមបណ្ឌិត ជីវ កេង បានមានប្រសាសន៍ថា តុលាការកំពូលនិងមហាអយ្យការអមតុលាការកំពូល បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ស្តីពី «កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាល ផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត” កាលពី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយតាមរយៈការអនុវត្តអនុស្សរណៈនៃការយោគយល់នេះ តុលាការកំពូល និងមហាអយ្យ ការអមតុលាការកំពូលទទួលបាននូវវឌ្ឍនភាពនៃបរិវិវត្តកម្មឌីជីថលជាផ្លែផ្កា មានជាអាទិ៍៖ ១. ការបញ្ចប់ជាស្ថាពរនូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត។

២. ការបណ្តុះបណ្តាលលើជំនាញឌីជីថលចំនួន ២វគ្គ គឺ វគ្គសន្តិសុខសាយប័រ និងវត្តអក្ខរកម្ម ឌីជីថល់ជូនដល់អគ្គព្រះរាជអាជ្ញារង ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីតុលាការកំពូលនិង មហាអយ្យការ សរុបចំនួន១១២នាក់ ដែលនឹងទទួលបាននូវវិញ្ញាបនប័ត្រនាពេលឱកាសនេះ ផងដែរ។ ៣. ការបញ្ចប់កិច្ចពិភាក្សាបច្ចេកទេសលើការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់ រាជរដ្ឋាភិបាល verify.gov.kh។

៤. ការទទួលបាននូវ (១) កុំព្យូទ័រចំនួន ១១៦គ្រឿង (២) Domain Controller សម្រាប់ គ្រប់គ្រងសិទ្ធិអ្នកប្រើប្រាស់ (៣) Server ជំនាន់ថ្មីសម្រាប់គ្រប់គ្រងសំណុំរឿងចំនួន ១ គ្រឿង (៣) Server សម្រាប់គ្រប់គ្រងការព្រីននិងការស្កែនឯកសារ ចំនួន ១ គ្រឿង (៤) ម៉ាស៊ីន ព្រីននិងស្កែនចំនួន ១០គ្រឿង (៥) ការ Hosting វេបសាយរបស់តុលាការកំពូលនិង មហាអយ្យការអមតុលាការកំពូល និង (៦) អាជ្ញាបណ្ណ Office 365។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បញ្ជាក់ថា តុលាការកំពូលនិងមហាអយ្យការអមតុលាការកំពូល បាននិងកំពុងជំរុញការធ្វើបរិវត្តកម្មឌីជីថល និងកែប្រែស្ថាប័នមួយនេះទៅជាស្ថាប័នឌីជីថល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ ប្រកបដោយគុណភាព ភាពឆាប់រហ័ស ងាយស្រួល សុក្រឹតភាព និងតម្លាភាព ឆ្លើយតបទៅនឹង “យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេស បញ្ចកោណ ទី៥ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥»។ ជាជំហានបន្ទាប់ តុលាការកំពូលនិងមហាអយ្យការអមតុលាការកំពូល នឹងបន្តសហការយ៉ាង ជិតស្និតជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លើកិច្ចការអាទិភាពមួយចំនួនបន្ថែមទៀត ដូចជា (១) ដាក់ឱ្យប្រើថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (២) អភិវឌ្ឍ និងប្រើប្រាស់កម្មវិធីគ្រប់គ្រងសំណុំរឿងដែលគាំទ្រនិងអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង (៣) បណ្តុះបណ្តាលនិងជំរុញការចាប់យកឌីជីថលរបស់មន្ត្រីនៃតុលាការកំពូលនិងមហាអយ្យការអមតុលាការកំពូលឱ្យកាន់តែមានគុណភាពល្អប្រសើរ និងប្រសិទ្ធភាពនៃការផ្តល់នូវសេវាយុត្តិធម៌សម្រាប់សង្គមជាតិ។ នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ជីវ កេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមការដឹកនាំដ៏ឆ្លាតវៃ របស់ឯកឧត្តម ជា វ៉ាន់ដេត ជារដ្ឋមន្ត្រី ដែលបានផ្តល់ការគាំទ្រគ្រប់ជ្រុងជ្រោយទាំងការងារផ្នែកទន់, ទាំងមន្ត្រីជំនាញបច្ចេកទេស, ទាំងសម្ភារៈដូចជាការផ្តល់ជូនដំបូងនូវកុំព្យូទ័រចំនួន១១៦គ្រឿង នាពេលនេះ សម្រាប់សម្រួលបម្រើឱ្យសេចក្តីត្រូវការជាក់ស្តែងក្នុងការបំពេញការងារផ្តល់សេវាយុត្តិធម៌ ប្រកបដោយប្រសិទ្ធភាពនិងភាពឆាប់រហ័ស។

នៅក្នុងឱកាសនេះ ឯកឧត្តម ជា វ៉ាន់ដេត បានថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងថ្នាក់ ដឹកនាំអស់ ដែលបានគាំទ្រ និងបញ្ជូនសិក្ខាកាមចូលរូមវគ្គ បណ្តុះបណ្តាល ដើម្បីធ្វើបរិវត្តកម្មឌីជីថល នៅក្នុងតុលាការកំពូល។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ជានិច្ចកាល ឯកឧត្តមបណ្ឌិតតែងតែគាំទ្រដល់បេសកកម្មរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយជាការឆ្លើយតប មកវិញ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍  ក៏នឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីជម្រុញការធ្វើបរិវត្តកម្មឌីជីថល នៅតុលាការកំពូលឲ្យទទួលបានជោគជ័យ។ឆ្លៀតក្នុងឱកាស នេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនពីបេសកកម្មរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានអនុវត្តន៍ក្នុងរយះពេល៥ឆ្នាំចុងក្រោយនេះ និងទិសដៅការងារដែលត្រូវអនុវត្តជាបន្តបន្ទាប់ទៀត ជូនអង្គពិធីផងដែរ។ ឯកឧត្តម ជា វ៉ាន់ដេតបានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានដាក់ ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានចង្អុលបង្ហាញនូវភាពចាំបាច់ក្នុងការគ្រប់គ្រងឱ្យបានលើហានិភ័យក្នុងលំហសាយប័រ និងការចាប់យកកាលានុវត្តភាពពីការរីកចំរើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងជាតិ បង្កើនផលិតភាព ជំរុញពិពិធកម្ម បង្កើតនិងលើកកម្ពស់គុណភាពការងារ។ ក្នុងពិធី ឯកឧត្តម ជា វ៉ាន់ដេត បានប្តេជ្ញាចិត្តថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលផ្នែកបច្ចេកវិទ្យាឌីជីថល នឹងជួយជម្រុញការធ្វើបរិវត្តកម្មឌីជីថល នៅតុលាការកំពូលឲ្យទទួលបានជោគជ័យ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញប្រគល់-ទទួល កំព្យូទ័រចំនួន ១១៦គ្រឿង និងបានចែកជូនវិញ្ញាបនប័ត្របញ្ជាក់ការចូលរួមវគ្គបណ្តុះបណ្តាលឌីជីថល លើជំនាញសន្តិសុខសាយប័រនិងអក្ខរកម្មទិន្នន័យ ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ផ្តល់ជូនតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះ បណ្តាល ចំនួន១១២នាក់ផងដែរ៕