កម្មវិធីផ្សព្វផ្សាយ នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបានបន្តអនុវត្តផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
កម្មពិធីផ្សព្វផ្សាយ នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមត្រូវបានបង្កើតឡើងតាមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីឆ្នាំ២០០៩។ ចាប់តាំងពីការបង្កើតកម្មវិធីផ្សព្វផ្សាយ នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម នេះមក កម្មវិធីនេះទទួលបានការអបអរសាទរទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ ក៏ដូចជាមានការចូលរួមនិងអបអរសាទររបស់ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ មន្រ្តីរាជការ និងសិស្សានុសិស្សនៅទូទាំងប្រទេសយ៉ាងអធិកអធម។
ជាពិសេសជាងនេះទៅទៀត នៅក្នុងអាណត្តិរាជរដ្ឋាភិបាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កម្មវិធីនេះក៏ត្រូវបានបន្តអនុវត្តនិងផ្សព្វផ្សាយជាបន្តបន្ទាប់ ហើយទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ។
ជាក់ស្តែងកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហាក់ ប៊ុនធឿន នាឱកាសជាតំណាង
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍ថា អគ្គនាយកដ្ឋានកិច្ចការសាសនា សហការជាមួយអគ្គនាយកដ្ឋានទូរទស្សន៍ វិទ្យុរដ្ឋ និងឯកជន បាននិងកំពុងបន្តរៀបចំដឹកនាំផ្សព្វផ្សាយ ដើម្បីបញ្ជ្រាបការយល់ដឹង អប់រំទូន្មានដល់កុលបុត្រខ្មែរ ដើម្បីឱ្យប្រកាន់ភ្ជាប់នូវអំពើល្អ សទ្ធាជ្រះថ្លា យកព្រះធម៌ជាគោលមកពិចារណាអ្វីមួយដោយធម៌ ពិសេសទូន្មានសិស្ស និស្សិតឱ្យស្គាល់នូវបុណ្យ បាប ល្អ អាក្រក់ ហើយជៀសឱ្យផុតនូវគ្រឿងញៀន គ្រឿងស្រវឹង អំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គម ហើយចុងក្រោយឱ្យប្អូនៗយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រ។
ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍បន្ថែមថា ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋបានដើរតួនាទីយ៉ាងសំខាន់ ព្រមទាំងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការផ្សព្វផ្សាយ នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម នេះ កាន់តែធ្វើឱ្យប្រជាពលរដ្ឋខ្មែរគ្រប់វ័យកាន់តែប្រកាន់ភ្ជាប់សីលធម៌ គុណធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្នូរនៅក្នុងសង្គម ដើម្បីអភិវឌ្ឍខ្លួនក្លាយជាបញ្ញាវ័នដ៏មានគុណតម្លៃសម្រាប់ប្រទេសជាតិនិងសង្គម។
ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការសម្តែងព្រះធម៌ទេសនានេះពិតជាបានចូលរួម
ចំណែកយ៉ាងធំធេងដល់ការអប់រំដល់សង្គម ក្នុងនោះរួមមាន៖
1. ការយល់ដឹងនូវព្រះធម៌ ដើម្បីប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌ គុណធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្នូរក្នុង
សង្គម។
2. បង្ការការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍។
3. ចៀសផុតពីការសេពគ្រឿងញៀន គ្រឿងស្រវឹង និងការជួញដូរមនុស្ស។
4. ចៀសផុតពីអំពើហិង្សាក្នុងគ្រួសារនិងក្នុងសង្គម។
5. ជួយបង្ការគ្រោះថ្នាក់ចរាចរ។
6. រួមចំណែកដល់ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ។
7. រួមចំណែករក្សាគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។
8. អក្ខរកម្មឆ្ពោះទៅរកការសិក្សាពេញមួយជីវិត។
9. ការចិញ្ចឹមបុត្រធីតាប្រកបដោយព្រហ្មវិហារធម៌។
សូមជម្រាបជូនថា នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមលើកទី ៣០៣ នាឱកាសនេះ មានការនិមន្តសម្តែងព្រះធម៌ទេសនា ដោយគណៈធម្មយុត្តិកនិកាយ ព្រះធម្មសម្ផស្សសោមនស្សវីរឧត្តម សុន សុភាស់, ព្រះមេត្តមុនី ហែម សុផល្លី, ព្រះទេសន៍ប្រជានិយម ផាយ រិទ្ធី និងមានការនិមន្ត-អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ មន្រ្តីរាជការ លោក លោកស្រី លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ តាជី យាយជី និងសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ៕