ពិធីសម្ពោធការិយាល័យបកប្រែ ផលិតភាពយន្ត ភាពយន្តភាគនៃស្ថានីយវិទ្យុ និងទូរទស្សន៍ក្វាងស៊ីបានប្រារព្ធឡើងនៅរាជធានីភ្នំពេញ
នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ពិធីសម្ពោធការិយាល័យបកប្រែ ផលិតភាពយន្ត ភាពយន្តភាគនៃស្ថានីយវិទ្យុ និងទូរទស្សន៍ក្វាងស៊ីបានប្រារព្ធឡើងដោយជោគជ័យនៅរាជធានីភ្នំពេញនៃ ប្រទេស កម្ពុជាក្រោមអធិបតីភាពលោកស្រី ឆឹនអ៊ីជៀ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃតំបន់ស្វយ័តជនជាតិជួងក្វាងស៊ីនៃប្រទេសចិននិង ឯកឧត្តម ទន់ សារ៉ាត់ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន
។
សូមជម្រាបជូនថា ក្នុងឆ្នាំ២០១៤ ស្ថានីយវិទ្យុ និងទូរទស្សន៍ក្វាងស៊ីនិងទូរទស្សន៍ជាតិកម្ពុជា បានសហការគ្នាដាក់ដំណើរការកម្មវិធីផ្សាយ “នាទីខ្សែភាពយន្តភាគចិន” ដែលជាការបើកនូវទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិដំបូងគេនៅក្នុងវិស័យវិទ្យុនិងទូរទស្សន៍។ ១០ឆ្នាំមកនេះ មានខ្សែភាពយន្តភាគចិន និងគំនូរជីវចលប្រកបដោយគុណភាពខ្ពស់ ប្រមាណ២៥០០ភាគ បានចូលមកបម្រើជាចំណីអារម្មណ៍ ដល់ទស្សនិកជនកម្ពុជារាប់លាននាក់ ហើយទទួលបាននូវការគាំទ្រយ៉ាងខ្លាំង និងយ៉ាងទូលំទូលាយរបស់មន្ត្រីរដ្ឋាភិបាល និងប្រជាជននៅប្រទេសកម្ពុជា។
ការិយាល័យបកប្រែ ផលិតភាពយន្ត ភាពយន្តភាគនៃស្ថានីយវិទ្យុ និងទូរទស្សន៍ក្វាងស៊ីនេះ នឹងបន្តពង្រីកនិងពង្រឹងនូវយន្តការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការជាមួយប្រព័ន្ធផ្សព្វផ្សាយថ្នាក់ជាតិរបស់កម្ពុជា ក៏ដូចជាបង្កើនប្រសិទ្ធភាពនិងវិសាលភាពនៃកម្មវិធីផ្សាយ “នាទីខ្សែភាពយន្តភាគចិន” ដែលជាការបង្កើតនិងដំណើរការរួមគ្នា ដោយវិទ្យុនិងទូរទស្សន៍ក្វាងស៊ី និងទូរទស្សន៍ជាតិកម្ពុជា។
ការិយាល័យនេះមានសម្ភារៈថតសំឡេងនិងបកប្រែកម្រិតខ្ពស់និងទំនើបៗ ហើយ បាន បង្កើត ក្រុម ជំនាញ ដែល មានបុគ្គលិកចំនួន២០រូប រួមមាន អ្នកបកប្រែ អ្នកបញ្ចូលសំឡេងនិងអ្នកជំនាញបច្ចេកទេស។ ការិយាល័យនេះមានសមត្ថភាពផលិត បកប្រែ និងបញ្ចូលសំឡេង ប្រហែល ៣០០ម៉ោងក្នុងមួយឆ្នាំៗ រួមមានទាំងខ្សែភាពយន្ត ខ្សែភាពយន្តភាគភាពយន្តឯកសារ គំនូរជីវចល ល្ខោននិយាយពាណិជ្ជកម្មផ្សព្វផ្សាយអប់រំ និងមាតិកាផ្សេងៗជាច្រើនទៀត។
សូមបញ្ជាក់ថាកម្មពិធីសម្ពោធការិយាល័យបកប្រែ ផលិតភាពយន្ត ភាពយន្តភាគនៃស្ថានីយវិទ្យុ និងទូរទស្សន៍ក្វាងស៊ី ត្រូវបានដាក់ឱ្យដំណើរការនៃ ភាពយន្ត ឯកសារ « ទន្លេ លី ជាំង » ដែលមានគម្រោងបកប្រែជាភាសាខ្មែរផងដែរ៕