ពិធីសំណេះសំណាលជាមួយសមាជិកសមាជិកាក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលទើបជ្រើសរើសថ្មី ប្រចាំសាកលវិទ្យាល័យសាស្ត្រសុខាភិបាល

នៅទីតាំងទី១ ស.វ.ស៖ ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល”ស.វ.ស” បានរៀបចំពិធីសំណេះសំណាលជាមួយសមាជិកសមាជិកាក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលទើបជ្រើសរើសថ្មី លើកទី៥ ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលក្រោមអធិបតីភាពឯកឧត្តម លេង ផាលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី។

ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល ជាសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានប្រសាសន៍ថា÷ពិធីសំណេះសំណាលថ្ងៃនេះ ជាពិធីលើកទី៥ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ជិត៤០០នាក់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ គិតមកដល់ខែកញ្ញា ឆ្នាំ២០២៤ នេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានចូលរួមចំណែកផ្តល់សេវាអប់រំ ថែទាំ ព្យាបាលសុខភាពជូនប្រជាពលរដ្ឋដោយមិនគិតកម្រៃបានចំនួន១៦លើក ដោយមានប្រជាពលរដ្ឋមកទទួលសេវាសរុបចំនួន១៣៣,៦៥៥ នាក់ (ស្រ្តីចំនួន៨៦,១០០ នាក់) ។

ឯកឧត្តមសាស្រ្តាចារ្យ បានបន្ថែមថា មន្រ្តី បុគ្គលិកនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សរុបចំនួន ២,៣៤៨ នាក់ (ស្រ្តីចំនួន១៥៥៩ នាក់) ដែលក្នុងនោះសមាជិកជាមន្រ្តីរាជការ បុគ្គលិក ចំនួន ៨២ នាក់ (ស្រ្តីចំនួន៣៤ នាក់) និង និស្សិតចំនួន ២,២៦៦ នាក់ (ស្រ្តីចំនួន១៥២៥ នាក់) បានចូលរួមដោយស្ម័គ្រចិត្តជាសមាជិក ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី។

ឯកឧត្តម លេង ផាលី បានថ្លែងឱ្យដឹងផងដែរថា÷ ក្នុងនាមជានីតិបុគ្គលនៃក្រុមគ្រួសារ ស.ស.យ.ក. ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមចំណែកក្នុងចលនារួមរបស់សង្គមជាតិ ដោយរួបរួមជាមួយសកម្មភាពសង្គមរបស់ ស.ស.យ.ក. បន្ថែមទៀត។ តាមរយៈការលះបង់នេះ បានសរបញ្ជាក់ពីស្មារតី ២ធ្នូ ដោយសមាជិក សមាជិកា ស.ស.យ.ក. សមាជិក សមាជិកា ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តមហ៊ុន ម៉ានី មកពីប្រភព មានតួនាទី និងមុខងារផ្សេងៗ មករួមគ្នា ដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក មកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយ សម្រាប់ប្រទេសជាតិ និងផ្តល់ជាគម្រូដល់សង្គមជាតិ។

ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ  បាន គូសបញ្ជាក់លើកឡើងបន្ថែមថា ÷ក្នុងនាមថ្នាក់ដឹកនាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល  ឯកឧត្តម សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានផ្តល់ឱកាសដល់និស្សិត ស.វ.ស បានទទួលការរៀនសូត្របន្ថែម អនុវត្តផ្ទាល់នៅមូលដ្ឋាន និងបានឱកាសចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជន ដែលជាកត្តាដ៏សំខាន់នាំឱ្យមានកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់រាជរដ្ឋាភិបាល​ អណត្ដិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់។

ឯកឧត្តមសាស្រ្តាចារ្យ បានគូសរម្លឹកថា «កាយវិការមនុស្សធម៌ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មិនដែលទុកប្រជាពលរដ្ឋឲ្យហែលឆ្លងការលំបាក បានក្លាយថ្នាលគំរូបណ្តុះស្មារតីមនុស្សធម៌ និងសីលធម៌វិជ្ជាជីវៈ សម្រាប់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលនឹងក្លាយជាអ្នកផ្តល់សេវាក្នុងវិស័យសុខាភិបាលនាពេលអនាគត ដែល  ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល តែងតែផ្តល់អនុសាសន៍ណែនាំឱ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ពង្រឹងលើការបណ្តុះបណ្តាល ដោយបញ្ជ្រាប ការបណ្តុះស្មារតី មនុស្សធម៌ និងសីលធម៌វិជ្ជាជីវៈ នេះផងដែរ»៕