ពិធី «ពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន» គឺជាការផ្តល់ឱកាសសម្រាប់ជួបប្រាស្រ័យទាក់ទងគ្នាកាន់តែជិតស្និទ្ធ ផ្លាស់ប្តូរគំនិតយោបល់ ចែករំលែកបទពិសោធន៍ល្អៗ

នៅក្នុងពិធី «ពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន»របស់សាសនាឥស្លាមកម្ពុជាខេត្តព្រះសីហនុលើកទី៣ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងថា នេះគឺជាការផ្តល់ឱកាសសម្រាប់ជួបប្រាស្រ័យទាក់ទងគ្នាកាន់តែជិតស្និទ្ធ ផ្លាស់ប្តូរគំនិតយោបល់ ចែករំលែកបទពិសោធន៍ល្អៗ និងពង្រឹងកិច្ចសហប្រតិបត្តិការរួមចំណែកដល់ការលើកស្ទួយសុខដុមនីយកម្មវិស័យឥស្លាមសាសនា នៅកម្ពុជា សំដៅរក្សានូវសុខសន្តិ ភាព ស្ថិរភាពសុវត្ថិភាពទាំងផ្លូវកាយ ផ្លូវចិត្ត និងស្មារតីនៅក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ប្រកប ដោយក្តីមេត្តាករុណារវាងសហគមន៍ឥស្លាមខេត្ត ។ 

ពិធីដ៏មានអត្ថន័យនេះបានបង្ហាញឱ្យឃើញពីសាមគ្គី ភាព ការយោគយល់គ្នា ការរស់នៅជាមួយគ្នា គឺក្នុងគោលបំណង ដើម្បីឱ្យមានអារម្មណ៍ជិតសិ្នទ្ធជាមួយព្រះជាម្ចាស់ចំណាយពេលវេលាជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់ ចូលរួមក្នុងសកម្មភាពសប្បុរសធម៌ និងរំលឹកដល់មនុស្សដែលមានវាសនាមិនល្អ ។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានមាន ប្រសាសន៍ដូចនេះ ក្នុងឱកាសដែល ឯកឧត្តម និងលោកជំទាវ  អញ្ជើញសំណេះសំណាល និងពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជាខេត្តព្រះសីហនុ នៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ដោយមានការចូលរួមពីឯកឧត្តមអ្នកតំណាងរាស្ត្រខេត្តព្រះសីហនុ លោក លោក ស្រី អភិបាលរង ខេត្ត អភិបាលស្រុក បងប្អូនសាសនិកឥស្លាម នាល្ងាចថ្ងៃចន្ទទី១៧ ខែមីនា ឆ្នាំ២០២៥ ។