ពិភពលោកកំពុងវឹកវរនឹងសង្រ្គាមពាណិជ្ជកម្មនិងគ្រោះធម្មជាតិ ស្របពេលគ្រោះទុរភិក្សនៅ GAZA ពីសង្រ្គាមកំពុងគំរាម កំហែងជីវិតប្រជាជនជាង២លាននាក់ទាបជាងសូន្យទៅទៀត

ខណៈពិភាពលោកកំពុងវឹកវរជាមួយនឹងសង្រ្គាមពាណិជកម្មរបស់សហរដ្ឋអាមេរិក និង គ្រោះរញ្ជួយដីនៅតំបន់អាស៊ីអាគ្នេយ គេក៏បានង្កេតឃើញពីទុក្ខវេទនានៅតំបន់មជ្ឈឹមបូព៌ាដែរ។ ម្សិលមិញនេះមានអង្គការសប្បុរសធម៌មួយបានចែកចាយអាហារដល់ប្រជាជនប៉ាឡេស្ទីនដែលស្ថិតក្នុងសង្គ្រាមស្រាប់នៅភាគខាងជើងហ្គាហ្សា និងដែលត្រូវបានបំផ្លិចបំផ្លាញយ៉ាងអាក្រក់រយៈពេលជាង១៧ខែមកនេះ ចំពេលដែលអង្គការមនុស្សធម៌នានាបង្ហាញក្តីព្រួយបារម្ភអំពីគ្រោះទុរភិក្សដែលអាចកើតមាននៅក្នុងតំបន់នេះកាន់តែធ្ងន់ធ្ងរទៅៗ។ ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាបានជួបការលំបាកក្នុងការចិញ្ចឹមគ្រួសាររបស់ពួកគេ ខណៈដែលការហាមប្រាមរបស់អ៊ីស្រាអែលលើការផ្តល់ជំនួយចូលទៅក្នុងហ្គាហ្សានៅតែបន្តដដែល។ មនុស្សរាប់រយនាក់បានងាកទៅរកអង្គការសប្បុរសធម៌មួយចំនួនដើម្បីទទួលបានអាហារសម្រាប់កូនៗរបស់ពួកគេ។ នាង Yasmin Battah ជាម្តាយដែលមានកូនក្នុងបន្ទុកដល់ទៅ៥នាក់បាននិយាយថា “ខ្ញុំបានមកទីនេះដើម្បីទទួលអាហារថ្ងៃត្រង់ពីអង្គការសប្បុរសធម៌ ដោយសារតែស្ថានភាពនៅហ្គាហ្សាជាទូទៅគឺជួបគ្រោះមហន្តរាយ និងទុក្ខលំបាកខ្លាំងណាស់ ហើយស្ថានភាពរបស់ខ្ញុំពេលនេះគឺទាបជាងសូន្យទៅទៀត”។ នាងបានបន្ថែមថា៖ «ខ្ញុំមិនមានលុយសម្រាប់ទិញអ្វីតាមតម្រូវការរបស់ខ្ញុំបានទេ ហើយរបស់ដែលមានលក់នៅទីនេះគឺថ្លៃខ្លាំងណាស់ ពួកយើងគ្មានសមត្ថភាព និង មិនអាចធ្វើអ្វីបានក្រៅតែពីរង់ចាំអង្គការមនុស្សធម៌មកចែកចាយអាហារប៉ុណ្ណោះ»។ សង្គ្រាមបានធ្វើឱ្យប្រជាជននៅតំបន់ហ្គាហ្សាជាង២លាននាក់ត្រូវរង់ចាំនិងពឹងផ្អែកទាំងស្រុងលើជំនួយអន្តរជាតិ។ ក្រុមផ្តល់ជំនួយបានសម្តែងក្តីព្រួយបារម្ភថាសកម្មភាពមនុស្សធម៌បានកើនឡើងដោយពួកគេទទួលបានអំឡុងពេលបទឈប់បាញ់រយៈពេល៦សប្តាហ៍នេះ គឺដើម្បីបញ្ចៀសគ្រោះទុរភិក្សនៅក្នុងផ្នែកខ្លះនិងដើម្បីកាត់បន្ថយបានតិចតួចដែរ ខណៈដែលអ៊ីស្រាអែលនៅតែបន្តរារាំងនូវដំណើរការផ្តល់ជំនួយនានាទៅកាន់តំបន់ហ្គាហ្សានេះ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ