ព្យុះធូលីដ៏កម្របានបោកបក់គ្របដណ្តប់រដ្ឋ New Mexico បង្ខំឲ្យអាជ្ញាធរត្រូវបិទផ្លូវហាយវ៉េធំៗក្រោយពីវាសម្លាប់មនុស្ស៨នាក់

ខ្យល់បក់បោកពាសពេញដី បានបង្កឱ្យមានព្យុះធូលីយ៉ាងខ្មួរខ្មាញ់ និងហុយទ្រលោមគ្របដណ្តប់ស្ទើរតែមិនអាចឃើញនឹងភ្នែកបានឡើយ ជាពិសេសបង្កភាពលំបាកសម្រាប់អ្នកបើកបររថយន្តទូទៅ។ លក្ខខណ្ឌអាកាសធាតុបែបនេះ គឺបានគម្រាមកំហែងខ្លាំងជាងគេនៅលើផ្លូវ Interstate លេខ៧០ ចាប់តាំងពីសប្តាហ៍មុន នៅភាគខាងលិចនៃរដ្ឋ Kansas ពាក់ព័ន្ធនឹងរថយន្តធម្មតា និងរថយន្តដឹកទំនិញរាប់សិបគ្រឿង ដែលបណ្តាលឲ្យមនុស្ស៨នាក់ស្លាប់រួចទៅហើយដែរ។
ព្យុះធូលីដែលសុទ្ធសឹងតែបានបិតបាំងកំហើញមនុស្សទៅហើយនោះ បានជំរុញឱ្យនាយកដ្ឋានដឹកជញ្ជូនរបស់រដ្ឋ New Mexico ត្រូវបង្ខំចិត្តបិទផ្លូវ Interstate លេខ ២៥ ចាប់ពីព្រំដែន Colorado ភាគនិរតីទៅកាន់ទីក្រុង Las Vegas នៃរដ្ឋ New Mexico ផងដែរ។ មេឃបានអាប់អួរ និង ងងឹតខ្លាំងដោយធូលីដី វាហាក់ដូចជាបានរំលឹកឡើងវិញនូវស្ថានភាព “Dust Bowl” ក្នុងទសវត្សរ៍ឆ្នាំ ១៩៣០ ដូច្នោះដែរ គឺនៅពេលដែលធូលីដីបានប្រមូលផ្តុំគ្នា និងផ្លុំដីចេញរាប់លានតោនកប់លើកសិដ្ឋាន លើទីក្រុងនានា និងស្រោបពាសពេញតំបន់ Great Plains ថែមទៀតដែរ។
ព្យុះបែបនេះគឺកើតឡើងតិចតួចណាស់ជារៀងរាល់ឆ្នាំ ជាពិសេសនៅភាគខាងលិចសហរដ្ឋអាមេរិក ហើយវាកើតឡើងនៅពេលដែលដីស្រែចម្ការមិនទាន់ត្រូវបានដាំដុះនៅនិទាឃរដូវ។ ក្រុមអ្នកវិទ្យាសាស្ត្រខ្លះបានបង្ហាញពីក្តីបារម្ភរបស់ពួកគេថា អ្នកបើកបរយានយន្តជាច្រើនត្រូវតែយកចិត្តដាក់ឲ្យបានខ្ពស់ អំឡុងពេលបើកបរកាត់ព្យុះធូលីបែបនេះ ព្រោះវាងាយបង្កគ្រោះថ្នាក់ដល់អាយុជីវិត៕ សម្រួលអត្ថបទ៖ សុផារិន្ទ