ព្រឹត្តិការណ៍បាល់ទាត់ព្រែកជីកហ្វូណនតេជោ និងទិវាសន្តិភាពនៅកម្ពុជា (២៩ ធ្នូ ១៩៩៨) និងរៀបចំឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ
ព្រឹត្តិការណ៍បាល់ទាត់ព្រែកជីកហ្វូណនតេជោ និងទិវាសន្តិភាពនៅកម្ពុជា (២៩ ធ្នូ ១៩៩៨) ក្រោមមូលបទ “រួមគ្នាដើម្បីព្រែកជីកហ្វូណនតេជោ និងសន្តិភាព“ នឹងរៀបចំឡើងនៅថ្ងៃទី២៩ធ្នូឆ្នាំ២០២៤ខាងមុខនេះ នៅពហុកីឡដ្ឋានមរតកតេជោ ដោយមានអ្នកចូលរួមប្រមាណជាង៤ម៉ឺននាក់។ នេះបើតាមការបង្ហាញអោយដឹងក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់ខាងលើ នាព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី , ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ, ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងតំណាងក្រសួងអប់រំ យុវជន និងកីឡា។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ព្រឹត្តិការណ៍បាល់ទាត់ព្រែកជីកហ្វូណនតេជោ និងទិវាសន្តិភាពនៅកម្ពុជា ក្រោមមូលបទ “រួមគ្នាដើម្បីព្រែកជីកហ្វូណនតេជោ និងសន្តិភាព“ នឹងរៀបចំឡើងនៅថ្ងៃទី២៩ធ្នូឆ្នាំ២០២៤ខាងមុខនេះ នៅពហុកីឡដ្ឋានមរតកតេជោ ដែលមានទីតាំងនៅលើវិថីឈ្នះឈ្នះក្នុងសង្កាត់បាក់ខែងខណ្ឌជ្រោយចង្វា ដោយមានអ្នកចូលរួមប្រមាណជាង៤ម៉ឺននាក់។
ឯកឧត្ដមបន្តថា៖ ព្រឹត្តិការណ៍នេះ រៀបចំឡើង ក្នុងគោលបំណង ដើម្បីរំលឹកខួបសន្តិភាព ថ្ងៃ២៩ធ្នូឆ្នាំ១៩៩៨និងដើម្បីអបអរសាទរនៃការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ។ សម្រាប់អាជ្ញាធររាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍នេះ ក្រៅពីត្រៀមរៀបចំរក្សាសន្តិសុខ សណ្តាប់ធ្នាប់ហើយ យើងនឹងត្រៀមរៀបចំការផ្សព្វផ្សាយអោយបានទូលំទូលាយ ជាមួយតុបតែង រៀបចំបដា រៀបចំតន្រ្តីជាដើម សំដៅធ្វើយ៉ាងណាអោយព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះដំណើរទៅដោយរលូននិងជោគជ័យ។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ក៏បានមានប្រសាសន៍លើកឡើងផងដែរថា៖ ព្រឹត្តិការណ៍បាល់ទាត់ នេះ អ្វីដែលសំខាន់នោះ គឺកិច្ចការពារសន្តិសុខនិងសណ្តាប់ធ្នាប់ក្នុងពិធី។យើងពិតជាបានដឹងហើយថា៖ កាលពីថ្ងៃ១៨សីហាឆ្នាំ២០២៤កន្លងមកនេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញជាមួយកងកម្លាំងមានសមត្ថកិច្ចរបស់យើងបានបំពេញការងារបានយ៉ាងល្អ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ដោយបានធ្វើអោយពួកជ្រុលនិយម ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ទទួលបរាជ័យ។ ប៉ុន្តែយើងត្រូវដឹងថា ពួកអគតិ ជ្រុលនិយមទាំងនេះ នៅតែចិញ្ចឹមចិត្ត បង្កអសន្តិសុខនៅក្នុងសង្គមដដែរ ដែលទៀមទាអោយកម្លាំងរបស់យើងមានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់នេះ។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានបន្តទៀតថា៖ ព្រឹត្តិការណ៍បាល់ទាត់នៅថ្ងៃទី២៩ធ្នូនេះនឹងមានការអញ្ចើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា ស្ថាប័នព្រឹទ្ធសភា ស្ថាប័នរដ្ឋសភា មន្ត្រីរាជការ ភ្ញៀវជាតិ អន្តរជាតិ យុវជន មហាជន ចូលរួមប្រមាណជាង៤ម៉ឺននាក់។ដូច្នេះអ្វីដែលយើងត្រូវអនុវត្តគឺកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋដែលទៅចូលរួម៕