ព្រឹត្តិការណ៍ Gumball 3000 នឹងមកដល់ទឹកដីព្រះរាជាណាចក្រកម្ពុជា នាព្រឹកស្អែកនេះ

ព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ដែលជាទីចាប់អារម្មណ៍ របស់ប្រជាពលរដ្ឋ គ្រប់គ្នានោះ នឹងចាប់ផ្ដើម ជាផ្លូវការ ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ស្អែកនេះ ក្នុងនោះក្រុមការងារ ក្រសួង-ស្ថាប័ន របស់រាជរដ្ឋាភិបាល សហការ ជាមួយ ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានផ្ដួចផ្ដើមឱ្យមានយុទ្ធនាការ ដើម្បីជាប្រយោជន៍ធំធេង សម្រាប់វិស័យទេសចរណ៍ វប្បធម៌ សប្បុរសធម៌ ធុរកិច្ច ក៏ដូចជាលើកស្ទួយកិត្យានុភាពប្រទេសជាតិផងដែរ។ព្រឹត្តការណ៍ Gumball 3000 Rally in Cambodia មានកម្មវិធីសំខាន់រួមមាន៖ នៅថ្ងៃទី១៥ ខែកញ្ញា៖ ប្រតិភូ Gumball 3000 ធ្វើដំណើរចាកចេញពី ទីក្រុងហូជីមិញ ប្រទេសវៀតណាម ចូលមកកាន់ ប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ដើម្បីឆ្ពោះមកកាន់ រាជធានីភ្នំពេញ។ ហើយនៅ រាជធានីភ្នំពេញ នឹងមានព្រឹត្តិការណ៍ ប្រគំតន្ត្រីមហាជន ទទួលស្វាគមន៍ គណៈប្រតិភូ Gumball 3000 ជាពិសេស ក៏មានការតាំងបង្ហាញ រថយន្ត នៅតាមបណ្ដោយផ្លូវខាងកើត វិមានឯករាជ្យ រហូតដល់ រង្វង់មូល សម្ដេចព្រះសង្ឃរាជ ជួន ណាត និងសួនច្បារមុខ វត្តបទុមវតី។ នៅថ្ងៃទី១៦ ខែកញ្ញា៖ គណៈប្រតិភូ Gumball 3000 ចាកចេញ ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ដោយមាន រថយន្តប្រតិភូ Gumball 3000 ប្រមាណ១២០គ្រឿង និងរថយន្ត មហាជនគាំទ្រ ក្នុងស្រុកប្រមាណជាង៣០០គ្រឿង។ ទៅដល់ខេត្តសៀមរាប នាពេលរសៀល គណៈប្រតិភូ Gumball 3000 នឹងជិះរថយន្ត ចូលទៅទស្សនាប្រាសាទអង្គរវត្ត ទស្សនាទេសភាព ថ្ងៃលិច នៅប្រាសាទប្រែរូប។ ក្រៅពីនេះ ក៏មានការតាំងបង្ហាញរថយន្ត Sport Cars, Super Cars & Luxury Cars នៅមុខសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប និងតាមបណ្ដោយផ្លូវស្របនឹងព្រះអង្គចេកព្រះអង្គចម សរុបប្រមាណ១២០គ្រឿង។ បន្ទាប់មក ប្រតិភូ Gumball 3000 អញ្ជើញធ្វើដំណើរតាមរថយន្តក្រុងទៅកាន់សណ្ឋាគារ Raffles Grand Hotel d’Angkor។ នារាត្រីថ្ងៃទី១៦នោះដែរ ក៏នឹងមានវេទិកាធុរកិច្ចរវាងប្រតិភូ Gumball 3000 និងវិស័យឯកជនក្នុងស្រុក ព្រមទាំងចូលរួមរាត្រីស្រមោលស ទស្សនាការសម្ដែងនូវរបាំប្រពៃណីខ្មែរ និងទស្សនីយភាពដ៏អស្ចារ្យជាច្រើនទៀត នៅមុខប្រាសាទបាយ័ន្ត ខេត្តសៀមរាប ។នៅថ្ងៃទី១៧ ខែកញ្ញា៖ គណៈប្រតិភូ Gumball 3000 អញ្ជើញ ទៅទស្សនាថ្ងៃរះ នៅប្រាសាទអង្គវត្ត និងមានការតាំងបង្ហាញ រថយន្តប្រតិភូ Gumball និងរថយន្ត ក្នុងស្រុក Sport Car, Super Car, Luxury Car ដើម្បីបំបែកកំណត់ត្រា Guinness World Records មុខប្រាសាទអង្គរវត្ត។ បន្ទាប់មក គណៈប្រតិភូ Gumball 3000 នឹងធ្វើដំណើរចាកចេញពីខេត្តសៀមរាប ឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីបន្តដំណើរទៅប្រទេសថៃ មុនបន្តឆ្លងកាត់ប្រទេសម៉ាឡេស៊ី និងជាពិសេសព្រឹត្តិការណ៍ Gumball 3000 នឹងបញ្ចប់ នៅប្រទេសសិង្ហបុរី ៕